ប្រិយមិត្តប្រហែលនៅចាំ ឌី លីកា Miss Grand Cambodia 2018 ដែលនាងធ្លាប់តំណាងឱ្យកម្ពុជាចេញទៅប្រកួតប្រជែង Miss Grand International 2018 នៅប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ ២០១៨។ តាមការកត់សម្គាល់ ឌី លីកា មានទីផ្សារសិល្បៈខ្ពស់គួរសម ក្រោយនាងត្រឡប់ពីប្រកួតវិញ ទោះបីនាងមិនជាប់ចំណាត់ថ្នាក់ណាមួយក៏ដោយ ក៏ផលិតករជាច្រើនចាប់អារម្មណ៍ហៅនាងថតភាពយន្ត ថតស្ប៉តពាណិជ្ជកម្ម និងថតសម្អាងការ ជាដើម។
គួរឱ្យសោកស្តាយ បវរកញ្ញាសម្បុរស្រអែមស្រស់នេះ បានបាត់មុខពីការងារសិល្បៈមួយរយៈធំ ក្រោយរៀបការសាងគ្រួសារជាមួយលោក កែវ អមរា កាលពីឆ្នាំ ២០២១ ដោយគេមិនសូវឃើញនាងចេញមុខធ្វើការងារសិល្បៈដូចមុនទេ ប៉ុន្តែនាងនៅតែឆ្លៀតចូលរួមកម្មវិធីសិល្បៈខ្លះតាមការអញ្ជើញរបស់សិល្បកររួមអាជីព។


ការពិតពីក្រោយការបាត់មុខពីសិល្បៈរបស់ ឌី លីកា ត្រូវគេដឹងថា ក៏ព្រោះតែនាងងាកទៅធ្វើជំនួញជំនួសវិញ ដោយនាងបានសំងំបើកហាងសាឡនមួយឈ្មោះថា 7AM Salon&Spa នៅម្តុំបឹងសាឡាង។
Miss Grand Cambodia 2018 ប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកមួយដឹងថា ប្រសិនបើនាងទំនេរ នាងនៅតែឆ្លៀតពេលចូលរួមការងារសិល្បៈខ្លះៗ ព្រោះមិនទាន់ដាច់ចិត្តចោលសិល្បៈឡើយ ពោលឱ្យតែកម្មវិធីធំៗ ហើយនាងអាចចូលរួមបានគឺនាងសប្បាយចិត្ត។ លីកា ថាសព្វថ្ងៃនាងជាម្ចាស់ហាងសាឡនមួយកន្លែង ហើយក៏លក់ផលិតផលប្រចាំក្រុមហ៊ុន សម្រស់ធម្មជាតិ ផងដែរ។ ហើយពេលនេះមុខរបរទាំងពីរ កំពុងដើរទៅមុខរលូន ធ្វើឱ្យនាងកាន់តែរវល់។



មិនត្រឹមជាម្ចាស់ហាងប៉ុណ្ណោះទេ ឌី លីកា ក៏ជាជាងធ្វើផ្ទាល់ផងដែរ ដោយជាញឹកញាប់គេតែងឃើញនាងបង្ហោះសកម្មភាពកាត់សក់ ធ្វើសក់ឱ្យភ្ញៀវលើបណ្តាញសង្គមហ្វេសប៊ុក ហើយតែងតែណែនាំឱ្យពុកម៉ែបងប្អូនជ្រើសរើសសេវាកម្មសាឡនណាដែលល្អ មានគុណភាព ជៀសវាងការស្តាយក្រោយនៅពេលក្រោយ។
ទោះបីជាសព្វថ្ងៃ ឌី លីកា ងាកទៅផ្តោតលើការងារក្រៅសិល្បៈច្រើនក៏ពិតមែន តែនាងនៅតែឈឺឆ្អាលរឿងរ៉ាវក្នុងរង្វង់សិល្បៈ ពិសេសការប្រកួតប្រជែងសម្រស់តែម្តង ដោយនាងតែងតែប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន ដើម្បីបង្ហោះ និងចែករំលែកបេក្ខភាពកម្ពុជាគ្រប់ពេលចេញទៅប្រកួតនៅអន្តរជាតិៗម្តងៗ៕

























Account
Security
Favourite Content