អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ដើម្បីបំផុសការយល់ដឹងអំពីប្រវត្តិសាស្ត្រ ជាពិសេសការរត់ពន្ធវត្ថុបុរាណខ្មែរទៅកាន់ទីផ្សារងងឹតពិភពលោក។

ភាពយន្តឯកសាររយៈពេល ៨៧នាទីនេះ ផលិតដោយក្រុមហ៊ុន New Theory Pictures ដឹកនាំដោយលោក Don Millar ដោយមានកិច្ចសហការជាមួយផលិតករខ្មែរ និងត្រូវបានក្រុមហ៊ុន AMS នាំយកមកចាក់បញ្ចាំងនៅតាមរោងភាពយន្តទំនើបៗក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ ស្នាដៃនេះបានលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មរបស់ Douglas Latchford ដែលបានលួច និងរត់ពន្ធរតនវត្ថុបុរាណខ្មែរ ទៅលក់ឱ្យសារមន្ទីរ និងមហាសេដ្ឋីនៅបស្ចិមប្រទេស ក្នុងអំឡុងពេលកម្ពុជាជួបសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍។ ភាពយន្តនេះក៏ទទួលបានការទទួលស្គាល់ និងជ្រើសរើសចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិល្បីៗជាច្រើន ដូចជា NHK (Japan Prize), Bali, Austin, FIPADOC និង CIFF ជាដើម។
លោក សេត គឹមសឿន អ្នកនាំពាក្យសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ឃើញពីតម្លៃប្រវត្តិសាស្ត្រដ៏ធំធេងនៃភាពយន្តនេះ ដែលជាសក្ខីកម្មយ៉ាងរឹងមាំក្នុងការគាំទ្រដល់ការទាមទារយកសម្បត្តិបេតិកភណ្ឌជាតិត្រឡប់មកវិញ។ ជាមួយគ្នានេះ សមាគមសិល្បករខ្មែរក៏បានអំពាវនាវដល់សាធារណជន និងយុវជនបន្តវេន ឱ្យចូលរួមទស្សនាទាំងអស់គ្នា ដើម្បីដាស់ស្មារតីឱ្យស្រឡាញ់ អភិរក្សកេរដំណែលដូនតា និងយល់ថាសង្គ្រាម ឬជម្លោះផ្ទៃក្នុង គឺជាដើមហេតុនាំឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ជាតិ ៕































































Account
Security
Favourite Content