កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ ប្រភពព័ត៌មានកូរ៉េ Osen បានឲ្យដឹងថា សមាជិកទាំង ៤ របស់ក្រុមនារីជំនាន់ទី ២ ដ៏ល្បី 2NE1 នឹងណាត់ជួបជាមួយលោក Yang Hyunsuk ជាអ្នកដឹកនាំធំម្នាក់ក្នុងផលិតកម្ម YG នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ការណាត់ជួបនេះទំនងជានិយាយពិភាក្សាអំពីការបញ្ចេញចម្រៀងថ្មីរបស់ក្រុម 2NE1។

នៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៤ ខាងផលិតកម្ម YG ក៏បានចេញសេចក្ដីថ្លែងការណ៍ថា មិនទាន់មានគម្រោងបញ្ជាក់ជាផ្លូវការទេ ប៉ុន្ដែជំនួបរបស់ក្រុមចម្រៀង 2NE1 នឹង Yang Hyunsuk ពិតជាត្រូវធ្វើឡើងពិតមែន។ វាលើកដំបូងនៃការណាត់ជួបពិភាក្សា ក្រោយមិនដែលបានជួបគ្នាអស់រយៈពេល ៨ ឆ្នាំ។ Yang HyunSuk នៅតែមានក្ដីស្រឡាញ់គាំទ្រចំពោះសមាជិកក្រុម 2NE1 និងបាននិយាយពិភាក្សាជាមួយសមាជិកក្រុមម្នាក់។ ដូច្នេះអ្នកគាំទ្រអាចនឹងរំពឹងទុកអំពីដំណឹងល្អនាពេលឆាប់ៗ ខាងមុខនេះ។
បកត្រឡប់ទៅ កាលពីខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ សមាជិកក្រុម 2NE1 ម្នាក់គឺ CL ត្រូវបានរាយការណ៍ថា បានណាត់ជួបជាមួយលោក Yang HyunSuk ម្ដងរួចមកហើយ។

មែនទែនទៅ ការជួបជុំពិភាក្សាត្រូវបានគេរាយការណ៍ថា ទាក់ទិនការបញ្ចេញចម្រៀងថ្មី។ ចម្រៀងថ្មីត្រូវបានគេជឿថា ធ្វើពិសេសជាកាដូជូនដល់អ្នកគាំទ្រ សម្រាប់គម្រប់ខួបបញ្ចេញមុខជាផ្លូវការរបស់ 2NE1 រយៈពេល ១៥ ឆ្នាំមកនេះ។ សម្រាប់ខួប ១៥ ឆ្នាំរបស់ក្រុម 2NE1 គឺនៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៤ ខណៈថ្ងៃនោះ សមាជិកក្រុមបានបង្ហោះរូបភាពជុំគ្នា ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍រំភើបខ្លាំង។
គួរបញ្ជាក់ថា 2NE1 ជាក្រុមចម្រៀងខេប៉ុបជំនាន់ទី ២ ដ៏ល្បីល្បាញ និងជោគជ័យខ្លាំងមួយ។ 2NE1 បានបង្ហាញមុខជាផ្លូវការក្នុងឆ្នាំ ២០០៩ និងប្រកាសរំសាយក្រុមក្នុងឆ្នាំ ២០១៦។ ទោះរំសាយក្រុមហើយក្ដីសមាជិកម្នាក់ៗនៅតែមានភាពជិតស្និទ្ធ និងបន្ដទាក់ទងគ្នារហូតដល់បច្ចុប្បន្ន ៕
























Account
Security
Favourite Content