នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ តារាប្រុស SungMin ដែលជាសមាជិកក្រុម Super Junior បានប្រកាសពីដំណឹងល្អ ជូនដល់អ្នកគាំទ្រ ដោយលោកជិតក្លាយជាឳពុករបស់គេហើយ។ អមជាមួយការប្រកាស តារាប្រុសរូបនេះក៏បានបង្ហោះរូបភាពរបស់កូនលោកផងដែរ។ SungMin បានបង្ហាញពីអារម្មណ៍រីករាយ ព្រោះលោកបានរង់ចាំឱកាសមួយនេះជាយូរមកហើយ ដោយបានលើកឡើងថា អ្វីគ្រប់យ៉ាងនៅក្នុងពិភពលោកនេះ កាន់តែស្រស់បំព្រង និងមានន័យជាងមុន។ លោកមានមនុស្សម្នាក់ទៀតដែលត្រូវមើលថែ។



ជាមួយគ្នាដែរ SungMin ក៏បានអរគុណដល់អ្នកគាំទ្រ ជាច្រើន ដែលតែងផ្ដល់កម្លាំងចិត្ដ និងមិនទៅណាចោលរូបលោក។ លោកបានសន្យាថា នឹងបន្ដខិតខំប្រឹងប្រែង និងនាំអ្វីដែលថ្មីមកជូនអ្នកគាំទ្រ ពិសេសគឺចម្រៀងថ្មីតែម្ដង។
ទន្ទឹមនេះ ភរិយារបស់លោក Kim SaEun ក៏បានបង្ហោះសារ បង្ហាញពីអារម្មណ៍រីករាយជិតក្លាយជាម្ដាយរបស់គេ។ នាងបានលើកឡើងថា នាង និងស្វាមី បានរង់ចាំពេលវេលាមួយនេះអស់រយៈពេល ១០ ឆ្នាំហើយ។ កូនរបស់នាង បានមកនៅជាមួយនាង វាពិតជារឿងដ៏អស្ចារ្យមួយ។ នាងក៏សុំអភ័យទោសដែលប្រកាសដំណឹងនេះយឺតយ៉ាវ បន្ដិច តែនាងសង្ឃឹមអ្នកគាំទ្រទាំងអស់មិនប្រកាន់។


បើតាមការបញ្ជាក់របស់ Kim SaEun កូននៅក្នុងផ្ទៃរបស់នាងមានអាយុជាង ៨ ខែហើយ ដូច្នេះ តារាប្រុស SungMin និងភរិយា នឹងត្រៀមស្វាមគន៍កូនតូចឆាប់ៗ។ អ្នកទាំងពីរបានចាប់ដៃគ្នាចូលរោងមង្គលសាងគ្រួសារក្នុងឆ្នាំ ២០១៤។ អ្នកទាំងពីរក៏ជាគូស្នេហ៍ផ្អែមល្ហែមមួយក្នុងប្រទេសកូរ៉េខាងត្បូង៕

























Account
Security
Favourite Content