តារាយូធូបដ៏ល្បី Tzuyang ដែលមានចំនួនអ្នក subscribe រហូតដល់ជាង ១០ លាននាក់ថ្មីៗនេះត្រូវបានគេរាយការណ៍ថាបានស្រកទម្ងន់ ២-៣ គីឡូក្រាម ហើយនាងក៏មិនបានបង្ហោះមាតិកាថ្មីណាមួយចាប់តាំងពីថ្ងៃ៨ ខែកក្កដា ដោយសារបញ្ហាគំរាមកំហែងដ៏ធ្ងន់ធ្ងរពីអតីតមិត្តប្រុស។

យោងតាមរបាយការណ៍ពី YTN News បានឱ្យដឹងថាកន្លងមក Tzuyang ធ្លាប់ត្រូវបានផ្ដល់ការប្រឹក្សាផ្លូវចិត្ត បន្ទាប់ពីជូបប្រទះឧប្បត្តិហេតុ ប៉ុន្តែនាងបានបដិសេធនឹងសំណើរមួយនេះ ហើយបានព្យាយាមចំណាយពេលភាគច្រើនរស់នៅតែក្នុងផ្ទះទៀតផង។ សារព័ត៌មានកូរ៉េមួយនេះក៏បានបន្ថែមទៀតថាពីមុននាងជាមនុស្សចូលចិត្តញ៉ាំ សូម្បីតែមានកម្មវិធីជួបជុំឯកជនជាមួយមិត្តភក្ដិក៏នាងមិនភ្លេចអាហារសម្រន់ដែរ។ ប៉ុន្តែថ្មីៗនេះនាងបែរជាមិនសូវបានញ៉ាំអាហារនោះទេ ហើយមើលទៅហាក់ដូចជាស្រកទម្ងន់រហូតដល់ ២-៣ គីឡូក្រាមផងដែរ។


គួររំឭកទៅកាលពីខែកក្កដាកន្លងទៅនេះ Tzuyang បានធ្វើឱ្យមនុស្សជាច្រើន ជាពិសេសអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលនាងសម្រេចចិត្តបកអាក្រាតអំពីទង្វើអាក្រក់របស់អតីតមិត្តប្រុសដែលជានាយកប្រតិបត្តិនៃភ្នាក់ងាររបស់នាង ដោយបញ្ជាក់ថានាងត្រូវគេធ្វើបាបអស់រយៈពេល ៤ ឆ្នាំ និងជំរិតយកប្រាក់រហូតដល់ទៅ ៤ ពាន់លានវ៉ុនប្រហែលជាង ៣ លានដុល្លារអាមេរិក។
នាងបានបន្ថែមទៀតថាអតីតមិត្តប្រុសរបស់នាងបាននាំនាងទៅកាន់បារមួយកន្លែង និងបង្ខំឱ្យផឹកស្រាកំដរភ្ញៀវទៀតផង។ នាងមិនអាចប្រាប់មិត្តភក្ដិរបស់នាងថាខ្លួនកំពុងរងការគំរាមកំហែងនោះទេ ដូច្នេះនាងគ្រាន់តែប្រាប់គេនេះជាការងារប៉ុណ្ណោះ។ ថ្វីត្បិតតែនាងធ្វើបានត្រឹមរយៈពេលខ្លី ប៉ុន្តែរាល់ប្រាក់កម្រៃទាំងអស់ គឺត្រូវបានផ្ញើទៅឱ្យអតីតមិត្តប្រុសទាំងអស់ ហើយនាងក៏បានរក្សាទុករាល់កំណត់ត្រាផ្ទេរប្រាក់ថែមទៀតផង។


ក្រោយជំនុំជម្រះក្ដីក្រៅពីមិត្តប្រុសរបស់នាង បុគ្គលមួយចំនួនរួមមានតារាយូធូប Karacula (ឈ្មោះពិត Lee Seukwook), Ju Jak Detective (ឈ្មោះពិត Jeon Gukjin) និងមេធាវីតំណាងឱ្យអតីតមិត្តប្រុសរបស់ Tzuyang ក៏ត្រូវបានកាត់ទោសពីបទរួមគំនិតគំរាមកំហែង ដើម្បីជំរិតទារប្រាក់ផងដែរ។ លើសពីនេះ នៅថ្ងៃ១០ ខែកញ្ញាថ្មីៗនេះ ក្រុមការងារបស់ Tzuyang បានដាក់ពាក្យបណ្ដឹងទៅប៉ុស្ដិប៉ូលីស Gangnam ទៅលើអ្នកបញ្ចេញយោបល់បង្កប់ដោយការព្យាបាទដែលបំពានច្បាប់បណ្ដាញព័ត៌មាន និងទំនាក់ទំនងក៏ដូចជាការបរិហារកេរ្ដិ៍ផងដែរ៕
























Account
Security
Favourite Content