កំពូលតារាចម្រៀងស្រីល្បីទាំងបទចម្រៀង មានសន្ដានចិត្ត អត្តចរិតល្អ ហើយមិនចេះវាយឫកធ្វើឲ្យអ្នកគាំទ្រទាំងប្រុសទាំងស្រីចាស់ក្មេងស្គាល់ ស្រលាញ់ចូលចិត្ត គឺ ឱក សុគន្ធកញ្ញា។
តារាចម្រៀងស្រីដែលមានទឹកដមសំឡេងធ្ងន់ និងបត់បែនបានគ្រប់ទម្រង់រូបនេះស្ថិតក្នុងវ័យ ៣៦ ជិតចូល ៣៧ ឆ្នាំរូបនេះ មិនត្រឹមតែមានទេពកោសល្យច្រៀងប៉ុណ្ណោះទេ នាងក៏តែងត្រូវមហាជនលួចសរសើរពីសមត្ថភាពក្នុងការតុបតែងខ្លួនដូចគ្នា មិនថាឡើងឆាកប្រគំតន្ត្រី,ចូលរួមកម្មវិធីអ្នកសិល្បៈ ឬជាអ្នកតំណាងកម្ពុជាលើឆាកអន្តរជាតិឡើយ អ្នកម្ដាយកូន២ ដ៏ស៊ីវិល័យរូបនេះ ពិតជារៀបចំបានយ៉ាងសមសួនគ្រប់កាលៈទេសៈ។
មហាជនពិតជាមានចម្ងល់ថា តើតារាចម្រៀងស្រីវ័យជ្រេ ដែលប្រឡូកសិល្បៈតាំងពីក្មេងវ័យហេតុអ្វីនៅទទួលបានការស្រលាញ់ និងគាំទ្រមិនចេះដាច់ បើទោះជារៀបការ និងបង្កើតកូនប្រុសដល់ទៅ២ រូប បានយ៉ាងម៉េច? ខាងក្រោមនេះជាចំណុចពិសេសៗមួយចំនួន៖


១. មានមូលដ្ឋានគ្រឹះត្រឹមត្រូវ
ឱក សុគន្ធកញ្ញា កើតចេញពីពូជអ្នកសិល្បៈស្រាប់ និងទទួលបានការបណ្ដុះបណ្ដាលនៅសាលាភូមិន្ទវិចិត្រសិល្បៈតែម្ដង គឺបានហ្វឹកហាត់យ៉ាងត្រឹមត្រូវ។ ក្នុងនោះ កញ្ញា ធ្លាប់បាននិយាយថា ដោយសារមានមូលដ្ឋានគ្រឹះរាំរបាំបុរាណខ្មែរ ទើបធ្វើឲ្យនាងអាចរាំចង្វាក់បែបសម័យបានយ៉ាងរស់រវើក។ ពេលឡើងសម្ដែង ឬច្រៀងម្ដងៗអ្នកនាងឆក់បានចំណាប់អារម្មណ៍ពីទស្សនិកជនខ្លាំងលើសលប់។ ព្រោះតែបទពិសោធន៍ដ៏ក្រាស់ក្រែលនៃការប្រឡូកសិល្បៈជាង ២០ ឆ្នាំមកនេះ ធ្វើឲ្យ កញ្ញា មានឱកាសក្លាយជាគ្រូបង្វឹក និងគណៈកម្មការកម្មវិធីប្រកួតសមត្ថភាពផ្សេងៗ ហើយបានផ្ដល់ដំបូន្មានល្អៗដល់បេក្ខជនគ្រប់គ្នា។


