លោក ធេន ណាន់ឌឿន គឺជាសិល្បករខ្មែរមួយរូប ដែលជានិច្ចកាលតែងតែបង្ហាញការយកចិត្តទុកដាក់ និងចូលរួមចំណែកក្នុងកិច្ចការងារសង្គមសិល្បៈ ។ ដោយឡែក លោកក៏ជាគណៈកម្មការមួយរូបក្នុងព្រឹត្តិការណ៍មហោស្រព ល្ខោននិយាយ នាពេលដ៏ខ្លីខាងមុខផងដែរ។

សិល្បករជំនាញសិល្បៈបុរាណរូបនេះ បានលើកឡើងថា៖ «ការសិក្សាជំនាញ ល្ខោននិយាយ មិនមែនចេះតែរៀនឱ្យតែបានៗនោះទេ ព្រោះជំនាញនេះគេរៀនមានក្បួនខ្នាតត្រឹមត្រូវ ហើយសិស្សទៀតសោតត្រូវមានចំណេះដឹងទូទៅជ្រៅជ្រះលើមុខវិជ្ជា ៣ រួមមាន ៖ទស្សន វិទ្យា , សង្គមវិទ្យា និងចិត្តវិទ្យា»។ ជំនាញនេះទៀតសោត ក្រោយរៀនចប់អាចទាំងដឹកនាំរឿង តែងនិពន្ធ និងសម្ដែងបានដោយខ្លួនឯង។
ជាមួយគ្នា ដើម្បីលើកកម្ពស់ ក៏ដូចជាការចូលរួមក្នុងការរក្សាថែសិល្បៈបុរាណខ្មែរ លោកក៏បានសូមឱ្យតាមបណ្ដាខេត្តជិតឆ្ងាយបញ្ជូនសិស្សឱ្យមករៀនជំនាញ ល្ខោននិយាយ ឬជំនាញសិល្បៈបុរាណផ្សេងៗទៀតរបស់ខ្មែរ នៅឯសាលាជាតិមធ្យមសិល្បៈ ភ្នំពេញ។ លោកបានឱ្យដឹងទៀតថា៖ «ល្ខោននិយាយ ជាជំនាញច្បាស់លាស់ មានសញ្ញាប័ត្រត្រឹមត្រូវ ហើយជាជំនាញដែលរៀនមិនចេះចប់ទេ តែគួរស្ដាយជាជំនាញដែលងាយនឹងបាត់បង់ បើសិនជាមិនមានអ្នកបន្តវេន»។
ជំនាញ ល្ខោននិយាយ ពីមុនដាច់ខាតត្រូវទៅរៀននៅតាមបណ្ដាប្រទេសមួយចំនួនដូចជា រុស្សី អាល្លឺម៉ង់ បារាំង និងបុលហ្ការី ជាដើមហើយចំពោះការសិក្សាជំនាញនេះទាមទារការខិតខំខ្ពស់ណាស់ ៧០ ភាគរយគំនិតចេញពីខ្លួនឯង និង៣០ភាគរយស្វែងយល់ពីគ្រូ។
គួរឱ្យដឹងដែរថា នាថ្ងៃទី ១ ដល់ ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៦ ខាងមុខ នាយកដ្ឋានសិល្បៈទស្សនីយភាពនឹងមានការរៀបចំមហោស្រព ល្ខោននិយាយ ដោយមានការចូលរួមពីសំណាក់សិស្ស និងបណ្ដាអ្នកក្នុងវិស័យសិល្បៈបុរាណជាច្រើនផងដែរ។ ចូលរួមទាំងអស់គ្នាដើម្បីលើកស្ទួយវប្បធម៌សិល្បៈបុរាណនៅកម្ពុជា៕

























































Account
Security
Favourite Content