លោក ឡេង សុវណ្ណតារា រហ័សនាម Khmer 1 Jivit បានធ្វើដំណើរត្រឡប់មកដល់មាតុប្រទេសវិញហើយ កាលពីរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារ និងមិត្តភ័ក្ដិសិល្បករ។





គ្រាន់តែមកដល់ទឹកដីកម្ពុជាភ្លាម ទំព័រហ្វេសប៊ុកផ្លូវការ The Rapper Cambodia បានបង្ហោះស្វាគមន៍ Rapper ប៉ារូលពិឃាត យ៉ាងដូច្នេះថា៖ «សូមស្វាគមន៍ បង Khmer1Jivit Official ក្នុងការវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ នេះជាអ្វីដែលប្រិយមិត្តវិស័យ HipHop គ្រប់រូបក្នុងស្រុកទន្ទឹងរង់ចាំចង់ឃើញ រង់ចាំតាមដានទាំងអស់គ្នាថានឹងមានអ្វីពិសេសនាពេលខាងមុខនេះ!»។
ចំណែក តារារ៉េបខ្មែរមួយជីវិតឯណោះវិញ ក៏បានបង្ហោះសារលើហ្វេសប៊ុកផ្លូវការថា «Wahhhh suppppp ya boy is here ឃេីញហៅផងបងប្អូន It’s real now !!!!»។ សិល្បករ-សិល្បការិនី និងហ្វេនៗស្នេហាវិស័យតន្ត្រី hip hop នៅកម្ពុជា សម្តែងក្តីរីករាយជាខ្លាំងពេលជើងតារារ៉េបជើងចាស់រូបនេះត្រឡប់មកកម្ពុជាវិញ ព្រោះនេះជាអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូរណាស់មកហើយ។

តាមដែលដឹងមក ការវិលត្រឡប់មកទឹកដីកំណើតលើកនេះរបស់ Khmer 1 jivit គឺដើម្បីមកចូលរួមធ្វើ Coach កម្មវិធីប្រលងរ៉េប The Rapper Cambodia ជាមួយតារារ៉េបល្បីៗច្រើនទៀត ដូចជា KingChi, RuthKo, Norith និង Khmer1Jivit ដែលជា Coach ទី ៤ នៃកម្មវិធីប្រលងរ៉េបនេះ។ គេជឿជាក់ថា Rapper ល្បីខាងកំណាព្យចុងជួន Khmer 1 jivit នឹងនាំយកអ្វីថ្មីៗ ក៏ដូចជាគន្លឹះនៃការបង្កើតចម្រៀងរ៉េបមកចែករំលែកជាមួយអ្នកស្នេហាវិស័យរ៉េបនៅកម្ពុជាបានដឹងឮ។

សូមជម្រាបថា Khmer1Jivit គឺជាកំពូលតារារ៉េបរៀមច្បងដ៏ឆ្នើមមួយរូបក្នុងវិស័យ ដែលគ្រប់គ្នាគោរពកោតសរសើរសមត្ថភាពគាត់ ហើយគាត់ក៏ជាគំរូពិសេសដែលមានឥទ្ធិពលទៅលើតារារ៉េបខ្មែរជំនាន់ថ្មី ឱ្យខិតខំធ្វើចម្រៀង HipHop។ យើងអាចទុកចិត្តលើគាត់បានបើសិនជាយើងចង់ស្តាប់បទចម្រៀងដែលមានអត្ថន័យ ឬឃ្លាពិសេសអ្វីមួយ កាព្យ ជួន រណ្តំ ក៏ដូចជាចង្វាក់ និងការបញ្ចេញបញ្ចូលឱ្យស៊ីមេទ្រីជាមួយភ្លេងជាដើម។ «បំបែកឯតទគ្គកម្ម» ជាចម្រៀងរ៉េបដំបូងបង្អស់របស់លោក បន្ទាប់មកក៏មានបទ « Look In My Eye» និងបទចម្រៀងជាច្រើនទៀត។ មិនតែប៉ុណ្ណោះ តារារ៉េបល្បីឈ្មោះរូបនេះក៏ធ្លាប់សហការស្នាងស្នាដៃជាមួយផលិតកម្ម Clap Yahand ដែលអាល់ប៊ុមនោះ ចំណងជើងថា «ចលនាពាក្យជួន» រួមមានបទល្បីៗជាច្រើន រួមទាំងបទ «ស្នេហ៍ពេលរាត្រី » ដែលមហាជនគ្រប់ស្រទាប់វណ្ណៈនាំគ្នាចាក់ស្តាប់គ្រប់ទីកន្លែង។
Khmer 1 jivit ក៏ធ្លាប់មានស្នាដៃចម្រៀងជាមួយ Rapper វ័យក្មេងកំពុងល្បីល្បាញពាសពេញផ្ទៃប្រទេស វណ្ណដា និង Reezy ក្នុងបទចម្រៀង «J+O Remix» ផងដែរ។ កុំភ្លេចរង់ចាំតាមដានថា Rapper Khmer 1 Jivith នឹងមានអ្វីពិសេសមកចែកជូនហ្វេនៗនាពេលខាងមុខនេះ!

























Account
Security
Favourite Content