បវរកញ្ញាតំណាងប្រទេសកូតឌីវ័រ Olivia Yace និងបវរកញ្ញាតំណាងប្រទេសអេស្តូនី Brigitta Schaback បានប្រកាសលាលែងតំណែងពីកម្មវិធីប្រកួតបវរកញ្ញាចក្កវាឡ Miss Universe ខណៈ Brigitta Schaback បង្ហាញតម្រុយនៃបញ្ហាផ្ទៃក្នុង។


ក្រោយពីទទួលតំណែងជាលំដាប់រងលេខ ៤ ពីវេទិកា Miss Universe 2025 បាន ៣ថ្ងៃ ពោលគឺថ្ងៃទី២៤ ខែវិច្ឆិកានេះ បវរកញ្ញា Olivia Yace បានចេញសេចក្ដីប្រកាសនៅលើគណនី Instagram ថា៖ “ក្នុងនាមជាតំណាងប្រទេសកូតឌីវ័រនៅក្នុងការប្រកួត Miss Universe 2025 នៅទីក្រុងបាងកក ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកថា ខ្ញុំមានសមត្ថភាពសម្រេចបាននូវរឿងដ៏អស្ចារ្យ ទោះបីជាមានការលំបាកក៏ដោយ”។
បវរកញ្ញាវ័យ ២៧ឆ្នាំរូបនេះ រៀបរាប់ទៀតថា៖ “ប៉ុន្តែដើម្បីបន្តដំណើរលើវិថីនេះ ខ្ញុំត្រូវតែរក្សាភាពស្មោះត្រង់ចំពោះតម្លៃរបស់ខ្ញុំ៖ ការគោរព សេចក្តីថ្លៃថ្នូរ ឧត្តមភាព និងឱកាសស្មើគ្នា គឺជាគោលជំហរដ៏រឹងមាំបំផុតដែលតែងតែនាំផ្លូវខ្ញុំកន្លងមក។ ពេញដោយការដឹងគុណ និងការគោរពយ៉ាងជ្រាលជ្រៅ ខ្ញុំសូមប្រកាសលាលែងពីតំណែងជាបវរកញ្ញាចក្កវាឡអាហ្វ្រិក និងអូសេអានី រួមទាំងសកម្មភាពទាំងអស់ជាមួយកម្មាធិការបវរកញ្ញាចក្រវាលដែលអាចកើតមានឡើងនៅពេលអនាគត”។


នាងបន្តថា “ពេញមួយដំណើររបស់ខ្ញុំក្នុងនាមជាទូតសុច្ឆន្ទៈ និងជាបវរកញ្ញាសម្រស់ ខ្ញុំបានបំពេញការងារដោយការប្តេជ្ញាចិត្ត ភាពក្លៀវក្លា វិន័យ និងការតាំងចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យសក្ដានុពលរបស់ខ្ញុំមានប្រសិទ្ធភាពបានយ៉ាងពេញលេញ ខ្ញុំត្រូវតែរក្សាជំហរយ៉ាងរឹងមាំជាមួយនឹងគោលការណ៍របស់ខ្ញុំ ដែលជាផ្លូវឆ្ពោះទៅរកឧត្តមភាព”។
មុននឹងបញ្ចប់ Olivia Yace ក៏បានចូលរួមអបអរសាទរដល់ Fátima Bosch ដែលជាបវរកញ្ញាតំណាងប្រទេសម៉ិកស៊ិក សម្រាប់ភាពជោគជ័យ ក្លាយជាម្ចាស់មកុដបវរកញ្ញាចក្កវាឡឆ្នាំ ២០២៥ ។ ទន្ទឹមគ្នានេះ នាងក៏បានជូនពរ Gabrielle Henry បវរកញ្ញាតំណាងប្រទេសហ្សាម៉ាអ៊ីក ឱ្យឆាប់ជាសះស្បើយផងដែរ ក្រោយនាងបានជួបឧបទ្ទវហេតុធ្លាក់ពីលើឆាក នៅថ្ងៃប្រកួតបឋម។


មុន Olivia Yace ប្រកាសលាលែងតំណែងមួយថ្ងៃ នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ Brigitta Schaback ដែលជាបវរកញ្ញាចក្កវាឡពីប្រទេសអេស្តូនី ក៏ប្រកាសលាលែងតំណែងដូចគ្នា ដោយនាងបានរៀបរាប់ថា៖ “គុណតម្លៃ និងក្រមសីលធម៌ការងាររបស់ខ្ញុំគឺមិនស្របគ្នាជាមួយនឹង National Director អ្នកនាង Natalie Korneitsik ទេ”។
នាងបានបន្តថា “ខ្ញុំការតាំងចិត្តរបស់ខ្ញុំគឺផ្ដោតទៅលើការផ្តល់អំណាច និងសមភាពដល់ស្ត្រី ហើយខ្ញុំនឹងបន្តការងារនេះដោយឯករាជ្យ ដោយគ្មានការជាប់ពាក់ព័ន្ធជាមួយបវរកញ្ញាចក្កវាឡអេស្តូនីបន្តទៀតទេ”។
ក្រោយមក Brigitta Schaback ក៏បានចែករំលែកសេចក្ដីប្រកាសលាលែងតំណែងរបស់ Olivia Yace នៅលើ Story Instagram របស់ខ្លួនដែរ ដោយនាងបានភ្ជាប់ជាមួយនឹងសំណេរថា៖ “មិនមែនមានតែខ្ញុំម្នាក់ទេ វាប្រាកដជាមានរឿងអ្វីហើយ”៕

























Account
Security
Favourite Content