នៅថ្ងៃទី ២១ ខែមេសា នេះ ផ្នែកស៊ើបអង្កេតបទល្មើសហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលក្រុងសេអ៊ូល បានប្រកាសថា អង្គភាពខ្លួនបានស្នើសុំដីកាចាប់ខ្លួនលោក Bang Si Hyuk ប្រធានក្រុមហ៊ុន HYBE ក្រោមការចោទប្រកាន់ពីបទរំលោភលើច្បាប់ទីផ្សារមូលធន ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មដោយមិនស្មោះត្រង់ និងមានលក្ខណៈបោកប្រាស់។

យោងតាមព័ត៌មានពី Naver លោក Bang Si Hyuk បានធ្លាក់ក្រោមការសង្ស័យថា លោកបានបោកបញ្ឆោតអ្នកវិនិយោគ ដោយអះអាងថា មិនមានគម្រោងដាក់លក់ភាគហ៊ុនជាសាធារណៈ (IPO) នោះទេ កាលពីមុនពេលក្រុមហ៊ុន HYBE ចូលទីផ្សារហ៊ុនក្នុងឆ្នាំ ២០១៩។
គេជឿថា សកម្មភាពនេះជាការបញ្ចុះបញ្ចូលឱ្យមូលនិធិឯកជន (PEF) ដែលជាប្រភេទនៃការវិនិយោគរួមគ្នា ប្រមូលប្រាក់ពីអ្នកវិនិយោគធំទៅវិនិយោគលើក្រុមហ៊ុនឯកណាមួយ លក់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន HYBE ចេញ ហើយបន្ទាប់មកលោកក៏បានបន្តនីតិវិធីចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈភ្លាមៗតែម្តង។

ប៉ូលិសជឿជាក់ថា ក្រោមការព្រមព្រៀងឯកជនដែលបានធ្វើឡើងជាមួយមូលនិធិឯកជននោះ លោក Bang Si Hyuk ទទួលបានប្រាក់ចំណេញ ៣០ ភាគរយ ពីការលក់ភាគហ៊ុនបន្ទាប់ពីការធ្វើ IPO ដែលនាំឱ្យលោកទទួលបានផលចំណេញដោយខុសច្បាប់ជិត ២០០ ប៊ីលានវ៉ុន ឬប្រមាណ ១៣ ៥៨៥ ០០០ ដុល្លារអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ លោក Bang Si Hyuk នៅតែប្រកាន់ជំហរថា លោកមិនបានបោកបញ្ឆោតអ្នកវិនិយោគក្រុមដំបូងនោះឡើយ ដោយអះអាងថា ការលក់នេះបានធ្វើឡើងតាមការស្នើសុំរបស់អ្នកវិនិយោគខ្លួនឯង ហើយលក្ខខណ្ឌនៃការបែងចែកប្រាក់ចំណេញ គឺអ្នកវិនិយោគជាភាគីដែលដាក់ស្នើមុន៕

























































Account
Security
Favourite Content