វីតាមីន B12 គឺជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់រាងកាយដោយជួយផ្ដល់ថាមពល ជំរុញដំណើរការនៃប្រព័ន្ធប្រសាទ និងសម្រួលដល់សុខភាពផ្លូវចិត្តផងដែរ។ ជាមួយគ្នានេះ ទោះបីជាវីតាមីនត្រូវបានរកឃើញនៅក្នុងអាហារជាច្រើនក៏ដោយ ប៉ុន្តែរាងកាយរបស់យើងក៏នៅតែអាចមានបញ្ហាកង្វះវីតាមីនដដែល។ ដូច្នេះប្រសិនបើចង់ដឹងថាខ្លួនឯងមានបញ្ហាកង្វះវីតាមីន B12 ឬអត់អាចមើលនូវរោគសញ្ញាទាំង ៦ ខាងក្រោមនេះបាន៖
១. នឿយហត់
ប្រសិនបើមានអារម្មណ៍ថានឿយហត់អស់កម្លាំងអាចជាសញ្ញានៃបញ្ហាកង្វះវីតាមីន B12។ ដោយសារតែកម្រិតវីតាមីន B12 មានមិនគ្រប់គ្រាន់ទើបធ្វើឱ្យការផលិតកោសិកាឈាមក្រហមត្រូវបានកាត់បន្ថយ និងបង្អាក់ការបញ្ជូនអុកស៊ីសែនទៅកាន់សរីរាង្គផ្សេងៗក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ បញ្ហាកង្វះវីតាមីន B12 ក៏អាចបណ្ដាលឱ្យមានភាពស្លេកស្លាំងផងដែរ។
២. ឈឺក្បាល
ក្រៅពីមានអាការៈនឿយហត់ កង្វះវីតាមីន B12 ក៏អាចនាំឱ្យមានផលប៉ះពាល់ដល់សរសៃប្រសាទ រួមទាំងការឈឺក្បាលផងដែរ។ ជាការពិតអាការៈឈឺក្បាលគឺជារោគសញ្ញាមួយក្នុងរោគសញ្ញាទូទៅនៃការខ្វះវីតាមីន B12 សម្រាប់មនុស្សគ្រប់វ័យ។ តាមការសិក្សាមួយបញ្ហាថាអ្នកដែលមានកម្រិតវីតាមីន B12 ទាបគឺងាយប្រឈមនឹងជំងឺឈឺក្បាលប្រកាំងជាងអ្នកមានកម្រិតវីតាមីនធម្មតា។
៣. ធ្លាក់ទឹកចិត្ត
វីតាមីន B12 គឺចាំបាច់សម្រាប់ដំណើរការត្រឹមត្រូវនៃប្រព័ន្ធសរសៃប្រសាទកណ្តាល ហើយការខ្វះសារធាតុចិញ្ចឹមនេះអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យើងបានយ៉ាងងាយ។ ជាពិសេស កង្វះវីតាមីន B12 ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនូវហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ នៅពេលរាងកាយកាន់តែមានភាពតានតឹង ការវិវត្តទៅជាជំងឺបាក់ទឹកចិត្តក៏កាន់តែលឿន ថែមទាំងបណ្ដាលឱ្យខូច DNA និងងាប់កោសិកាមួយចំនួនទៀតផង។
៤. បញ្ហាក្រពះពោះវៀន
បញ្ហាក្រពះពោះរៀនអាចបណ្ដាលមកពីមូលហេតុច្រើនដូចជាអាឡែកស៊ីអាហារអាហារ ថ្នាំ និងការឆ្លងមេរោគផ្សេងៗជាដើម។ ប៉ុន្តែក្នុងចំណោមមូលហេតុទាំងនោះ បញ្ហាកង្វះវីតាមីន B12 ក៏ជាចំណែកមួយដែរ។ ចំពោះអាការៈវិញមានដូចជារាគ ចង្អោរ ទល់លាមក ហើមពោះ និងរោគសញ្ញានៃក្រពះពោះវៀនផងដែរ។
៥. ភ្លេចភ្លាំង និងការចងចាំខ្សោយ
កង្វះវីតាមីន B12 ពិតជាមានផលប៉ះពាល់ខ្លាំងដល់សរសៃប្រសាទកណ្ដាលដែលបណ្ដាលឱ្យអារម្មណ៍វិលមុខ និងពិបាកក្នុងការផ្ដោតអារម្មណ៍មែនទែន។ មិនតែប៉ុណ្ណោះ ការចងចាំនឹងកាន់តែចុះខ្សោយនៅពេលដែលកម្រិតវីតាមីន B12 ក្នុងរាងកាយធ្លាក់ចុះ។
៦. ស្ពឹកដៃជើង
ក្រៅពីអាការៈខាងលើ បញ្ហាកង្វះវីតាមីន B12 ក៏អាចធ្វើឱ្យយើងមានអារម្មណ៍ក្ដៅបាតដៃបាតជើង ឬដូចមានម្ជុលចាក់នៅតំបន់មួយចំនួននៃរាងកាយ ឬស្ពឹកជាដើម។ ប៉ុន្តែរោគសញ្ញាទាំងនេះក៏អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺទឹកនោមផ្អែមផងដែរ។
លើសពីនេះទៅទៀត អ្នកដែលមានជំងឺទឹកនោមផ្អែមក៏ប្រឈមនឹងហានិភ័យនៃកង្វះវីតាមីន B12 ខ្ពស់ដែរព្រោះថ្នាំសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមមួយចំនួនអាចកាត់បន្ថយការស្រូបយកវីតាមីន B12 នៅក្នុងខ្លួនបាន៕




















































Account
Security
Favourite Content