ព្រឹត្តិការណ៍ប្រគំតន្ត្រី Sabaidee Fest ដែលរៀបចំលើទឹកដីអាមេរិកឆ្នាំនេះ បានអញ្ជើញតារាពីផលិតកម្មបារមី ដល់ទៅ ៥ នាក់ ដើម្បីសម្ដែងជូនទស្សនិកជន។ សម្រាប់អ្នកគាំទ្រតារាខ្មែរ ដែលរស់នៅលើទឹកដីអាមេរិក ពិតជាមិនធម្មតាឡើយ ដោយថ្មីៗនេះ Sabaidee Fest បានប្រកាសឲ្យដឹងថា សំបុត្រសម្រាប់ការចូលទស្សនាការប្រគំតន្រ្តី ថ្ងៃ ១៩ ខែកក្កដា ឆ្នាំ ២០២៥ បានលក់អស់ហើយ។

តារាចម្រៀង ៥ រូបរបស់ បារមី ដែលនឹងត្រូវឡើងសម្ដែងលើឆាក Sabaidee Fest មានដូចជា កំពូលតារារ៉េប វណ្ណដា, វណ្ណថាន, យូហៃ, នរិទ្ធ និង រ៉េត ស៊ូហ្សាណា។ ឆាកតន្ត្រីដ៏ធំអស្ចារ្យ Sabaidee Fest ទឹកដីអាមេរិក ក្រៅពីសិល្បករនៃផលិតកម្ម បារមី ៥ ដួងហើយនោះ ក៏មានតារាខ្មែរ១រូបទៀតដែរ នោះគឺ វុទ្ធា របស់ Klapyahandz ព្រមទាំងតារាប្រុសស្រីល្បីៗមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីជាច្រើនរូបទៀត។
ក្នុងការបរិយាយរបស់ Sabaidee Fest បានរៀបរាប់ថា “BARAMEY UNPLUGGED: សំឡេងតន្ត្រីខ្មែរបន្លឺឡើងនៅលើឆាកអន្តរជាតិ៖
ជួបជាមួយតារាកិត្តិយសមកពីប្រទេសកម្ពុជាទាំង ៥ ដួងដ៏មានឥទ្ធិពលលើវិស័យតន្ត្រី នៅថ្ងៃសៅរ៍ ទី ១៩ ខែ កក្កដា ចាប់ពីម៉ោង ១:៣០ រសៀលខាងមុខនេះ។ សិល្បករ សិល្បការិនីនៃផលិតកម្មបារមី មានជំនាញយ៉ាងប៉ិនប្រសប់ ក្នុងការលាយបញ្ចូលវប្បធម៌ និងសំឡេងតន្ត្រីបុរាណដែលដូនតាខ្មែរបានបន្សល់ទុកឱ្យ ជាមួយនឹងសំឡេងតន្ត្រីសម័យទៅក្នុងបទចម្រៀងរបស់គាត់គ្រប់គ្នា ដើម្បីរក្សាអត្តសញ្ញាណ និងបន្សល់ទុកនូវមរតកដ៏យូរអង្វែង សម្រាប់មនុស្សជំនាន់ក្រោយ។ ពួកគេបានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញទាំងក្នុងស្រុក និងក្រៅស្រុកក្រោមការគាំទ្រ និងជំរុញរបស់ផលិតកម្មបារមីដែលកំពុងឈានមុខគេនៅកម្ពុជា។ ចូលរួមជាមួយគ្នា និងទស្សនាការសម្ដែងនៅ Asian Art Museum ដើម្បីអបអរសាទរអត្តសញ្ញាណខ្មែរ ភាពច្នៃប្រតិដ្ឋ និងជំពូកបន្ទាប់នៃតន្ត្រីខ្មែរ”។
គួរបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៤ កន្លងទៅ Sabaidee Fest បានអញ្ជើញសិល្បករ ២ រូបពី Baramey Crew គឺ វណ្ណដា និង វណ្ណថាន ដើម្បីសម្ដែងលើឆាកតន្រ្តីដ៏ធំនោះ ហើយ ២០២៥ នេះដោយសារទទួលបានការគាំទ្រខ្លាំងពីឆ្នាំមុន បារមី មានសិល្បករដល់ទៅ ៥ រូប សម្ដែងលើឆាកតន្រ្តី Sabaidee Fest ហើយសំបុត្រដាក់លក់ភ្លាម អស់ភ្លែតតែម្ដង៕






រូបភាព៖ Sabaidee Fest និង Baramey Production























Account
Security
Favourite Content