២. ដាក់មនោសញ្ចេតនាក្នុងបទចម្រៀង
សឹងគ្រប់បទទាំងអស់ដែល សុគន្ធកញ្ញា បានច្រៀងមិនថាជាបទមនោសញ្ចេតនា ឬញាក់កន្ត្រាក់អារម្មណ៍ឡើយ សុទ្ធតែដាក់ការខិតខំ និងកម្លាំងកាយចិត្តចូលទៅក្នុងនោះ។ មិនត្រឹមតែបទចម្រៀងឡើយដែលកំពូលតារាស្រីរូបនេះខំប្រឹង ចង្វាក់ភ្លេង និងក្បាច់រាំនីមួយៗ កញ្ញា តែងតែធ្វើការយ៉ាងផ្ចិតផ្ចង់ ហ្មត់ចត់ជាមួយអ្នកជំនាញគ្រប់ផ្នែក ធ្វើឲ្យបទចម្រៀងនីមួយៗចេញមកល្អឥតខ្ចោះ ទាក់ចិត្តអ្នកស្ដាប់គ្រប់គ្នាមិនថាអត្ថន័យ ឬសាច់រឿងក្នុង MV ចម្រៀងឡើយ។
៣. ពូកែរៀបចំខ្លួន
មិនថាក្នុងបទចម្រៀង ឬជីវិតខាងក្រៅឡើយ ឱក សុគ្ធកញ្ញា ពូកែរើសម៉ូដសម្លៀកបំពាក់ខ្លាំង ព្រោះស្គាល់ពីរូបរាង ពណ៌សម្បុរខ្លួនឯងច្បាស់។ ទោះជាតួអង្គក្នុងរឿងជាអ្នកមាន ឬក្រ ធាត់ស្គម រូបរាងស្អាត ឬមិនស្អាត គឺតារាស្រីរូបនេះចេះតុបតែងស៊ីនឹងសាច់រឿង។ មិនមែនពូកែតែរើសម៉ូដសម្លៀកបំពាក់ឡើយ សូម្បីតែពណ៌ និងម៉ូដសក់ គ្រឿងអលង្ការ ឬរបស់របរផ្សេងៗជាប់ខ្លួនឡើយកំពូលតារាស្រីម្នាក់នេះ លេចធ្លាជាងអ្នកដទៃគ្រប់ពេល។



ការរៀបចំខ្លួនមិនសិចស៊ី មានរបៀប សមនាមកំពូលតារាចម្រៀងទៀតនោះ នាំឲ្យ កញ្ញា មិនធ្លាប់ទទួលបានពាក្យរិះគន់ពីសំណាក់មហាជនឡើយ មានតែពាក្យកោតសរសើរពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ពពោះ និងសម្រាលកូនទៅហើយក៏នៅតែស្លៀកពាក់សមសួនគ្រប់ពេល។ រហូតអ្នកគាំទ្រដាក់នាមថា តារាស្រីពូកែរៀបចំខ្លួនបំផុត ហើយសម្រាប់ម៉ូដនីមួយៗដែលនាងស្លៀកពាក់ហើយនោះ មិត្តនារីៗទាំងចាស់ទាំងក្មេងតែងយកគំរូតាម ជាពិសេសសម្លៀកបំពាក់បែបបុរាណអាវប៉ាក់សំពត់បត់។



៤. ការងារសង្គម
ក្រៅពីការងារសិល្បៈដ៏មមាញឹកហើយនោះ ម្ចាស់បទ «ស្រលាញ់គឺលះបង់» បានចូលរួមការងារសង្គមយ៉ាងច្រើនដូចជាការបរិច្ចាគប្រាក់ និងចូលរួមយុទ្ធនាការកៀរគរជួយដល់មន្ទីរពេទ្យគន្ធបុប្ផាច្រើនរាប់មិនអស់។ មិនអស់ត្រឹមនេះឡើយ កញ្ញា ក៏ធ្លាប់បរិច្ចាគឈាម ព្រមទាំងអំពាវនាវអ្នកគាំទ្រទៅបរិច្ចាគឈាមជួយដល់ជនរងគ្រោះដែលត្រូវការ ហើយនៅការឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា និងចូលរួមការងារសប្បុរសធម៌ជួយដល់សិល្បករចាស់ជរា។


