«អន្លង់ផ្សោតព្រះរំកិល» គឺជារមណីយដ្ឋានបង្កើតឡើងដោយសហគមន៍ កាលពីឆ្នាំ ២០០២ ស្ថិតនៅចំណុចអន្លង់ឈើទាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង ដែលមានផ្ដល់ជូនសេវាកម្មទេសចរណ៍ដូចជា ជិះទូកទស្សនាសត្វផ្សោតទន្លេមេគង្គ និងបោះតង់សម្រាកកម្សាន្តលើវាលខ្សាច់ តាមកោះនានា ក្នុងទន្លេមេគង្គ។

ប៉ុន្តែបច្ចុប្បន្នរមណីយដ្ឋានអេកូទេសចរណ៍មួយនេះ បានទទួលរងការបាត់បង់សក្ដានុពលដ៏ធំ គឺសត្វផ្សោត និងដើមឈើទាលតូច-ធំ ដែលមានអាយុរាប់រយឆ្នាំ។ ជាក់ស្ដែងមុនឆ្នាំ ១៩៩៣ នៅក្នុងតំបន់ អន្លង់ផ្សោតព្រះរំកិល មានដើមឈើទាល តូច-ធំជាច្រើនដើម ដុះលើច្រាំងទន្លេ តែឥឡូវមិនមានដើមឈើទាល នៅសេសសល់ទៀតឡើយ។ មួយវិញទៀត អន្លង់ផ្សោតព្រះរំកិលនេះ ពុំមានសត្វផ្សោតរស់នៅច្រើនឡើយ។



មុនឆ្នាំ ២០២១ មានសត្វផ្សោតតែ ៣ ក្បាលប៉ុណ្ណោះ រស់នៅទីនេះ តែដោយមានការរំខានទីពីសំណាក់អ្នកនេសាទ និងការប្រែប្រួលលំហូរទឹកពីទំនប់វារីអគ្គិសនី បានបណ្ដាលឱ្យសត្វផ្សោតងាប់ជាបន្តបន្ទាប់។ សត្វផ្សោតញីដែលនៅសេសសល់ចុងក្រោយ ទម្ងន់ ១៨០ គីឡូក្រាម ប្រវែង ២៣០ សង់ទីម៉ែត្រ ក៏បានងាប់បន្តទៀត ដោយសារជាប់មងអ្នកនេសាទ។



បើទោះបីជាយ៉ាងនេះ ភ្ញៀវទេសចរនៅតែអាចមកទស្សនារមណីយដ្ឋាន «អន្លង់ផ្សោតព្រះរំកិល» បានដោយជិះទូកមើលដើមឈើធំៗ និងបោះតង់លើវាលខ្សាច់នៅតាមកោះនានា ក្នុងទន្លេមេគង្គ ទស្សនាឆ្អឹងសត្វផ្សោតដែលតាំងបង្ហាញនៅទីស្នាក់ការសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល និងផ្ទាំងរូបភាពដែលបរិយាយអំពីរឿងនិទាននៃដើមកំណើតសត្វផ្សោត៕


























Account
Security
Favourite Content