៤ ខេត្តនេះសម្តេចតេជោ លែងតម្រូវឲ្យពលរដ្ឋពាក់ម៉ាសទៀតហើយ

យោង​តាម​សារ​សំឡេង​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី១០ ខែ​មេសា ឆ្នាំ ២០២២ កន្លង​ទៅ បាន​សម្រេច​ឲ្យ​ពលរដ្ឋ​ក្នុង​ខេត្ត​ទាំង ៤ លែង​តម្រូវ​ឲ្យ​ពាក់​ម៉ាស​តទៅទៀត​ហើយ ដោយ​ទុក​លទ្ធភាព​ឲ្យ​បុគ្គល​ជា​អ្នក​សម្រេច​ខ្លួនឯងទៅចុះថា​ពាក់ ឬ​មិន​ពាក់​ម៉ាសតទៀត។

ខេត្ត​ទាំង ៤ នោះ​មាន​ដូចជា​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ។ នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​ទាំង​បួន​នោះ ជា​អ្នក​ជ្រើសរើស​ដោយ​ខ្លួនឯង​ថា ពាក់​ម៉ាស ឬ​មិន​ពាក់​ម៉ាស ហើយ​បងប្អូន​ដែល​ទៅ​ពី​ក្រៅ ទៅ​លេង​ខេត្ត​ទាំង ៤ នោះ​ក៏​ ជ្រើសរើស​ដោយ​ខ្លួនឯង​ថា​ពាក់​ម៉ាស ឬ​អត់ តែ​ក្រោយ​ចាកចេញ​ពី​ខេត្ត​ទាំង ៤ គឺ​ត្រូវ​តែ​ពាក់​ម៉ាស និង គោរព​វិធានការ ៣ កុំ និង៣ការពារ។

ការ​សម្រេច​ចិត្ត​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នៅ​ពេល​នេះ គឺ​ដើម្បី​សាកល្បង​ភាព​ស៊ាំ របស់​បងប្អូន​នៅ​ក្នុង​សហគមន៍ ដែល​កម្ពុជា​បាន​អនុវត្តន៍​ជោគជ័យ​កាលពី​ពេល​កន្លង​ទៅ៕