ជារៀងរាល់ឆ្នាំទស្សនាវដ្ដីយក្សដ៏ធំរបស់ចក្រភពអង់គ្លេសតែងតែធ្វើការដកស្រង់ វាយតម្លៃ ចាត់ចំណាត់ថ្នាក់ផ្នែកទេសចរណ៍ និងការកម្សាន្ត រាប់ចាប់តាំងពីអាហារដ្ឋានល្អបំផុតក្នុងលោក ភាពយន្ត ទីក្រុង កន្លែងកម្សាន្ត ផ្លូវរថភ្លើង និងតំបន់ល្អបំផុតក្នុងលោកជាដើមដែលក្នុងនោះភូមិវត្តបូព៌ កម្ពុជាក៏បានជាប់ចំណាត់ថ្នាក់លេខ ៣ជាតំបន់ល្អបំផុតក្នុងលោកផងដែរ។ ដោយឡែកទស្សនាវដ្ដី Time Out ក៏បានបញ្ចេញចំណាត់ថ្នាក់ទីក្រុងល្អបំផុតឆ្នាំ២០២២ ផងដែរ។ យ៉ាងណាថ្ងៃនេះ AMS Infotainment បានដកស្រង់ចំណាត់ថ្នាក់កំពូលទាំង ៥មកចែករំលែកជូនអ្នកទាំងអស់គ្នា។
១ Edinburgh

ជារាជធានីរបស់ប្រទេសស្កុតឡែន Edinburgh ជាទីក្រុងដ៏ល្បីល្បាញ និងពេញនិយមបំផុតមួយដែលប្រជាជននៅខាងប៉ែកអឺរ៉ុបកម្ររំលងណាស់ តែសម្រាប់ប្រជាជននៅប៉ែកអាស៊ីយើងអាចកម្រឭឈ្មោះបន្តិច។ នៅ Edinburgh គេល្បីពីស្ថាបត្យកម្មចំណាស់ៗពាសពេញទីក្រុង និងភាពសកម្មរបស់ទីក្រុងមួយនេះដែលធ្វើឲ្យរាជធានីមួយនេះស្រស់ស្អាត និងបានជំរុញឲ្យទេសចរនិយមរុករក ទស្សនាដោយការដើរថ្មើរជើង។ ក្រៅពីស្ថាបត្យកម្ម អាហារ បា គំនូរសិល្បៈ វប្បធម៌ និងជីវិត ឬការកម្សាន្តនៅពេលរាត្រីជាអ្វីដែលទេសចរនិយាយមិនដាច់ពីមាត់នៃទីក្រុង Edinburgh ដ៏ស្រស់ស្អាតនេះ។
២ Chicago

ក្រោយការបិទខ្ទប់ ឬរឹតត្បិតប្រមាណ ២ឆ្នាំ ប្រជាជនក្នុងក្រុង Chicago ចំនួន ៥៥ភាគរយបានឲ្យដឹងថាពួកគេហាក់មានទំនោរចេញដើរកម្សាន្តច្រើន សកម្មជាងមុន ឬជួយយកអាសាគ្នាច្រើនជាងមុន។ ដោយឡែកក្នុងឆ្នាំនេះទីក្រុងរបស់សហរដ្ឋអាមេរិកមួយនេះក៏ជាប់ឈ្មោះជាទីក្រុងរីករាយបំផុតផងដែរ។ នៅ Chicago ទាំងទេសចរ និងពលរដ្ឋនៅទីនោះហាក់រីករាយជាមួយនឹងការជួបជុំ និងពិធីជប់លៀងដែលគេអាចជួបជុំតាំងពីថ្ងៃរហូតដល់ម៉ោង ៤ទៀបភ្លឺ។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតគឺ បឹង Michiganដ៏ស្រស់ស្អាត និងគំនូរសិល្បៈដ៏កម្រៗជាច្រើននៅទីនោះ។
៣ Medellín

Medellín ត្រូវបានគេស្គាល់ដោយថាមានរដូវស្លឹកឈើជ្រុះអស្ចារ្យជាងទីក្រុងណាៗទាំងអស់ដោយសារតែបរិយាកាស និង metro system របស់វា។ មិនសូវខុសប្លែកពីទីក្រុង Chicago រាជធានីរបស់ប្រទេសកូឡំបុី Medellín ក៏ជាប់ចំណាត់មួយផ្សេងទៀតផងដែរដោយមានចំណាត់ថ្នាក់ជាទីក្រុងដែលមានជីវិតពេលរាត្រីដ៏អស្ចារ្យបំផុតផងដែរ។
៤ Glasgow

Glasgrow គឺជាទីក្រុងមួយផ្សែងទៀតរបស់ប្រទេសស្កុតឡែនដែលស្ថិតក្នុងចំណោមទីក្រុងល្អបំផុតក្នុងលោក។ Glasgrow ជាទីក្រុងដែលត្រូវបានគេឲ្យឈ្មោះថាជាទីក្រុងដែលរួសរាយ និងចិត្តល្អ។ ប្រជាជននៅក្នុងទីក្រុងមួយនេះនិយមចេញដើរកម្សាន្តនៅខាងក្រៅ ជាទីក្រុងដែលមានក្លឹបអាំងថ្ងៃដំបូងគេបង្អស់ និងសម្បូរទៅដោយអាហារដ្ឋានដែលមានគុណភាពខ្ពស់ ពោរពេញទៅដោយគំនិតច្នៃប្រឌិត។
៥ Amsterdam

មិនមែនជារឿងចម្លែកនោះទេដែលរាជធានីដ៏ធំរបស់ប្រទេសហូឡង់ ស្ថិតក្នុងចំណោមទីក្រុងល្អបំផុត។ Amsterdam ជាទីក្រុងបេតិកភណ្ឌសិល្បៈ បរិស្ថាន សម្បូរទៅដោយផ្ទះចំណាស់ពីសម័យមុននៅតាមបណ្ដោយប្រឡាយក្នុងទីក្រុង ព្រមទាំងមានវត្តមានរបស់សារមន្ទីរ Van Gogh ដែលធ្វើឲ្យទីក្រុងមួយនេះបង្កប់ទៅដោយរឿងរ៉ាវជាច្រើនដែលទេសចរចង់ស្វែងយល់ និងទស្សនា។ ម្យ៉ាងប្រជាជនដែលរស់នៅក្នុងទីក្រុងប្រកបទៅដោយភាពរីករាយ និងការគិតគូរពីបរិស្ថានដោយពួកគេនិយមប្រើប្រាស់មធ្យោបាយសាធារណៈ ការដើរ និងជិះកង់។ បន្ថែមពីលើនេះ Amsterdam សម្បូរទៅដោយមហោស្រព ឬកម្មវិធីមិនចេះដាច់ក្នុងមួយឆ្នាំៗ ទាំងការកម្សាន្ត សិទ្ធិមនុស្ស និងចំណេះដឹង៕

























Account
Security
Favourite Content