កម្មវិធីបង្ហាញម៉ូដខោអាវក្នុង Victoria’s Secret កាលពីមុន គឺជាទីពេញនិយមបំផុតសម្រាប់អតិថិជនរបស់ម៉ាកយីហោមួយនេះ ព្រោះបានទស្សនាម៉ូដថ្មីដែលមានបន្ថែមការតុបតែងប្លែកៗ និងបានគយគន់តារាម៉ូដែលជាច្រើនដែលមានសម្រស់ដូចទេពធីតា មកបង្ហាញរូបរាងដ៏សិចស៊ី។

ពេលនេះប្រេនសម្លៀកបំពាក់ដ៏ល្បីលំដាប់ពិភពលោក Victoria’s Secret បានប្រកាសកម្មវិធីបង្ហាញម៉ូដខោអាវរបស់ខ្លួនវិញហើយ ក្រោយផ្អាកអស់រយៈពេល ៥ ឆ្នាំ។ ពេលវេលាចុងក្រោយដែលយីហោនេះរៀបចំកម្មវិធី runway show គឺនៅឆ្នាំ ២០១៨ ខណៈពេលដែលឆ្នាំមុន Victoria’s Secret បានចាក់ផ្សាយកម្មវិធីបង្ហាញម៉ូដក្នុងទម្រង់ជាភាពយន្តឯកសារ – Victoria’s Secret: The Tour ’23 – នៅលើ Prime Video កាលពីខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ។
កាលពីថ្ងៃពុធម្សិលមិញនេះ ក្រុមហ៊ុនបានប្រកាសនៅលើ Instagram ថាការ Iconic show នេះ នឹងត្រលប់មកវិញនៅរដូវស្លឹកឈើជ្រុះនេះ តែមិនទាន់ប្រកាសកាលបរិច្ឆេទច្បាស់លាស់នៅឡើយ។


Victoria’s Secret បានដាក់ចំណងជើងវីដេអូអំពីការប្រកាសថា “We’ve read the comments and heard you”។ បន្ថែមពីនោះ យីហោខោអាវក្នុងដ៏ល្បីនោះបានបញ្ជាក់ថា កម្មវិធីបង្ហាញម៉ូដ Victoria’s Secret Fashion Show បានត្រលប់មកវិញ ហើយនឹងឆ្លុះបញ្ចាំងពីអ្វីដែលខ្លួនមាននាពេលបច្ចុប្បន្ន បូករួមទាំងអ្វីគ្រប់យ៉ាងដែលទស្សនិកជនបានស្គាល់ស្រាប់ និងចូលចិត្ត ដូចជាភាពស្រស់បំព្រងនៃកម្មវិធី,ភាពអស្ចារ្យនៃសម្លៀកបំពាក់, ឆាកដើរបង្ហាញម៉ូដ,តារាបង្ហាញម៉ូដ, ស្លាប Angle , ការកម្សាន្តចម្រៀង និងតន្ត្រី និងអ្វីជាច្រើនទៀត។
គួរបញ្ជាក់ថា កម្មវិធីបង្ហាញម៉ូដខោអាវ Victoria’s Secret គឺជាកម្មវិធីដ៏ល្បីខ្លាំង ហើយសូម្បីតែតារាម៉ូដែលល្បីៗដែលមិនធ្លាប់បានចូលរួមដើរបង្ហាញម៉ូដឲ្យកម្មវិធីនេះ សុទ្ធតែប៉ងចង់ចូលរួមដើរលើឆាកដ៏ធំមួយនេះគ្រប់គ្នា។
ឆ្នាំ ២០១៩ ការបង្ហាញម៉ូដប្រចាំឆ្នាំត្រូវបានប្រកាសលុបចោលបន្ទាប់ពីពីចម្រូងចម្រាសទាំងក្រៅ ទាំងក្នុងបានកើតឡើង។ កម្មវិធីនេះក៏ធ្លាប់ប្រឈមនឹងការរិះគន់ចំពោះការខ្វះការរួមបញ្ចូលគ្នារវាងម៉ូដែលស្បែកខ្មៅ និងម៉ូដែលស្បែកសនៅលើឆាកបង្ហាញម៉ូដ ដោយគេចង់ថាតារាស្បែកខ្មៅ និងលឿងមិនសូវស្មើគ្នានឹងតារាម៉ូដែលស្បែកស។

ក្រុមហ៊ុន Victoria’s Secret មិនមែនមានតែខោអាវក្នុងប៉ុណ្ណោះទេ មានសម្លៀកបំពាក់គេង ឈុត ហែលទឹក សម្លៀកបំពាក់កីឡា ទឹកអប់ ឡេ គ្រឿងសម្អាង និងផលិតផលថែរក្សាសម្រស់ជាដើម។ Victoria’s Secret ជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលបង្កើតឡើងតាំងពីឆ្នាំ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ១៩៧៧ ដោយលោក Roy Raymondនិង Gaye Raymond និងមានទីតាំង ជាង ១ ០ ៧០ (២០២០) ហើយមកដល់ ២០២១ នៅសល់ ៧៧៥៕


































































Account
Security
Favourite Content