តាមរយៈបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយលើកដំបូងក្នុងរយៈពេល ១១ឆ្នាំ T.O.P សុំទោសចំពោះកំហុសរបស់លោក ដែលធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ Big Bang និងទង្វើមិនសមរម្យដែលខ្លួនបានធ្វើទៅលើអ្នកគាំទ្រ។
កាលពីពេលថ្មីនេះ ការវិលត្រឡប់មកវិញរបស់តាចម្រៀងកូរ៉េខាងត្បូង លោក T.O.P តាមរយៈរឿងភាគ Squid Game 2 កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដែលនាំឱ្យលោកមានឱកាសបកស្រាយជាថ្មីពីកំហុសដែលខ្លួនធ្លាប់ធ្វើកន្លងមក។
វិលទៅកាន់ឆ្នាំ២០១៦វិញ តារាចម្រៀងដែលមានឈ្មោះពេញថា Choi Seung-hyun ធ្លាប់បានជាប់ពាក់ព័ន្ធទៅនឹងករណីប្រើប្រាស់គ្រឿងញៀន និងបានជាប់ក្នុងពន្ធនាគារអស់រយៈពេល១០ខែ និងបន្តព្យួរឈ្មោះអស់ពេល ២ឆ្នាំ។ លុះមកដល់ខែមិថុនា ឆ្នាំ២០២២ លោកក៏បានសម្រេចចិត្តលាលែងតំណែងជាសមាជិកក្រុម BIGBANG។
យោងតាមអត្ថបទចុះផ្សាយដោយ Allkpop នៅក្នុងកិច្ចសម្ភាសន៍ជាលើកដំបូងក្នុងពេលមួយទសវត្សរ៍ជាងនេះ T.O.P បានចាប់ផ្ដើមថា៖ “ក្នុងវ័យ ២០ឆ្នាំ ខ្ញុំបានទទួលសេចក្តីស្រឡាញ់ច្រើនជាងអ្វីដែលខ្ញុំសមនឹងទទួលបាន ហើយរីករាយនឹងភាពល្បីល្បាញដែលមិនអាចនឹកស្មានដល់ ប៉ុន្តែខ្ញុំក៏បានជួបប្រទះនឹងការដួលរលំ និងការបំផ្លិចបំផ្លាញជាលើកដំបូងក្នុងឆាកជីវិតរបស់ខ្ញុំ។ ខ្ញុំបានធ្លាក់ចូលក្នុងពេលវេលាដ៏ខ្មៅងងឹតដែលមិនអាចគេចចេញបាន”។
តារាចម្រៀងប្រុសវ័យ ៣៧ឆ្នាំរូបនេះ បានបន្តរៀបរាប់ទាក់ទិននឹងការចាកចេញពីក្រុមថា៖ “ខ្ញុំបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់ BIGBANG និងក្រុមហ៊ុនចាស់របស់ខ្ញុំជាច្រើនដង តាមរយៈកំហុស និងការសម្រេចចិត្តខុសៗ។ ខ្ញុំបានសម្រេចចិត្តចាកចេញពីក្រុម ដោយសារតែខ្ញុំមិនចង់ធ្វើឱ្យសមាជិកក្រុមកាន់តែឈឺចាប់ជាងនេះ។ ខ្ញុំចង់បញ្ជាក់ពីមូលហេតុពីក្រោយការចាកចេញឱ្យបានច្បាស់លាស់ តែខ្ញុំមិនអាចធ្វើបាននៅពេលនោះ”។
តារារ៉េបរូបនេះ បានបន្ថែមថា Still Life ជាការងារចុងក្រោយរបស់ខ្លួនក្នុងនាមជាអ្នកចម្រៀងក្នុងក្រុម BIGBANG ដូចនេះហើយលោកមានតែតាំងចិត្តធ្វើការងារនេះឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។
