ក្នុងវ័យ ៣២ឆ្នាំ Han So-hee បានជ្រើសរើស “ការសរសេរកំណត់ហេតុ” ជាប្រចាំថ្ងៃជាវិធីសាស្រ្តថ្មីក្នុងការគ្រប់គ្រងស្ថានភាពផ្លូវចិត្ត។

ផ្អែកតាមសារព័ត៌មាន The Korea Times ក្នុងគ្រាកន្លងមក Han So-hee បានពឹងផ្អែកទាំងស្រុងទៅលើការហាត់ប្រាណដើម្បីកាត់បន្ថយភាពតានតឹងជាប្រចាំថ្ងៃ។ តែបច្ចុប្បន្ន តារាសម្ដែងរូបនេះបានរកឃើញវិធីថ្មី ដោយនិយាយថា៖ “សព្វថ្ងៃនេះ ខ្ញុំសរសេរកំណត់ហេតុ។ ការសរសេរកំណត់ហេតុជួយបានច្រើនណាស់ក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង”។
ខណៈពេលដែលនិន្នាការនៃ ការតុបតែងសៀវភៅកំណត់ហេតុ ឬ Decorating diaries កំពុងបន្តទទួលបានប្រជាប្រិយភាពក្នុងចំណោមមនុស្ស Gen Z និង Millennials តារាស្រីបានឱ្យដឹងថា ការចាប់ផ្ដើមសរសេរកំណត់ហេតុនៅដើមឆ្នាំបែបនេះ បានជួយឱ្យចិត្តរបស់នាងស្ងប់។
ជាក់ស្ដែង សម្រាប់យុវជនជាច្រើន សៀវភៅកំណត់ហេតុគឺជាអ្វីដែលលើសពីកន្លែងសម្រាប់កត់ត្រារឿងរ៉ាវប្រចាំថ្ងៃ។ វាគឺជាកន្លែងសម្រាប់រៀបចំផែនការ ការងារ គោលដៅ អារម្មណ៍ និងការឆ្លុះបញ្ចាំងពីខ្លួនឯង ដែលជួយឱ្យបុគ្គលម្នាក់ៗអាចមើលថែខ្លួនឯងបានកាន់តែប្រសើរជាងមុន។

លើសពីនេះទៀត ការតុបតែងសៀវភៅកំណត់ហេតុជាមួយស្ទីកគ័រ និងការច្នៃប្រតិដ្ឋតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន អនុញ្ញាតឱ្យម្ចាស់អាចបង្ហាញពីរសនិយម ដែលជាជំនួយដល់ការបន្ធូរបន្ថយភាពតានតឹង និងការព្យាបាលផ្លូវចិត្តក្នុងពេលតែមួយ។
ការបំប្លែងអារម្មណ៍ទៅជាអក្សរ ជាការជួយរៀបរៀងខួរក្បាលឱ្យមានរបៀប ដែលនាំឱ្យស្ងប់អារម្មណ៍ កាត់បន្ថយស្រ្តេស រក្សាស្ថិរភាពផ្លូវចិត្ត និងជួយឱ្យយល់ពីខ្លួនឯងកាន់តែច្បាស់ ជាផ្នែកមួយកាត់បន្ថយពីអាការៈការថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត។ សកម្មភាពដែលអាចហៅបានថាជា “ការតាមដានស្ថានភាពផ្លូវចិត្តរបស់ខ្លួនជាប្រចាំថ្ងៃដោយស្មោះត្រង់” នេះ នឹងជួយឱ្យបុគ្គលម្នាក់ៗអាចដឹងពីប្រភពនៃភាពតានតឹង និងទុក្ខកង្វល់ផងដែរ។
ការកត់ត្រាចំណុចល្អៗ ឬ Gratitude journal ទន្ទឹមគ្នានឹងកំណត់ត្រាអារម្មណ៍ ក៏ផ្ដល់អត្ថប្រយោជន៍មួយបន្ថែមទៀត ដែលអាចជួយបញ្ចប់ថ្ងៃនីមួយៗរបស់អ្នកជាមួយនឹងភាពវិជ្ជមាន អារម្មណ៍រីករាយ និងបណ្ដុះគំនិតឱ្យមើលពិភពលោកក្នុងផ្លូវល្អ។ អ្នកជំនាញបានណែនាំថា ចំណុចល្អៗដែលអ្នកកត់ត្រានោះមិនចាំបាច់ជារឿងធំដុំអ្វីនោះទេ តែអ្នកអាចរីករាយជាមួយនឹងរឿងរ៉ាវតូចៗ ដូចជា “កាហ្វេមួយកែវដ៏ឈ្ងុយឆ្ងាញ់” ឬ “ចរាចណ៍ដែលមិនកកស្ទះ” ជាដើម។

បន្ថែមពីនេះ ការសរសេរផែនការការងារសម្រាប់ថ្ងៃបន្ទាប់ ហើយរៀបរៀងលើអាទិភាព និងសារៈសំខាន់នៃការងារទាំងនោះ អាចជួយគ្រប់គ្រងពេលវេលាបានយ៉ាងមានប្រសិទ្ធភាព មិនធ្វើឱ្យអ្នកប្រញាប់ ឬខកខានមិនបានបញ្ចប់ការងារណាមួយ។ នេះក៏ជាវិធីសាស្រ្តមួយក្នុងការកាត់បន្ថយភាពតានតឹងផងដែរ។ ក្រោយបំពេញកិច្ចការហើយ អ្នកគួរបញ្ចប់ថ្ងៃដ៏ហត់នឿយរបស់អ្នក តាមរយៈពាក្យលើកទឹកចិត្តខ្លួនឯង។ តួយ៉ាង អ្នកអាចនិយាយថា “ថ្ងៃនេះខ្ញុំធ្វើការបានល្អណាស់”។
រឿងមួយទៀត ដែលសំខាន់មិនចាញ់ចំណុចខាងលើទាំងអស់នោះ គឺវិធីសាស្រ្តក្នុងការសរសេរ។ បច្ចុប្បន្ននេះ មនុស្សជាច្រើនអាចនឹងនិយមក្នុងការកត់ត្រាតាមបែបឌីជីថល តែអ្នកជំនាញបានណែនាំថា ការកត់ត្រាតាមរយៈសៀវភៅ និងប៊ិក គឺជាវិធីសាស្រ្តមួយដែលអាចជួយឱ្យចិត្តរបស់អ្នកស្ងប់បាន។
សម្រាប់ការចាប់ផ្ដើមដំបូង អ្នកមិនចាំបាច់ត្រូវតែសរសេរកំណត់ហេតុទាំងនោះឱ្យវែង ឬល្អឥតខ្ចោះនោះទេ តែគួរផ្តោតទៅលើភាពស្មោះត្រង់ចំពោះអារម្មណ៍ខ្លួនឯង បើទោះបីជាកំណត់ត្រានោះមានត្រឹមតែ ៣បន្ទាត់ក៏គ្រប់គ្រាន់ហើយ៕























































Account
Security
Favourite Content