ឆ្លៀតពេលទំនេរពីការងារ តារាចរ៉េប ម៉ាន់ វណ្ណដា បានជូនអ្នកមានគុណទាំងពីរទៅវត្ត ធ្វើបុណ្យកឋិន ហើយក៏បានចូលរួមជាបច្ច័យជូនដល់ទូកងរ« ស្រីម៉ៅក្រាំងយ៉ូវ» របស់ខេត្តកណ្ដាល ក្នុងចំនួនទឹកប្រាក់ ៥០០ ដុល្លារផងដែរ។
កាលពីម្សិលមិញ វណ្ណដា បាននាំគ្រួសារហែកឋិនទៅវត្ត ជម្ពូវ័ន (ហៅវត្តថ្មី) ស្រុកស្អាង ខេត្តកណ្ដាល។ មិនត្រឹមតែបានជូនអ្នកមានគុណទាំង ២ ទៅកាន់ទីវត្តអារាមនោះទេ លោកផ្ទាល់ក៏បានចូលរួមក្បួនដង្ហែកឋិនទានយ៉ាងសប្បាយរីករាយ ព្រមទាំងបានជួបសំណេះសំណាល និយាយលេងជាមួយបងប្អូនអ្នកនៅទីនោះទៀតផង។ ក្រោយបានជួបនិយាយលេងជាមួយប្រជាពលរដ្ឋ ក៏ដូចជាអ្នកគាំទ្រដែលនៅទីនោះលោកក៏បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ៥០០ ដុល្លារទៅដល់ទូកង «ស្រីម៉ៅក្រាំងយ៉ូវ» ផងដែរ។
ក្នុងនាមជាគណៈកម្មការ និងចំណុះទូក ក៏ដូចជាប្រជាជនដែលរស់នៅទីនេះបានសម្ដែងក្ដីរំភើបដែលបានជួបរូបលោកដោយផ្ទាល់ និងបានអរគុណចំពោះទឹកចិត្តប្រពៃរបស់កំពូលតារារូបនេះ ចំពោះទូកងរបស់ពួកគេផងដែរ៕