ជារឿយៗ ចំណងអាពាហ៍ពិពាហ៍របស់តារាប្រុសហុងកុង Vincent Wong និងភរិយា Yoyo Chen តែងត្រូវបានគេសង្ស័យថាមានការប្រេះឆា ថែមទាំងឈានដល់ការលែងលះគ្នាទៀតផង។ ស្របពេលជាមួយគ្នាដែរ តារាប្រុស Vincent Wong និងភរិយាកម្រនឹងបង្ហាញមុខជាសាធារណៈជាមួយភរិយា ឬនិយាយរំឮកពីនាង កាន់តែធ្វើឱ្យរឿងដែលអ្នកទាំងពីរលែងលះគ្នាក្លាយជាប្រធានបទត្រូវបានគេលើកមកនិយាយស្ទើរគ្រប់ពេល។
ថ្មីៗដែរ តារាប្រុសវ័យ ៣៩ ឆ្នាំរូបនេះ បានចូលរួមក្នុងកម្មវិធីសម្ពោធរឿងថ្មី “Intergrity Sniper” លោកក៏ត្រូវបានក្រុមអ្នកកាសែតចោទសួរសាជាថ្មីម្ដងទៀតទាក់ទិននឹងទំនាក់ទំនងរបស់លោក និងភរិយាតារាស្រី Yoyo Chen។ មិនបង្អង់យូរ រូបលោកក៏ឆ្លើយតបភ្លាមៗ ឱ្យមហាជន និងអ្នកគាំទ្រអស់មានការសង្ស័យតែម្ដង។ នេះបើយោងតាមប្រភពព័ត៌មាន HK01។
លោកបានលើកឡើងថា៖ ទំនាក់ទំនងរបស់ខ្លួននិងភរិយាមិនមានបញ្ហាអ្វីឡើយ។ លោកតែងតែនិយាយជាមួយនាង និងផ្ដល់ដំបូន្មានខ្លះៗ សម្រាប់ការសម្ដែងរឿង គ្រាន់តែលោកជ្រើសមិនបង្ហាញជាសាធារណៈប៉ុណ្ណោះ។ មែនទែនទៅ អាចនិយាយបានថា ទំនាក់ទំនងរបស់លោក និងភរិយា ជាទំនាក់ទំនងដែលមិនចាំបាច់បង្ហាញជាសាធារណៈ។
គួរបញ្ជាក់ថា Vincent Wong ជាតារាប្រុសហុងកុងមានឈ្មោះល្បីម្នាក់ និងបានបង្ហាញខ្លួនក្នុងរឿងភាគហុងកុងជាច្រើន ជាពិសេសអ្នកគាំទ្រនៅប្រទេសកម្ពុជាស្គាល់រូបលោកតាមរយៈរឿង “មេធាវីខ្វាក់”៕
























Account
Security
Favourite Content