លោក Andy Lau ឬមហាជនគ្រប់គ្នាស្គាល់ថា លី តាវហួរ ជាតារាហុងកុងជើងចាស់ដ៏ល្បីមួយរូប។ មកទល់ពេលនេះ លោកបានបង្ហាញខ្លួនក្នុងភាពយន្ដកុនមិនតិចជាង ៥០ រឿងឡើយ និងបន្សល់ទុកស្នាដៃអស្ចារ្យជាច្រើន។ ក្រៅពីអាជីពជាអ្នកសម្ដែង លោកជាផលិតករ អ្នកដឹកនាំ និងតារាចម្រៀងដ៏ឆ្នើមម្នាក់។ ជាពិសេស លោកត្រូវបានមហាជនជុំវិញពិភពលោកចាត់ទុកជាតារារៀមច្បងលេចធ្លោម្នាក់ និងជាបុគ្គលមានអត្ដចរិតល្អផងដែរ។

កាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៣ មហោស្រពភាពយន្ត Toronto បានប្រកាសថា តារាប្រុសវ័យ ៦១ ឆ្នាំរូបនេះនឹងទទួលបានពានរង្វាន់ពិសេសធំមួយ។ កម្មវិធីទទួលពានរង្វាន់មហោស្រពភាពយន្ត Toronto លើកទី ៤៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣ ខាងមុខ។ តារាប្រុស Andy Lau នឹងទទួលបានពានរង្វាន់ “Special Contribution Award”។ ពានរង្វាន់នេះផ្ដល់ឱ្យក្នុងគោលបំណងអរគុណចំពោះរូបលោកដែលជាចំណែកចូលរួមបង្កើតភាពយន្ដមានគុណភាព និងជាតារាលេចធ្លោម្នាក់ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក។ រូបលោកនឹងត្រូវឡើងទទួលរង្វាន់នេះនៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៣ ខាងមុខ។


គួរបញ្ជាក់ថា តារាប្រុស Andy Lau ធ្លាប់បានចូលរួមក្នុងមហោស្រពភាពយន្ត Toronto ជាលើកដំបូងក្នុងឆ្នាំ ២០០១។ នៅឆ្នាំ ២០២៣ ជាឆ្នាំពិសេសសម្រាប់រូបលោកដែលមានឱកាសទទួលបានពានរង្វាន់ពិសេសនេះ។ មហោស្រពភាពយន្ត Toronto បានចាត់ទុកលោក Andy Lau ជាអ្នកតំណាងអស្ចារ្យម្នាក់ក្នុងវិស័យសិល្បៈ ទេពកោសល្យចម្រុះរបស់លោកអមជាមួយនឹងស្នាដៃភាពយន្តដ៏គួរឱ្យចាប់អារម្មណ៍ និងមានភាពទាក់ទាញគឺជាការត្រួសត្រាយផ្លូវមួយសម្រាប់តារាសម្ដែងក្មេងៗជំនាន់ក្រោយ៕




























Account
Security
Favourite Content