ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី ឬ Tourism Malaysia បានបន្តកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរកម្ពុជាឱ្យទៅទស្សនាប្រទេសម៉ាឡេស៊ី តាមរយៈការចូលរួមកម្មវិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅក្នុងខេត្តកែប កាលពីថ្ងៃទី ០១-០៣ ខែធ្នូ ឆ្នាំ២០២៣។

អ្នកទេសចរកម្ពុជា គឺជាគោលដៅភ្ញៀវទេសចរសំខាន់មួយសម្រាប់ប្រទេសម៉ាឡេស៊ីដោយ ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី ដែលមានការិយាល័យប្រចាំនៅទីក្រុងភ្នំពេញតែងតែចូលរួមសហការសកម្មជាមួយក្រសួងទេសចរណ៍កម្ពុជា តាមរយៈព្រឹត្តិការណ៍នានាដែលក្រសួងតែងរៀបចំដែលមានដូចជា Cambodia Travel Mart កម្មវិធី ASEAN tourism forum កម្មវិធីបុណ្យទន្លេ ក៏ដូចជាបុណ្យសមុទ្រនេះ។
បើតាម អ្នកស្រី ពត រ៉ានី ប្រធានផ្នែកទីផ្សារនៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ការចូលរួមកម្មវិធីបុណ្យសមុទ្រឆ្នាំ២០២៣ នេះមិនមែនជាលើកទី១ នោះទេ ដោយភាគីម៉ាឡេស៊ីតែងចូលរួមស្ទើរតែរាល់ឆ្នាំ ព្រមទាំងកម្មវិធីមួយចំនួនផ្សេងទៀតដែលរៀបចំដោយក្រសួងទេសចរណ៍ក្នុងគោលដៅផ្សព្វផ្សាយពីម៉ាឡេស៊ី និងជំរុញលំហូរអ្នកទេសចរនៃប្រទេសទាំងពីរផងដែរ។


លើសពីនេះ តំណាងអ្នកស្រីបានបញ្ជាក់ឱ្យដឹងថា៖ «យើងបានចូលរួមកម្មវិធីបុណ្យសមុទ្រចំនួន ៦ ដងហើយក្នុងចំណោម១០ដង ដោយលើកទី១ យើងបានចូលរួមកាលពីឆ្នាំ ២០១៣ បន្តមកទៀត ឆ្នាំ ២០១៤ ២០១៥ ២០១៦ ២០២២ និងឆ្នាំ ២០២៣នេះ ហើយក្រៅពីបុណ្យសមុទ្រ យើងក៏បានចូលរួមកម្មវិធីជាច្រើនផ្សេងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទាំងចូលរួមដោយផ្ទាល់ និងតំណាងឱ្យស្ថានទូតម៉ាឡេស៊ីនៅកម្ពុជា»។
គួរជម្រាបថា ពិធីបុណ្យសមុទ្រលើកទី១០ ត្រូវបានបិទបញ្ចប់នៅខេត្តកែប កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីប្រកាសបិទបុណ្យសមុទ្រលើកទី១០ នៅខេត្តកែបនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឱ្យដឹងថា បុណ្យសមុទ្រឆ្នាំ២០២៣ មានភ្ញៀវទេសចររាប់ម៉ឺននាក់ បានចូលរួមទស្សនាកម្សាន្ដក្នុងរយៈពេល៣ថ្ងៃមកនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរបាយការណ៍ដែលឯកឧត្តម សុខ សុកេន ក៏ដូចជាឯកឧត្តមអភិបាលខេត្ត បានបញ្ជូនមកខ្ញុំ ថ្ងៃទី១ យើងមានវត្តមានភ្ញៀតទេសចរជិត៤ម៉ឺន៦ពាន់នាក់ ថ្ងៃទី២ អ្នកចូលរួមរហូតដល់ជិត១២ម៉ឺននាក់ ដែលចូលរួមទស្សនា។ នេះជាមោទនភាពនៃការជោគជ័យណាស់»។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងឱ្យដឹងដែរថា បុណ្យសមុទ្រឆ្នាំ២០២៣ ក៏បានបំបែកឯតទគ្គកម្មពិធីបុណ្យសមុទ្រនាពេលមុនៗផងដែរ លើចំនួនស្ដង់ពិព័រណ៌ដែលមានរហូតដល់ជិត៥០០ស្ដង់ ហើយស្ដង់ទាំងអស់នោះមានផលិតផល មកពីបណ្ដារាជធានី-ខេត្តផ្សេងៗ នៅទូទាំងប្រទេសតែម្ដង៕































Account
Security
Favourite Content