លើកទី២ នៅកម្ពុជា បងប្អូនខ្មែរក្រាលកន្ទេលមើលល្ខោនក្នុងផ្សារទំនើប។ នាថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ មានការសម្ដែងល្ខោន ខោល នៅក្នុងផ្សារទំនើបកណ្ដាលរាជធានីភ្នំពេញ ផ្អើលអស់មនុស្សម្នានាំកូនចៅបងប្អូនមកទស្សនាយ៉ាងច្រើនកុះករពេញផ្សារតែម្ដង។
ជាលើកទី២ហើយដែលផ្សារទំនើប អ៊ីអន៣ មានជ័យ បានរៀបចំកម្មវិធីសម្ដែងខ្មែរនៅក្នុងផ្សារទំនើបដោយផ្ទាល់ដើម្បីឱ្យបងប្អូនមហាជនបានទស្សនា ក៏ដូចជាចូលរួមចំណែកគាំទ្រមរតកវប្បធម៌របស់ខ្មែរ។ ទិដ្ឋភាពនៅក្នុងថ្ងៃដំបូងនៃការសម្ដែងល្ខោន ខោល មានមនុស្សជាច្រើនបានចូលរួមទស្សនាយ៉ាងច្រើនកុះករតាំងពីជាន់ផ្ទាល់ដីរហូតដល់ជាន់ទី២ ព្រមជាមួយសំឡងស្នូរទះដៃកងរំពងពេញទាំងក្នុងផ្សារបង្ហាញពីការគាំទ្ររបស់បងប្អូនប្រជាជនខ្មែរ។ ដោយឡែក សម្រាប់អ្នកទស្សនាត្រូវបានអង្គុយផ្ទាល់នៅលើកន្ទេលហាក់បង្ហាញនូវទស្សនីយភាពនៃការសម្ដែងល្ខោនរបស់ខ្មែរនៅតាមទីវត្តអារាម និងក្នុងភូមិស្រុកយ៉ាងចឹងដែរ។ ការបង្កើតទស្សនីយភាពនៃការសម្ដែងល្ខោន ខោល នេះឡើងជាការចូលរួម និងលើកស្ទួយដល់ល្ខោនខោលដែលជាមរតកដូនតារបស់ខ្មែរ។
គួររំឭកដែរថា កាលពីពេលកន្លងទៅក៏ធ្លាប់មានការសម្ដែងល្ខោន បាសាក់ខ្មែរ របស់ក្រុម ភី សុគន្ធី នៅក្នុងទីតាំងនៃផ្សារទំនើបមានជ័យនេះដែរ ហើយបើនិយាយពីសន្ទុះគាំទ្រ និងអ្នកចូលរួមគឺច្រើនកុះករពេញក្នុងផ្សារតែម្ដង៕