នៅមិនទាន់អស់ឡើយ ការងារសង្គមរាប់មិនអស់ទៀតដែលតារាចម្រៀងស្រីកំពូលរូបនេះជួយដល់សង្គមជាតិ ដែលនេះជាគំរូល្អដល់ក្មេងជំនាន់ក្រោយគ្រប់រូបយកតម្រាប់តាម ហើយក៏បាក់ចិត្តស្រលាញ់នាងងើបមិនរួច។ ឱក សុគន្ធកញ្ញា ធ្លាប់បានជួយដល់អ្នកខ្វះខាតមួយចំនួន ទាំងមិនចេញមុខ និងផ្សព្វផ្សាយឲ្យមហាជនដឹងច្រើនដងរួចមកហើយដែរ។
៥. លើកទឹកចិត្តអ្នកដទៃ
ឱក សុគន្ធកញ្ញា តែងតែផ្ដែផ្ដាំដល់អ្នកគាំទ្រមិនឲ្យភ្លេចការសិក្សាឡើយ ហើយក៏តែងតែជួយដាស់តឿនដល់យុវវ័យឲ្យខិតខំតស៊ូក្នុងជីវិត។ ជាពិសេសគឺស្ត្រីភេទដូចគ្នា ដោយពាក្យលើកទឹកចិត្តល្អៗ ដើម្បីធ្វើឲ្យចិត្តកាយកាន់តែរឹងមាំមិនថាតាមរយៈបទចម្រៀង និងពេលឡើងឆាក ឬពេលជជែកកម្សាន្តលើបណ្ដាញសង្គមនោះទេ។ ម្ចាស់បទ «យុត្តិធម៌គ្មានសម្រាប់អ្នកស្មោះ» ក៏ជារៀមច្បងក្នុងរង្វង់សិល្បៈម្នាក់ដែលតែងតែជួយផ្ដល់កម្លាំងចិត្តពេលមិត្តរួមអាជីពជួបការរិះគន់ និងផ្ញើសារលើកទឹកចិត្ត គាំទ្រដល់អ្នកតំណាងជាតិណាមួយចេញទៅប្រកួតកម្មវិធីនៅក្រៅ និងក្នុងប្រទេស។ ក្នុងនោះសូម្បីតែផ្នែកកីឡាផ្សេងៗ ក៏ភរិយាលោក អ៊ឹង សុខលី បង្ហាញការគាំទ្រគ្រប់កាលៈទេសៈ មិនថាប្រកួតចាញ់ ឬឈ្នះឡើយ។


៦. ដាក់ខ្លួនជានិច្ច
តារាចម្រៀងស្រីដែលមានទេពកោសល្យផ្នែកចម្រៀងគ្រប់ទម្រង់មិនថាសម័យ ឬបែបបុរាណរូបនេះក៏មានអ្នកគាំទ្រជាតារាដូចគ្នាទៀតផង។ ជាក់ស្ដែងសូម្បីតែ មាស សុខសោភា ជាគូប្រជែងសមត្ថភាពដ៏សំខាន់ម្នាក់ ដែលអ្នកកាសែតជាច្រើនពីមុនប្រៀបធៀបសំឡេង និងទីផ្សារការងារមិនឈប់នោះ ក៏ជាមិត្តម្នាក់ដែលជួយគ្នាក្នុងគ្រាលំបាកដែរសោះ។ មិនអស់ត្រឹមនេះ កញ្ញា ក៏បានចាត់ទុកអ្នករួមអាជីពដូចគ្នាជា Idol ខ្លួន ហើយតែងលើកតម្កើង និងសាទរចំពោះសមិទ្ធផលរបស់តារាដទៃដូចគ្នា។ ដូចកាលថ្មីៗនេះតារាស្រីមានកូនប្រុសដល់ទៅ២ រូបនេះប្រកាសធ្វើ Solo ខឺនសត មានទាំងអ្នករួមអាជីព និងអ្នកគាំទ្រចង់ឃើញរូបភាពនោះឆាប់ៗ។


