យោងតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ទីក្រុងនៃខេត្ត/ក្រុងចំនួន ៣ បានជាប់ជយលាភី «ទីក្រុងដែលមានពិធីបុណ្យ ចូលឆ្នាំសកលល្អជាងគេ ប្រចាំឆ្នាំ២០២២»។ ទីក្រុង ៣ រួមមានខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
នៅក្នុងកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកល ល្អជាងគេ ប្រចាំឆ្នាំ២០២២ ” (Best Countdown City of The Year 2022) ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឱ្យសាធារណជន ចូលរួមបោះឆ្នោតគាំទ្រ ទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុតរយៈពេល ២ ថ្ងៃលើគេហទំព័រផ្លូវការ http://bestcountdowncity.cambodiacleancity.gov.kh/ ចាប់ពីម៉ោង ៥ ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ម៉ោងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។
កម្មវិធីប្រកួតប្រជែងនេះ រៀបចំឡើងផ្អែកលើលក្ខណៈពិសេសមួយចំនួនដូចជា ការតុបតែងលម្អ អនាម័យ និងបរិស្ថាន សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ភាពពេញចិត្ត និងការសប្បាយរីករាយរបស់ភ្ញៀវទេសចរនិងអ្នកចូលរួម។
ជាលទ្ធផល ទីក្រុងនៃខេត្តចំនួន ៣ បានជាប់ជយលាភី ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុត រួមមាន៖ ទី១ ខេត្តបាត់ដំបង ទី២ ខេត្តព្រះសីហនុ និងទី៣. ខេត្តសៀមរាប។
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានចូលរួម អបអរសាទរ ចំពោះជយលាភីទាំង ៣ ខាងលើ។ ចំណែកពិធីប្រគល់ពានរង្វាន់នៅក្នុង “ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត” នឹងរៀបចំឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ៕




























Account
Security
Favourite Content