ថ្មីៗនេះអាកាសធាតុហាក់ដូចជាប្រែប្រួលមិនទៀងដែលជាហេតុបណ្ដាលឱ្យស្បែកងាយឡើងប្រតិកម្ម ឬស្ងួតជាដើម។ ការថែរក្សា និងបំប៉នស្បែកឡើងវិញតាមតែការប្រើប្រាស់ផលិតផលមិនទាន់គ្រប់គ្រាន់ទេ។ មានន័យថាការផ្ដល់សារធាតុចិញ្ចឹមពីខាងក្នុងក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ ជាពិសេសគឺការទទួលអាហារ។ ចំពោះអាហារទាំងនោះរួមមាន៖
១. បន្លែផ្លែឈើសម្បូរវីតាមីន C
ម្ទេសប្លោក ផ្លែគីវី ផ្កាខាត់ណាខៀវ និងផ្លែក្រូចគ្រប់ប្រភេទជាដើមគឺសុទ្ធតែមានផ្ទុកនូវវីតាមីន C ដែលអាចប្រឆាំងអុកស៊ីតកម្ម ព្រមទាំងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ស្បែកទៀតផង។ មិនតែប៉ុណ្ណោះ វីតាមីន C ក៏មានអាចជួយជំរុញការផលិតខូឡាជែន និងប្រឆាំងការខូចខាតពីកាំរស្មី UV នៃពន្លឺព្រះអាទិត្យផងដែរ។
២. ផ្លែឈើមានសារធាតុ Polyphenols
សារធាតុ Polyphenols ដែលនៅក្នុងផ្លែឈើបានដើរតួជាអ្នកប្រឆាំងនឹងអុកស៊ីតកម្ម និងជួយឱ្យស្បែកមានសុខភាពល្អមិនចាញ់វីតាមីន C ឡើយ។ លើសពីនេះ សារធាតុ Polyphenols ក៏អាចជួយពង្រឹងការប្រឆាំងរ៉ាឌីកាល់សេរី រក្សាភាពរឹងមាំនៃស្បែក កាត់បន្ថយការរលាក និងការបំផ្លាញពីពន្លឺព្រះអាទិត្យផងដែរ។ ចំណែកផ្លែឈើដែលសម្បូរសារធាតុ Polyphenols មានដូចជាផ្លែទំពាំងបាយជូរ ផ្លែទទឹម និងផ្លែបឺរីជាដើម។
៣. បន្លែផ្លែឈើសម្បូរបេតាការ៉ូទីន

ផ្លែត្រសក់ស្រូវផ្អែម ការ៉ុត ស្វាយ និងបន្លែស្លឹកបៃតងសុទ្ធតែមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម។ មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកនូវសារធាតុបេតាការ៉ូទីនដែលជាប្រភពនៃវីតាមីន A អាចកាត់បន្ថយស្នាមជ្រីវជ្រួញ និងការរលាកបានយ៉ាងល្អ។
៤. សណ្ដែក
ការទទួលទានសណ្ដែកសៀង សណ្ដែកបារាំង និងអាហារធ្វើពីសណ្ដែកគឺអាចជួយពង្រឹងសុខភាពបានយ៉ាងល្អ។ ជាក់ស្ដែងសណ្ដែកសៀងមានផ្ទុកនូវសារធាតុ isoflavones ដែលអាចជួយបង្កើតអរម៉ូនអឹស្រ្តូសែន ក៏ដូចជាស្ដារស្បែកស្ងួត ជ្រីវជ្រួញ និងមានរបួសឱ្យឆាប់ប្រសើរឡើងវិញផងដែរ។ ជាមួយគ្នានេះ ការទទួលទានសណ្ដែកសៀង ឬអាហារធ្វើពីសណ្ដែកអាចជួយផ្ដល់សំណើម និងបង្កើនភាពបត់បែននៃស្បែកទៀតផង។
៥. គ្រាប់ធញ្ញជាតិទាំងមូល (whole grains)
តាមការសិក្សាបានបង្ហាញថាការទទួលទានគ្រាប់ធញ្ញជាតិ ឬអាចហៅបានថាជា whole grains ជាប្រចាំអាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ និងស្នាមអុជខ្មៅបាន។ ជាមួយគ្នានេះដែរ ជាការប្រសើរខ្លាំងមែនទែន ប្រសិនបើយើងជ្រើសយកការញ៉ាំគ្រាប់ធញ្ញជាតិដែលមានអូមេហ្គា ៣ ច្រើន។ ដោយសារអាស៊ីតខ្លាញ់ប្រភេទនេះអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរពីការបំផ្លាញរបស់ពន្លឺព្រះអាទិត្យ និងភាពយារធ្លាក់របស់ស្បែកផងដែរ។
៦. សាច់ត្រី
ប្រភេទសាច់ត្រីដែលមានអាស៊ីតខ្លាញ់អូមេហ្គា ៣ ដូចជាត្រីសាល់ម៉ុន ឬត្រីសាឌីនជាដើមគឺពិតជាមានប្រយោជន៍ជាច្រើនដល់សុខភាព។ អាស៊ីតខ្លាញ់មួយនេះមានគុណសម្បត្តិក្នុងការកាត់បន្ដយការរលាក ព្យាបាលរបួសលើស្បែកដូចជាអាឡែកស៊ីជាដើម។ ជាពិសេស វាក៏អាចជួយកាត់បន្ថយការកើតមុន និងជំងឺ psoriasis ថែមទៀតផង។
៧. ទឹក
នៅពេលដែលយើងផឹកទឹកកាន់តែច្រើន កាន់តែមានប្រយោជន៍ដល់សុខភាព។ ដោយសារតែកោសិកាស្បែកត្រូវការសំណើមដល់ទៅ ៦៤% ដូច្នេះបញ្ហាខ្សោះជាតិទឹកនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទាំងសុខភាពរាងកាយ និងសុខភាពស្បែកផងដែរ។ មិនតែប៉ុណ្ណោះ ការខ្សោះជាតិទឹកក៏អាចបណ្ដាលឱ្យស្បែកស្ងួត ឆាប់ឡើងស្នាមជ្រីវជ្រួញ និងអុជខ្មៅទៀតផង។
៨. កាហ្វេ
ការផឹកកាហ្វេយ៉ាងច្រើន ២ ទៅ ៣ កែវក្នុងមួយថ្ងៃក៏អាចជួយដោះស្រាយបញ្ហាស្បែកបានដែរដោយសារវាមានជាតិទឹកក្នុងនោះប្រហែល ៩៩%។ ស្របគ្នានេះដែរ សារធាតុ polyphenols ដែលនៅក្នុងកាហ្វេមានគុណសម្បត្តិជួយកាត់បន្ថយស្នាមអុជខ្មៅ ស្បែកស្ងួត និងស្នាមសង្វារទៀតផង។
៩. តែបៃតង
មិនខុសគ្នាពីកាហ្វេនោះទេ តែបៃតងក៏ជាភេសជ្ជៈមួយប្រភេទដែលជួយផ្ដល់សំណើមដល់ស្បែកបានយ៉ាងល្អដែរ។ តាមការសិក្សាបានបង្ហាញថាតែបៃតងអាចជួយកាត់បន្ថយស្បែកគ្រើម ស្នាមជ្រីវជ្រួញ និងជំរុញភាពបត់បែននៃស្បែកថែមទៀតផង៕

























Account
Security
Favourite Content