ការបង្ហាញខ្លួនជាតារាកិត្តិយសរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី «ខ្លឹមព្រះនគរ» របស់ ទេព បូព្រឹក្ស ពិតជាធ្វើឲ្យអ្នកទស្សនាទាំងអស់ភ្ញាក់ផ្អើល មិនថាការបកស្រាយចម្រៀង និងឈុតសម្លៀកបំពាក់ឡើយ គឺម្ចាស់បទ «មានបទចម្រៀងណាឲ្យបងនឹកអូន» អស្ចារ្យខ្លាំងបំផុត។

ឱក សុគន្ធកញ្ញា គឺជាតារាស្រីនាំមុខប្រចាំប្រទេសមិនថាទឹកដមសំឡេង ក្បាច់រាំ ហើយកាន់តែពិសេសគឺការជ្រើសរើសសម្លៀកបំពាក់តែម្ដង។ មិនដែលឲ្យខុសពីសព្វមួយដង នាថ្ងៃកម្មវិធី «ខ្លឹមព្រះនគរ» របស់ តារាចម្រៀង ទេព បូព្រឹក្ស បានអញ្ជើញរៀមច្បងតារាស្រីវ័យ ៣៨ ឆ្នាំ ឲ្យបកស្រាយបទ «វីរនារី» រួមគ្នា។
ដោយសារតែកម្មវិធី «ខ្លឹមព្រះនគរ» ជាការសម្ដែងសិល្បៈច្រើនទម្រង់ និងមានសិល្បករ ចូលរួមប្រមាណ ៣០០នាក់ ដើម្បីផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា ម្ចាស់បទ «ក្រោកឈរ» ក៏បានរៀបចំខ្លួន ទាំងសម្លៀកបំពាក់ ទ្រង់គ្រឿង និងគ្រឿងអលង្ការបែបបុរាណដូចគ្នា។

គ្រាន់តែ កញ្ញាដើរចេញមកភ្លាម អ្នកដែលទៅទស្សនាផ្ទាល់ស្រែកហ៊ោនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ភ្លាមៗតែម្ដង។ ការសម្ដែងបទ «វីរនារី» គឺបង្ហាញពីទស្សនីយភាពសិល្បៈបុរាណខ្មែរជាច្រើនទម្រង់ ដូចនេះហើយឈុតដែលច្នៃឡើងបែបសហសម័យរបស់ហាង សុផលកាត់ដេរ សម្រាប់ ឱក សុគន្ធកញ្ញា ពិតជាអស្ចារ្យ។
សម្លៀកបំពាក់របស់តារាស្រីកំពូលនារាត្រីនោះ គឺច្នៃឡើងពីកំណាត់ស្ដើងពណ៌បៃតងលាយឡំជាមួយពណ៌មាស បែបជារ៉ូប តែមានស្បៃខ្វាត់ខ្វែង និងមានមកុដ ព្រមទាំងខ្សែក្រវាត់ ឬខឹមខាត់, ទំហ៊ូ, សុរ៉ងក, ចិញ្ចៀនក្រង, កងរាក់ ជាដើម។ នរណាៗក៏សរសើរពីឈុតដ៏ប្រណីត និងស្អាត ដែលមិនធ្លាប់ឃើញបែបនេះឡើយ។ ដ្បិតថាជាឈុតបុរាណ លាយសម័យ តែមើលយ៉ាងណាក៏នៅតែជាទម្រង់ដើមនៃសិល្បៈសម្លៀកបំពាក់ខ្មែរដដែល៕




រូបភាព៖ Tep Boprek, Aok Sokunkanha និង សុផលកាត់ដេរ























Account
Security
Favourite Content