រឿងមួយវិញទៀតដែលធ្វើឲ្យមានអ្នកគាំទ្រគ្រប់វ័យ គឺដោយសារប្អូនថ្លៃម្ចាស់ស្ថានីយទូរទស្សន៍ និងផលិតកម្មហង្សមាស រូបនេះជាមនុស្សចិត្តល្អ មិនចេះឆ្មើងឆ្មៃ ដាក់ខ្លួនជានិច្ច មិនថាពេលជួបជុំមិត្តសិល្បករ ឬជួបអ្នកគាំទ្រ នាងតែងលើកដៃសំពះមុន និងសំពះតបទៅគេវិញគ្រប់ពេល។
៧. មិនពឹងសំណាង
ស្ត្រីម្នាក់នេះ ពិតជាស័ក្ដិសមជាគំរូអ្នកដទៃពិតៗ ត្បិតបានរៀបការចូលគ្រួសារត្រកូលស្ដុកស្ដម្ភ ដែលស្វាមីគឺជាប្អូនប្រុសរបស់អគ្គនាយកហង្សមាស តែនាងនៅបំពេញការងារខ្លួនជាធម្មតាមិនថាចេញបទចម្រៀងថ្មី, ឡើងឆាកប្រគំតន្ត្រី,ទទួលការងារជាអ្នកតំណាង,ការទៅច្រៀងនៅកម្មវិធីមង្គលការ, ការឡាយលក់សម្ភារៈដែលជាប្រេនផ្ទាល់ខ្លួន គឺ ឱក សុគន្ធកញ្ញា បន្តធ្វើការជាធម្មតា។



បើទោះជាសម្រាលកូនមិនទាន់រឹងដៃជើងផងនោះ ក៏ម្ចាស់បទ «ទុកស្នាមថើបមួយក៏បងមិនព្រម» ចេញទទួលការងារភ្លាមដែរ ដោយមិនឲ្យខកខានឱកាសឡើយ បើទោះជាអ្នកនាង និងគ្រួសារសល់ទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ។ កេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិមានទាំងអស់ដែល ឱក សុគន្ធកញ្ញា មានមកដល់ពេលនេះ សុទ្ធតែជាការប្រឹងប្រែងកសាងឡើងមកដោយខ្លួនឯងទាំងអស់។
៨. ផ្សព្វផ្សាយវប្បធម៌ខ្មែរ
បើទោះជាបច្ចុប្បន្ន កញ្ញា គឺជាសិល្បករផ្នែកសម័យ តែតារាស្រីរូបនេះនៅតែឆ្លៀតចូលរួមច្រៀងបែបបុរាណ និងប្រពៃណីរាល់ពេលបុណ្យចូលឆ្នាំខ្មែរ,បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូកជាដើម។ មិនត្រឹមតែចម្រៀងឡើយ អ្នកម៉ាក់របស់ ឆលី រូបនេះតុបតែងបែបបុរាណ ដើម្បីលើកស្ទួយ និងជួយផ្សព្វផ្សយពីវប្បធម៌ដ៏ល្អល្អះរបស់ខ្មែរ។ ម្យ៉ាងទៀតរាល់ពេលសម្ដែងលើឆាកជាតិ ឬអន្តរជាតិតារាស្រីដែលមានឪពុកជាតន្ត្រីកររូបនេះ តែងឆ្លៀតបញ្ចូលផ្នែកណាមួយដែលជាសម្បត្តិវប្បធម៌ខ្មែរទៅបង្ហាញឲ្យជាតិសាសន៍ដទៃបានឃើញ និងស្គាល់ជានិច្ច។



ប៉ុន្មានចំណុចនេះមិនទាន់អស់ពាក្យបរិយាយពីគុណសម្បត្តិរបស់ ឱក សុគន្ធកញ្ញា ដែលជានិមិត្តរូបក្នុងដួងចិត្តអ្នកគាំទ្ររាប់ម៉ឺននាក់ឡើយ។ នៅមានរឿងល្អៗច្រើនរាប់មិនអស់ទៀត ដែលតារាស្រីកើតឆ្នាំ ១៩៨៧ រូបនេះធ្វើ នាងក៏ជាអ្នកម្ដាយសម័យថ្មីមានការអប់រំល្អ ចេះដឹងខុសត្រូវ ដឹងខ្ពស់ទាប និងចេះដឹងគុណដល់អ្នកមានគុណចំពោះខ្លួន៕























Account
Security
Favourite Content