ឆ្នាំ ២០២៥នេះ ចាត់ទុកជាឆ្នាំដ៏ជោគជ័យមួយនៅក្នុងវិស័យភាពយន្តភាគរបស់ចិន ខណៈដែលមានរឿងភាគជាច្រើនចំណងជើងទទួលបានជោគជ័យទាំងចំណោមទស្សនិកជនក្នុងស្រុក និងក្រៅស្រុក។
ជារឿងដែលមិនអាចប្រកែកបាន ប្រជាប្រិយភាពទាំងនេះកើតឡើងក៏ដោយសារតែមានការចូលរួមចំណែកមួយផ្នែកធំពីតួអង្គសំខាន់ៗនៅក្នុងសាច់រឿងផងដែរ ជាពិសេស គឺតួឯកទាំងគូតែម្ដង។ ហើយខាងក្រោមនេះ គឺជាតារាសម្ដែងប្រុស ៧រូប ដែលទទួលបានប្រជាប្រិយភាពខ្លាំងក្នុងវិស័យភាពយន្តភាគចិនប្រចាំឆ្នាំ ២០២៥ នេះ៖
១. Liu Yuning ពីរឿង The Prisoner of Beauty

ការសម្ដែងជាតួអង្គ Wei Sao នៅក្នុងរឿង The Prisoner of Beauty បានបង្ហាញភាពលេចធ្លោរបស់ Liu Yining ក្នុងនាមជាអ្នកយុទ្ធសាស្រ្តឥតមនោសញ្ចេតនាពេញដោយគំនុំ ខណៈលោកនៅតែអាចបង្ហាញមន្តស្នេហ៍នៅក្នុងឈុតឆាកដែលមានសាច់រឿងតានតឹង។ តារាប្រុសវ័យ ៣៥ឆ្នាំទទួលបានការសរសើរពីទស្សនិកជនទៅលើសមត្ថភាពការសម្ដែងជាបុរសមុខមាំ និងអារម្មណ៍ដែលកប់ជ្រៅនៅក្នុងផ្លូវចិត្តរបស់តួអង្គ។
២. Bai Jingting ពីរឿង The First Frost

នៅក្នុងរឿង The First Frost តារាប្រុស Bai Jingting ដែលសម្ដែងជាតួអង្គ Sang Yan បានបង្កើតរូបភាពថ្មីនៃតួអង្គ CEO ដែលទស្សនិកជនធ្លាប់ចងចាំកន្លងមក។ ក្នុងរូបភាពជាបុរសសុភាពរាបសា តែម៉ឹងម៉ាត់របស់ Sang Yan ជាមួយនឹងសមត្ថភាពសម្ដែងដូចធម្មជាតិរបស់ Bai Jingting បានធ្វើឱ្យលោកក្លាយជាទីពេញចិត្តរបស់អ្នកនិយមទស្សនាភាពយន្តមនោសញ្ចេតនាចិន។
៣. Xiao Zhan ពីរឿង The Legend of Zang Hai

ត្រឡប់មកវិញជាមួយនឹងភាពយន្តភាគមានគ្រប់រសជាតិរឿង The Legend of Zang Hai តារាប្រុស Xiao Zhan ទទួលបានការកោតសរសើរពីទស្សនិកជនទៅលើការសម្ដែងដ៏ស៊ីជម្រៅ មានទាំងអារម្មណ៍សោកសៅ ការលះបង់ និងការតស៊ូរបស់តួអង្គ Zhang Hai។ ភាពលេចធ្លោរបស់ Xiao Zhan គួបផ្សំនឹងសាច់រឿងដ៏ស្មុគស្មាញ ទើបធ្វើឱ្យ The Legend of Zang Hai ក្លាយជាភាពយន្តភាគពេញនិយមបំផុតមួយនៅក្នុងឆ្នាំនេះ។
៤. Dylan Wang ពីរឿង Guardians of the Dafeng

ដ្បិតមានលាយឡំនឹងភាពកំប្លុកកំប្លែងក្ដី តែការសម្ដែងជាតួអង្គបុរសឆ្លងភាពរបស់ Dylan Wang នៅក្នុងរឿង Guardians of the Dafeng បានទទួលការចាប់អារម្មណ៍ទៅលើការសម្ដែងពេញដោយថាមពលក្នុងពិភពក្បាច់គុណ និងនយោបាយ។ បន្ថែមពីនេះ ភាពប៉ិនប្រសប់ទៅលើឈុតឆាកប្រយុទ្ធ និងភាពមោះមុតរបស់តួអង្គ Xu Qi’an ក៏ជាចំណុចទាក់ទាញរបស់ Dylan Wang ផងដែរ។
៥. Zhang Linghe ពីរឿង The Best Thing

ក្រៅពីមានសាច់រឿងថ្មី ខុសប្លែកពីរឿងមនោសញ្ចេតនានានា The Best Thing ក៏ទទួលបានការពេញនិយមព្រោះតែការសម្ដែងរបស់ Zhang Linghe ជាតួឯកប្រុស He Su Ye ដែរ។ ជាក់ស្ដែង តារាប្រុសវ័យ ២៧ឆ្នាំបានកែប្រែរូបភាពជាតួឯកប្រុសល្អឥតខ្ចោះ ឱ្យមានភាពធម្មជាតិជាងមុន ជាហេតុផលនាំទស្សនិកជនឱ្យជក់ចិត្ត និងអាចធ្លាក់ក្នុងជម្រៅមនោសញ្ចេតនានៃសាច់រឿងបានកាន់តែស៊ីជម្រៅជាងមុន។
៦. Yang Yang ពីរឿង Zhan Zhao Adventures និង The Immortal Ascension

នៅក្នុងឆ្នាំនេះ Yang Yang បានបញ្ចេញស្នាដៃចំនួន ២ រឿង ២រសជាតិដែលបង្ហាញពីភាពលេចធ្លោផ្សេងគ្នា។ ជាក់ស្ដែង នៅក្នុងរឿង Zhan Zhao Adventure លោកត្រូវប្រើប្រាស់អារម្មណ៍ច្រើន បង្ហាញពីភាពវេទនាដែលត្រូវជួបជោគវាសនាកម្សត់ ខុសប្លែកពីរឿង The Immortal Ascension ដែលលោកត្រូវសម្ដែងជាអ្នកប្រយុទ្ធដ៏អង់អាចម្នាក់។
៧. Li Xian ពីរឿង In The Name of Blossom

នៅក្នុងរឿង In The Name of Blossom តារាប្រុស Li Xian ត្រូវសម្ដែងជាតួអង្គ Jiang Changyang ដែលជាអភិជនអ្នកថ្លៃថ្នូរ តែមានបញ្ហាស្មុគស្មាញខាងផ្លូវអារម្មណ៍។ នៅក្នុងរឿងនេះ តារាប្រុសវ័យ ៣៤ឆ្នាំត្រូវប្រើប្រាស់ក្រសែភ្នែក និងភាពដាច់ខាតនៃពាក្យសម្ដីដើម្បីឱ្យសមនឹងចរិតម៉ឹងម៉ាត់របស់តួអង្គ ដែលជាចំណុចមួយនាំឱ្យលោកទទួលបានការកោតសរសើរទាំងពីសំណាក់អ្នកដឹកនាំរឿង និងទស្សនិកជន ៕























Account
Security
Favourite Content