ការកើនឡើងកម្រិតជាតិស្ករក្នុងឈាមនឹងធ្វើឱ្យរាងកាយផលិតអាំងស៊ុយលីនកាន់តែច្រើនដើម្បីបំប្លែងជាតិស្ករទៅជាខ្លាញ់ និងរក្សាទុកក្នុងខ្លួន។ ប្រសិនបើយើងញ៉ាំអាហារផ្អែមច្រើននឹងធ្វើឱ្យរាងកាយផលិតអាំងស៊ុយលីនខុសប្រក្រតីដែលបង្កជាជំងឺទឹកនោមផ្អែម។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកនូវអាហារ ៥ មុខជួយគ្រប់គ្រងជាតិស្ករក្នុងឈាមដែលណែនាំដោយជនជាតិជប៉ុន៖
១. ខ្ទឹមបារាំង
ខ្ទឹមបារាំងមានផ្ទុកសារធាតុម្យ៉ាងហៅថា isoalliin ដែលមានប្រសិទ្ធភាពជួយដល់ដំណើរការនៃអាំងស៊ុយលីនដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ ដូច្នេះបរិមាណដែលគួរទទួលទានដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមគឺប្រមាណប្រហែលមួយចំណិត ឬមួយចំហៀងក្នុងមួយថ្ងៃទាំងឆៅ ឬចម្អិនជាការប្រសើរ។
២. ផ្លែប័រ
ផ្លែប័រសម្បូរទៅដោយអាស៊ីតខ្លាញ់មិនឆ្អែតដែលបន្ថយលំហូរជាតិស្ករទៅក្នុងសរសៃឈាម។ ដូច្នេះហើយទើបវាអាចការពារការកើនឡើងកម្រិតជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័ស។ លើសពីនេះ ផ្លែប័រក៏សម្បូរទៅដោយជាតិសរសៃដែលជួយបន្ថាយការស្រូបយកជាតិស្ករពីក្នុងអាហារទៅរាងកាយផងដែរ។
៣. ត្រីសាបាក់
ត្រីសាបាក់សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន D ដែលធ្វើការរួមគ្នាដើម្បីជួយសម្រួលដល់ការបញ្ចេញអាំងស៊ុយលីនមានលក្ខណៈធម្មតា។ លើសពីនេះ សូម្បីតែត្រីប្រភេទផ្សេងក៏មានកាបូអ៊ីដ្រាតទាបដែលបន្ទាបកម្រិតហានិភ័យនៃការកើនឡើងនៃកម្រិតជាតិស្ករក្នុងឈាម។ ខណៈអាស៊ីតខ្លាញ់ និងវីតាមីននៅក្នុងត្រីអាចជួយកាត់បន្ថយបញ្ហាសរសៃឈាមបេះដូង រក្សាកម្រិតកូឡេស្តេរ៉ុល ពង្រឹងឆ្អឹង និងធ្វើឱ្យមុខងារខួរក្បាលប្រសើរឡើងផងដែរ។
៤. ទំពាំងបារាំង
គ្រាប់ និងជាតិសរសៃនៅក្នុងទំពាំងបារាំងអាចជួយកាត់បន្ថយជាតិស្ករក្នុងឈាម និងស្រូបយកជាតិស្ករជាដើម។ មិនតែប៉ុណ្ណោះ សារធាតុ pectin ក្នុងទំពាំងបារាំង (សារធាតុស្អិត) ក៏អាចជួយបន្ថយការកើនឡើងនៃកម្រិតជាតិស្ករក្នុងឈាមបន្ទាប់ពីទទួលទានអាហារដែរ។ ហើយវាក៏សម្បូរទៅដោយម៉ាញ៉េស្យូម និងស័ង្កសីដែលអាចជួយឱ្យដំណើរការរបស់អាំងស៊ុយលីនកាន់តែប្រសើរឡើង។
៥. ស្រូវសាលី
ស្រូវសាលីសម្បូរទៅដោយសារធាតុ beta-glucan ដែលជាជាតិសរសៃរលាយអាចជួយការពារការកើនឡើងកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងល្អ។ លើសពីនេះទៀត ភាពសម្បូរបែបនៃ beta-glucan នឹងធ្វើឱ្យយើងមានអារម្មណ៍ឆ្អែតលឿនជាងមុន និងកាត់បន្ថយចំណង់អាហារផងដែរ៕