ជាថ្មីម្ដងទៀត ប្រទេសហ្វាំងឡង់បានឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងរបាយការណ៍សុភមង្គលពិភពលោករបស់អង្គការសហប្រជាជាតិដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនានេះ ដោយផ្អែកលើកត្តាធំៗរួមមានការគាំទ្រសង្គម ប្រាក់ចំណូល សុខភាព សេរីភាព សប្បុរសធម៌ និងអវត្តមាននៃអំពើពុករលួយ។

ប្រជាជននៅក្នុងប្រទេស និងដែនដីចំនួន ១៤៣ ត្រូវបានស្នើសុំឱ្យវាយតម្លៃជីវិតរបស់ពួកគេលើមាត្រដ្ឋានពីសូន្យដល់លេខ ១០ ដោយលេខ ១០ នោះគឺតំណាងឱ្យជីវិតល្អបំផុត។ លទ្ធផលជាមធ្យមសម្រាប់រយៈពេលបីឆ្នាំចុងក្រោយត្រូវបានប្រើប្រាស់ដើម្បីបង្កើតចំណាត់ថ្នាក់។
នៅឆ្នាំនេះ ហ្វាំងឡង់នៅតែស្ថិតក្នុងចំណាត់ថ្នាក់កំពូល ជាមួយនឹងពិន្ទុជាមធ្យម ៧,៧៥ បន្ទាប់មកគឺដាណឺម៉ាក អ៊ីស្លង់ និងស៊ុយអែត ខណៈដែលអាហ្វហ្គានីស្ថានឈរនៅបាតតារាងដោយមានពិន្ទុ ១,៣៦ ។
សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជានៅឆ្នាំនេះបានជាប់ចំណាត់ថ្នាក់ទី ១២៤ ក្នុងចំណោមប្រទេសសរុប ១៤៣ ខណៈប្រទេសវៀតណាមជាប់លេខ ៥៤ ថៃជាប់លេខ ៤៩ ឡាវជាប់លេខ ៩៣ និងមីយ៉ាន់ម៉ាជាប់លេខ ១២៦។
សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Oxford និងជានិពន្ធនាយកនៃរបាយការណ៍សុភមង្គលពិភពលោក លោក Jan-Emmanuel De Neve បាននិយាយថា កត្តាសំខាន់ៗដែលរួមចំណែកដល់សុខុមាលភាពរបស់មនុស្សរួមមាន GDP ក្នុងមនុស្សម្នាក់ ការចែកចាយទ្រព្យសម្បត្តិ ស្ថានភាពសុខុមាលភាពដែលផ្តល់នូវស្ថេរភាពផ្លូវចិត្ត និងអាយុសង្ឃឹមរស់ដែលមានសុខភាពល្អ។ លោកបានឱ្យដឹងទៀតថា របាយការណ៍ឆ្នាំនេះក៏បានបង្ហាញផងដែរនូវការកើនឡើងជាទូទៅនៃបញ្ហាថប់បារម្ភ ការព្រួយបារម្ភ និងភាពតានតឹងជុំវិញពិភពលោក។
របាយការណ៍សុភមង្គលពិភពលោកប្រចាំឆ្នាំ ត្រូវបានចេញផ្សាយដំបូងក្នុងឆ្នាំ ២០១២ ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ដោយផ្អែកលើទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សាររបស់សហរដ្ឋអាមេរិក Gallup ដែលវិភាគដោយក្រុមការងារទូទាំងសកលលោក ហើយបច្ចុប្បន្នដឹកនាំដោយសាកលវិទ្យាល័យ Oxford ៕


























Account
Security
Favourite Content