នៅពេលដែលអ្នកសារព័ត៌មានសួរថា លោកចង់ត្រឡប់មកធ្វើជាសមាជិក BIGBANG នៅថ្ងៃក្រោយម្ដងទៀតទេ? T.O.P បានតបវិញថា៖ “វាជារឿងគួរឱ្យអាម៉ាស់បើសិនជាខ្ញុំធ្វើបែបនេះ។ ខ្ញុំបានសម្រេចចិត្តតាំងតែពីយូរមកហើយថា ខ្ញុំមិនចង់បន្តបំផ្លាញមុខមាត់របស់ក្រុមបន្តទៀតទេ ហើយវាក៏មិនដែលប្រែប្រួលម្ដងណាឡើយ” ។
រំឭកដល់ទង្វើមិនគប្បីដែលធ្លាប់ធ្វើដាក់អ្នកគាំទ្រ លោកបានបង្ហាញស្មារតីដឹងកំហុសរបស់ខ្លួនជាពាក្យសម្ដីថា៖ “បើទោះបីជាខ្ញុំធ្លាប់បានឆ្លងកាត់ពេលវេលាដ៏ខ្មៅងងឹតក៏ពិតមែន អ្នកគាំទ្រមួយចំនួននៅតែនិយាយថា ពួកគេនៅរង់ចាំខ្ញុំឱ្យត្រឡប់ចូល BIGBANG វិញ តែពេលនោះខ្ញុំបានធ្វើការសម្រេចចិត្តយ៉ាងធ្វេសប្រហែស។ ខ្ញុំបានប្រើប្រាស់ពាក្យសម្ដីដ៏ល្ងីល្ងើ ដែលធ្វើឱ្យខ្ញុំនៅតែសោកស្ដាយរហូតមកដល់សពថ្ងៃនេះ”។
“ខ្ញុំដឹង ថាវាអាចគ្រាន់តែជាពាក្យដោះសា តែពេលនោះខ្ញុំមិនធ្លាប់ជួបទុក្ខកង្វល់ដល់ថ្នាក់នេះ រហូតខ្ញុំលែងអាចទប់ទល់នឹងអារម្មណ៍របស់ខ្លួនឯងបាន។ មានមនុស្សជាច្រើនដែលនៅចាំលើកទឹកចិត្តខ្ញុំ ក៏ប៉ុន្តែខ្ញុំបែរជាប្រើប្រាស់ពាក្យសម្ដីដែលធ្វើឱ្យពួកគេឈឺចាប់។ ខ្ញុំសោកស្ដាយនឹងអ្វីដែលខ្ញុំបានធ្វើ ហើយខ្ញុំជឿជាក់ថា ខ្ញុំនឹងសោកស្ដាយរហូតដល់ថ្ងៃដែលខ្ញុំស្លាប់” លោករៀបរាប់បន្តពីវិប្បដិសារីដូច្នេះ។
ពោលដោយដឹងកំហុស T.O.P បានពន្យល់ថា កន្លងមកមានរឿងរ៉ាវចម្រូងចម្រាស និងការយល់ច្រឡំជាច្រើនបានកើតឡើង ដែលលោកមិនបានចេញមកបកស្រាយឱ្យត្រូវពេលវេលា តែចាប់ពីពេលនេះទៅ លោកសន្យាថានឹងមិនមានហេតុកាណ៍តែមួយនេះកើតឡើងទៀតទេ។
មុននឹងបញ្ចប់ លោកក៏បានបង្ហើបដែលថា ៧ឆ្នាំកន្លងមកនេះ លោកបានចំណាយពេលក្នុងស្ទូឌីយោផលិតចម្រៀង ដែលជាហេតុផលតែមួយគត់ដែលអាចឱ្យលោកដកដង្ហើម និងរស់នៅបន្តបាន។ ដ្បិតមិនបានបញ្ចេញព័ត៌មានលម្អិតពីស្នាដៃទាំងនេះ តែលោកសង្ឈឹមថាចម្រៀងទាំងនេះនឹងអាចជួយកែប្រែកំហុសដែលលោកបានធ្វើចំពោះអ្នកគាំទ្រដែលនៅតែចាំគាំទ្រខ្លួននៅឡើយ៕