ជាទូទៅសម្រាប់មនុស្សដែលអង្គុយច្រើន ឬធ្វើការធ្ងន់ៗអាចនឹងមានភាគរយខ្ពស់ដែលប្រឈមមុខនឹងការឈឺចុករោយឆ្អឹងឆ្អែង ជាពិសេសខ្នងតែម្ដង។ ដូច្នេះវាទាមទារឱ្យមានការថែរក្សាឆ្អឹងខ្នងឱ្យបានល្អ ក្រៅទម្លាប់រស់នៅហើយ ការជ្រើសរើសរបបអាហារក៏អាចជួយបំប៉ន និងពង្រឹងសុខភាពឆ្អឹងខ្នងបានដែរ។ ថ្ងៃនេះ AMS នឹងចែករំលែកនូវវីតាមីនទាំង ៤ ប្រភេទដែលល្អសម្រាប់អ្នកចង់ឱ្យឆ្អឹងខ្នងរឹងមាំ៖
១. ខូឡាជែន

រាងកាយរបស់យើងអាចបង្កើតខូឡាជែនបានដោយខ្លួនឯង ប៉ុន្តែវានឹងចាប់ផ្ដើមថយចុះនៅពេលដែលអាយុយើងកាន់តែច្រើន។ ជាក់ស្ដែងនៅពេលដែលអាយុយើងកាន់តែវិវត្តទៅ យើងមានអារម្មណ៍ថាឈឺឆ្អឹងឆ្អែងដែលនេះគឺជាសញ្ញាមួយបញ្ជាក់ថាយើងកំពុងខ្វះខូឡាជែនហើយ។ ដូច្នេះយើងគួរតែញ៉ាំអាហារណាដែលមានខូឡាជែនគ្រប់គ្រាន់ដើម្បីជួយសម្រួលទៅដល់សុខភាពឆ្អឹង។
២. អូមេហ្គា ៣

អូមេហ្គា ៣ គឺជាអាស៊ីតខ្លាញ់ដែលអាចជួយបំបាត់ការរលាក និងការឈឺចាប់សន្លាក់។ យោងតាមការស្រាវជ្រាវបានបង្ហាញថាសារធាតុចិញ្ចឹមនេះអាចកាត់បន្ថយការឈឺចាប់ចំពោះអ្នកដែលមានជំងឺរលាកសន្លាក់ និងកាត់បន្ថយការឈឺសន្លាក់។ មិនតែប៉ុណ្ណោះ វាក៏អាចជួយការពារយើងពីការកើតជំងឺសន្លាក់ផងដែរ។
៣. វីតាមីន D

ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការបន្ថែមវីតាមីន D អាចជួយកាត់បន្ថយការឈឺសន្លាក់ និងរលាក។ ដោយសារតែវីតាមីន D អាចជួយឱ្យរាងកាយស្រូបយកជាតិកាល់ស្យូមដែលក្រៅពីជួយបំប៉នឆ្អឹងហើយ ថែមទាំងជួយដល់ធ្មេញ និងក្រចកផងដែរ។
៤. វីតាមីន E

វីតាមីន E ច្រើនតែត្រូវបានគេគិតថាជាគ្រឿងផ្សំក្នុងការថែរក្សាស្បែក និងពង្រឹងប្រព័ន្ធភាពស៊ាំ។ លើសពីនេះ វាក៏ជាវីតាមីនជួយសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ តាមការសិក្សាមួយចំនួនបានបង្ហាញថាវីតាមីន E អាចជួយពន្យឺតការវិវត្តនៃជំងឺរលាកសន្លាក់ឆ្អឹង និងជំរុញការលូតលាស់នៃកោសិកាឆ្អឹងខ្ចីថ្មីទៀតផង៕

























Account
Security
Favourite Content