Sungjin បានចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការចាប់ផ្ដើមដំណើរនៅលើវិថីខេប៉ុប និងទំនួលខុសត្រូវក្នុងនាមជាមេក្រុម DAY6 តាមរយៈការចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Your Quiz on the Block ចាក់ផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញានេះ។

រំឭកត្រឡប់ទៅថ្ងៃដំបូងៗ បន្ទាប់ពីបានបង្ហាញខ្លួនជាក្រុមចម្រៀង DAY6 តារាប្រុសវ័យ ៣២ឆ្នាំ បានរៀបរាប់ថា វាគឺជាពេលវេលាដែលក្ដីស្រមៃដ៏ធំរបស់លោក បានជួបនឹងការពិតមិនគួរឱ្យជឿ។ Sungjin រៀបរាប់ថា៖ “ខ្ញុំមានមហិច្ឆតាធំ ដូចជាការសម្តែងនៅក្នុងកម្មវិធី Super Bowl ជាដើម ប៉ុន្តែបន្ទាប់ពី Debut ក្តីសុបិនទាំងនោះបានធ្លាក់ចុះតែម្ដង។ ប្រាក់ចំណូលដែលពួកយើងទទួលបានដំបូងគឺត្រឹមតែ ៣៦០០វ៉ុន (ប្រមាណ ២.៦ ដុល្លារអាមេរិក) ប៉ុណ្ណោះ”។
Sungjin បានបន្តថា ៖ “នៅពេលនោះ មី ១កំប៉ុងគឺថ្លៃ ៦០០វ៉ុន (ប្រមាណ ០.៤៣ ដុល្លារអាមេរិក) ។ ខ្ញុំគិតថា បើសិនជាយើងសន្សំសំចៃបន្តិច យើងអាចទិញមីបាន ៦ កំប៉ុងក្នុងមួយខែ”។
“ក្នុងនាមជាមេក្រុម ខ្ញុំគិតថាខ្ញុំត្រូវតែទទួលខុសត្រូវទៅលើកូនក្រុមខ្ញុំ។ អ៊ីចឹងហើយ ខ្ញុំបានសុំប្រាក់ពីឪពុកម្ដាយខ្ញុំបន្ថែម និងយកប្រាក់នោះមានចំណាយជាមួយនឹងសមាជិកក្រុម។ យើងពិតជាមិនមានប្រាក់មែន នៅពេលនោះ” ដ្បិតមិនមែនជាតួនាទីរបស់ខ្លួនក៏ពិតមែន តែមេក្រុមរូបនេះ បានបង្ហាញភាពជាមេក្រុមបែបនេះ។

Sungjin បានចែករំលែកទៀតថា នៅគ្រានោះ លោកបានព្យាយាមផ្សព្វផ្សាយក្រុមឱ្យគេស្គាល់តាមគ្រប់វិធីដែលអាចធ្វើទៅបាន មិនថានៅពេលដែលលោកទៅញ៉ាំអាហារជុំគ្នាជាមួយនឹងក្រុមការងារដែលអញ្ជើញលោកចូលរួមជាភ្ញៀវកិត្តិយស ឬសូម្បីតែក្រុមអ្នកនិពន្ធដែលប្រឡូកក្នុងវិស័យនេះនោះទេ។
យ៉ាងណាមិញ កាលពីថ្ងៃទី៧ ខែកញ្ញា កន្លងទៅនេះ ក្រុមចម្រៀង DAY6 បានបន្តដំណើររបស់ខ្លួនចូលមកដល់ឆ្នាំទី ១០ហើយ។ នៅក្នុងឱកាសនៃគម្រប់ខួប ១ ទសវត្សរ៍ សមាជិកចំនួន ៤រូប គឺ Sungjin, Young K, Wonpil និង Dowoon បានអបអរសាទរ ដោយការបញ្ចេញអាល់ប៊ុមថ្មីដែលមានចំណងជើងថា THE DECADE៕























Account
Security
Favourite Content