ថ្មីៗនេះកាសែតដ៏ធំរបស់សហរដ្ឋអាមេរិក The New York Times បានចុះផ្សាយអំពីដំណើរជីវិតរបស់ព្រឹទ្ធាចារ្យ គង់ ណៃ ជាវីរសិល្បកររបស់កម្ពុជា ក្រោយពីលោកតាបានរួចជីវិតផុតរបបប្រល័យពូជសាសន៍ និងចែករំលែកមរតកចាប៉ីទៅឱ្យកូនចៅខ្មែរជំនាន់ក្រោយ។

យោងតាមកាសែតរបស់អាមេរិកដដែលនោះ បានសរសេរថា នៅជំនាន់របស់លោកតា គង់ ណៃ មានសិល្បករខ្មែរចំនួនតូចប៉ុណ្ណោះដែលបានរួចផុតមានជីវិតពីរបបខ្មែរក្រហមឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយប្រជាជនមួយភាគបួននៃប្រទេសត្រូវបានសម្លាប់យ៉ាងរង្គាល។ រំឭកទៅកាលលោកតានៅមានជីវិតធ្លាប់លើកឡើងថាអំពីដើមចម ដែលលោកតាបង្រៀនកូនចៅជំនាន់ក្រោយនូវឧបករណ៍ភ្លេងបុរាណខ្មែរមានអាយុកាលរាប់រយឆ្នាំនេះ និងការសម្ដែងបទភ្លេងចាប៉ីនៅកម្មវិធីក្នុងស្រុកព្រមទាំងលើកឆាកអន្តរជាតិផងដែរ។

កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ លោកតា គង់ ណៃ គឺជាកូនប្រុសម្នាក់ក្នុងចំណោមបងប្អូន ១០ នាក់ដោយមានឪពុកម្ដាយជាកសិករ ប៉ុន្តែជាអកុសលលោកតាបានបាត់បង់ភ្នែកបន្ទាប់ពីមានជំងឺធ្ងន់ធ្ងរក្នុងវ័យកុមារ។ នេះបើតាមលោក គង់ បូរ៉ាន់ ជាកូនប្រុសបង្កើតរបស់ព្រឹទ្ធាចារ្យធ្លាប់បានលើកឡើង។
កាលមានវ័យជំទង់ លោកតាបានសុំឱ្យពូរបស់លោក បង្រៀនចាប៉ីដោយពេលនោះពូរបស់លោកតាពិតជាមានចម្ងល់យ៉ាងខ្លាំង ថាតើលោកតា គង់ ណៃ អាចរៀនបានដោយរបៀបណា បើគាត់ពិការភ្នែក។ ដោយឆន្ទៈមិនបោះបង់ លោកតាបាននិយាយថា “ខ្ញុំនឹងព្យាយាមចងចាំ”។

ក្នុងឆ្នាំ ២០០៧ លោកព្រឹទ្ធាចារ្យ គង់ ណៃ បានថ្លែងប្រាប់ទៅកាសែត The Guardian ថាខ្មែរក្រហមគ្រោងនឹងសម្លាប់គាត់ទៅហើយ ប៉ុន្តែជាសំណាងរបបខ្មែរក្រហមត្រូវបានដួលរលំជាមុន។ នៅពេលវិលត្រលប់មកស្រុកកំណើតវិញ លោកតាបានប្រកបរបរលេងចាប៉ីនៅក្នុងពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីចិញ្ចឹមជីវិតខ្លួន និងប្រពន្ធគឺលោកយាយ តាត ចាន់ ព្រមជាមួយកូនៗទាំង ១១ នាក់។
នាដើមទសវត្សរ៍ឆ្នាំ ៩០ ក្រុមគ្រួសារលោកបានផ្លាស់ប្ដូរមករស់នៅទីក្រុងភ្នំពេញ ហើយក៏ចាប់ផ្ដើមមានកេរ្ដិ៍ឈ្មោះល្បីសុះសាយ តាមរយៈទឹកដមសំឡេង និងភាពប៉ិនប្រសព្វខាងវោហារជាដើម។ ជាមួយគ្នានេះផងដែរ ក្នុងចម្រៀងរបស់លោកតា គង់ ណៃ ជារឿយៗគឺបានបង្ហាញអំពីតម្លៃនៃសីលធម៌ ឬការអត្ថាធិប្បាយពីសង្គមផងដែរ។ ជាពិសេសលោកតាក៏បានប្រើប្រាស់ចាប៉ីដងវែង ដើម្បីជួយផ្សព្វផ្សាយពីវិធានការការពារខ្លួនកំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតផងដែរ។

ថ្លែងនៅទីក្រុង New York ក្នុងឆ្នាំ ២០១៣ លោកតាបានឱ្យដឹងថាសិល្បៈចាប៉ីដងវែងមិនមែនគ្រាន់ជាការតំណាលរឿងនិទានចាស់ៗប៉ុណ្ណោះទេ តែក៏មានភ្ជាប់ជាមួយនឹងសារអប់រំ ក៏ដូចជាការរិះគន់សង្គមផងដែរ។ ផ្អែមតាមលោកស្រី Catherine Grant អ្នកស្រាវជ្រាវតន្ត្រីនៅប្រទេសអូស្ត្រាលីបាននិយាយថាអាជីពរបស់លោកតា គង់ ណៃ បានបង្ហាញថាតន្ត្រីប្រពៃណីមិនចាំបាច់ត្រូវបានបញ្ជូនទៅអតីតកាលនោះទេ។ លោកស្រីបានបន្ដទៀតថាលោកតាគឺជាសិល្បករខ្មែរដ៏ពិសេសមួយរូបដែលខ្លួនលោកផ្ទាល់ និងចាប៉ីដងវែងគឺជាប្រភពនៃមោទនភាពវប្បធម៌យ៉ាងពិតប្រាកដ។ មោទនភាពនេះផងដែរត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងសម័យទំនើបតាមរយៈបទចម្រៀង Time To Rise ដែលជាការសហការជាមួយតារារ៉េបលំដាប់ប្រទេស វណ្ណដា ក្នុងឆ្នាំ ២០២១ ថែមទាំងបានបង្ហាញនៅក្នុងព្រឹត្តិការណ៍បិទកីឡាជាតិ នៅពហុកីឡដ្ឋានជាតិមរតកតេជោឆ្នាំ ២០២២ ទៀតផង៕























































Account
Security
Favourite Content