ប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងផលិតកម្មហង្សមាស លោក សយ រតនៈ បានគាស់រលឹករឿងអតីតកាលរបស់ខ្លួនជំនាន់ចូលប្រឡង The Voice Cambodia រដូវកាលទីមួយ ឆ្នាំ ២០១៤ ដោយលោកបានបង្ហោះឡើងថា «មួយប៊ូតុងរបស់គាត់ ពេជ្រ សោភា Pich Sophea ធ្វើអោយខ្ញុំមានថ្ងៃនេះ បានជម្រុញខ្ញុំដើរមកដល់ក្ដីស្រមៃ… ក្ដីរំភើប ភាពតស៊ូ ផ្ដល់កំលាំងចិត្ត ខ្ញុំចង់ចាំជានិរន្តរ៍ The Voice Cambodia រដូវកាលទីមួយ»។ នេះប្រៀបដូចជាពាក្យថ្លែងអំណរគុណដល់ តារាចម្រៀង ពេជ្រ សោភា ដែលបានជួយកែប្រែជីវិតលោកឱ្យមានសព្វគ្រប់បែបយ៉ាងដូចសព្វថ្ងៃ។
បន្ទាប់ពីឃើញ អតីតបេក្ខភាព The Voice Cambodia រដូវកាលទីមួយរូបនេះ បង្ហោះសារអរគុណខ្លួន គូដណ្តឹង ឆឹម សក្កដា ក៏ស្រាប់តែនឹកឃើញដល់បុគ្គលសំខាន់ម្នាក់ ដែលបានជួយយឹតយោងនាងនៅពេលជីវិតនាងធ្លាក់ដល់ចំណុចសូន្យ ម្នាក់នោះគឺ តារាចម្រៀង ឆន សុវណ្ណារាជ។
ភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក ពេជ្រ សោភា រៀបរាប់ថា «ខ្ញុំពិតជាស្រលាញ់មិត្តភាពបែបនេះណាស់ ជួយគ្នាគ្រប់បញ្ហា នៅពេលដែលខ្ញុំធ្លាក់ដល់ចំនុច០ក្នុងឆ្នាំ2009រាជវិញល្បីខ្លាំងណាស់ កាលនោះតារាដែលធ្លាក់ខ្លាំងពិបាករកតួរប្រុសណាស់ តែរាជនិយាយថាយកខ្ញុំថតទៅ(អោយគេខ្វល់ពីរអូនខ្លះផង មាត់១ចិត្ត២) ថែមទាំងនិយាយថា ពេជ្រ សោភានឹងល្បីដូចមុនវិញស៊ូៗ ពេជ្រ សោភា ពូកែ រឹងមាំ និយាយការពិត មានពេលមួយការពារគ្នាស្ទើរបាត់បង់ជីវិត រាជ ខ្ញុំអាចធ្វើបានហើយ ពេជ្រ សោភា ចង់និយាយថា I love you SVR Mr blue Chhorn Sovannareach ហ្វេនពូរាជ ហ្វេនចែភា ចង់សួរ រឿង ដែលធ្លាប់ឆ្លងកាត់ជាមួយគ្នាទេ អាចសួរ បាន»។

គេនៅចាំបានថា កន្លងមក តារាចម្រៀង ពេជ្រ សោភា និងតារាចម្រៀង ឆន សុវណ្ណារាជ ធ្លាប់ចាប់ដៃគ្នាបកស្រាយបទចម្រៀងជាមួយគ្នាច្រើនមកហើយ ដោយបទទាំងនោះសុទ្ធតែផ្ទុះខ្លាំងថែមទៀតផង។ តួយ៉ាង ដូចជាបទ «ស្នេហ៍ស្មោះពិតជាមាន» «ស្នេហ៍អូន ៣៦៦ ថ្ងៃ» «Video Call» «សង្សារក្នុងចិត្ត» និងបទពីរោះៗជាច្រើនទៀត។ យោងតាមការបង្ហោះរបស់ម្ចាស់បទ «មកុដស្ត្រី» កាលពីពេលថ្មីៗ ឆាប់ៗនេះអ្នកទាំងពីរនិងមានបទចម្រៀងថ្មីរួមគ្នា ដើម្បីកំដរអារម្មណ៍អ្នកគាំទ្ររបស់អ្នកទាំងពីរ៕























Account
Security
Favourite Content