ម៉ាស៊ីនត្រជាក់ងាយនឹងស្រូបយកជាតិសំណើមពីស្បែកដែលនាំឱ្យមានបញ្ហាជាដូចជាស្ងួត ប្រេះ ស្រអាប់ និងពន្លឿនភាពចាស់។ ជាពិសេសឥលូវនេះជាខែក្ដៅទៀត យើងកាន់តែត្រូវការម៉ាស៊ីនត្រជាក់ ដូច្នេះប្រសិនបើមិនបាន ថែរក្សាស្បែកឱ្យបានត្រឹមត្រូវទេ នោះសុខភាពស្បែកច្បាស់ជាយ៉ាប់យ៉ឺនខ្លាំងមែនទែន។ សម្រាប់គន្លឹះថែរក្សាស្បែកទាំងនោះមានដូចជា៖
១. មិនត្រូវភ្លេចឡេផ្ដល់សំណើម៖ ម៉ាស៊ីនត្រជាក់ និងពន្លឺព្រះអាទិត្យសុទ្ធតែជាភ្នាក់ងារគ្រោះថ្នាក់ដែលស្រូបយកជាតិសំណើមពីក្នុងស្បែក។ ប្រសិនបើយើងមិនបានលាបឡេផ្ដល់សំណើមឱ្យបានទៀងទាត់នោះទេ វានឹងធ្វើឱ្យស្បែកឡើងស្រអាប់ ស្ងួត និងក្រៀមប្រេះជាដើម។
២. ត្រូវលាបឡេការពារកម្ដៅថ្ងៃឡើងវិញ៖ សូម្បីតែអង្គុយតែក្នុងការិយាល័យក៏ស្បែករបស់យើងនៅរងឥទ្ធិពលពីម៉ាស៊ីនត្រជាក់ និងកាំរស្មីដែលចេញពីអេក្រង់កុំព្យូទ័រដដែល។ ដូច្នេះយើងចាំបាច់ត្រូវតែលាបឡេការពារកម្ដៅថ្ងៃឡើងវិញរាល់ ២ ម៉ោងម្ដងដើម្បីកាត់បន្ថយការបំផ្លាញស្បែកមុខ។
៣. ដាក់ទឹកបាញ់មុខជាប់តាមខ្លួន៖ ទឹកបាញ់មុខគឺជាមធ្យោបាយដែលងាយស្រួលបំផុតក្នុងការផ្ដល់សំណើមភ្លាមៗដល់ស្បែក។ មិនតែប៉ុណ្ណោះ វាក៏អាចជួយឱ្យរក្សាស្បែកមានភាពភ្លឺថ្លា និងទន់រលោងផងដែរ។ ដូច្នេះយើងគួរតែជ្រើសរើសទឹកបាញ់មុខមានសារធាតុផ្សំដូចជាគ្លីសេរីន ឬអាស៊ីត hyaluronic ដែលអាចផ្ដល់សំណើមបានជ្រៅ និងសភ្លឺថ្លា។
៤. ផឹកទឹកឱ្យច្រើន៖ បើទោះបីជាយើងខំថែរក្សាស្បែកពីខាងក្រៅយ៉ាងណា ប្រសិនបើធ្វេសប្រហែសថែទាំពីខាងក្នុងទៅ វានៅតែមិនមានប្រយោជន៍ដដែល។ បែបនេះហើយទើបការផឹកទឹកឱ្យច្រើនគឺជារឿងសំខាន់ខ្លាំងមែនទែនដើម្បីឱ្យមានភាពភ្លឺថ្លា និងកម្ចាត់ជាតិពុលចេញពីក្នុងខ្លួន។ ដូច្នេះយើងត្រូវផឹកទឹកយ៉ាងហោចណាស់ ១ ទៅ ២ លីត្រក្នុងមួយថ្ងៃ។ លើសពីនេះ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏ជួយយើងឱ្យជៀសផុតពីការប្រេះបបូរមាត់ និងរបកដោយសារខ្យល់ម៉ាស៊ីនត្រជាក់ដែរ៕