«ឆក់ព្រលឹង» ឬ «Soul Snatcher» ជាស្នាដៃថ្មីរបស់តារាចម្រៀងរ៉េបល្បីឈ្មោះ ឡេង សុវណ្ណតារា រហ័សនាម Khmer 1 jivit លោកបានបកស្រាយជាមួយ NPN ជា rapper ម្នាក់ដែលហ្វេនកំពុងរង់ចាំអ៊ុតមើលថាជានរណា ព្រោះមិនធ្លាប់ឃើញឈ្មោះនេះពីមុនមក។ ម៉្យាង បទថ្មីនេះទើបបញ្ចេញ Official Audio សិនប៉ុណ្ណោះ ចំណែកវីដេអូចម្រៀងនឹងមកដល់ឆាប់ៗនេះ។
បទចម្រៀងថ្មីនេះទើបទម្លាក់លើទីផ្សារ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ដោយគិតមកទល់ពេលនេះរយៈពេលទើបបានប៉ុន្មានថ្ងៃប៉ុណ្ណោះ តែគួរឱ្យភ្ញាក់ផ្អើលបទ «ឆក់ព្រលឹង» អន្ទង់ចិត្តអ្នកស្តាប់ឱ្យចុចចូលទស្សនាប្រមាណជិត 600K និងជាប់ trending លេខ 2 លើយូធូបថែមទៀតផង។ តួលេខនេះគិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។

ក្រឡេកទៅមើលចង្វាក់ភ្លេង អត្ថន័យ និងសំនៀងព្យាង្គ របស់តារារ៉េបខ្មែរមួយជីវិតវិញនោះ នៅតែល្អមិនប្រួលប្រែ រីឯប៉ារូចម្រៀងនៅដិតដាន ចាក់ចំបេះដូងអ្នកស្តាប់ដូចដើម។ លើសពីហ្វេននៅក្នុងស្រុកដែលយកបទ «ឆក់ព្រលឹង» ធ្វើ Video Reaction តាមការយល់ឃើញរបស់ពួកគេ សូម្បីតែ Youtuber បរទេសល្បីៗក៏យកបទនេះទៅធ្វើ Video Reaction ហើយបង្ហោះពាសពេញយូធូបផងដែរ។
ហ្វេនៗអ្នកស្នេហាវិស័យតន្ត្រី hip hop និងចម្រៀងរ៉េបបានលើកសរសើរស្នាដៃថ្មីដែល ខ្មែរមួយជីវិត ទើបទម្លាក់លើទីផ្សារក្តៅៗនេះថា ពិតជាពីរោះខ្លាំងណាស់ ហើយពួកគេពិតជារីករាយពេលឃើញតារារ៉េបប៉ារូពិឃាតនេះត្រឡប់ចូលស្ទូឌីយូថតសម្លេងម្តងទៀត ព្រោះគ្រប់គ្នាពិតជានឹករលឹកសម្លេងដ៏ក្រអួនក្រអៅ គួបផ្សំអត្ថន័យចាក់ដោតពីមាត់ ខ្មែរមួយជីវិត។
ក្រៅពីស្នាដៃបទ «Soul Snatcher» ជាមួយ NPN នេះ ម្ចាស់បទ «ប៉ារូពិឃាដ» ក៏ឆ្លៀតចេញច្រៀងតាមក្លឹបកម្សាន្តមួយចំនួនផងដែរ។ តួយ៉ាង យប់មិញនេះ ខ្មែរមួយជីវិត បានឡើងច្រៀងសម្តែងនៅ Club Drip 13 ដែលនេះត្រូវគេដឹងថា ជា show ទី១ដែលលោកឡើងសម្តែងក្រោយត្រឡប់មកទឹកដីកំណើតប្រទេសកម្ពុជា។

ពិសេសមែនទែន ការឡើងចម្រៀងសម្តែងលើកដំបូងរបស់ម្ចាស់បទ «ឆក់ព្រលឹង» ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា សូម្បីក្រុមការងារផលិតកម្ម បារមី ក៏ទៅចូលរួមគាំទ្រដែរ ក្នុងនោះ វណ្ណដា តារាចម្រៀងរ៉េបវ័យក្មេងកំពុងល្បីល្បាញ ក៏ទៅគាំទ្ររៀមច្បងក្នុងវិស័យរ៉េបដូចគ្នាដែរ។
ក្រោយចប់ការសម្តែងលើកដំបូង ឡេង សុវណ្ណតារា ហៅ Khmer 1 jivit បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការថា «អរគុណ ទាំងអស់គ្នាដែលបានអញ្ជេីញមកគាំទ្រ Show ទីមួយ របស់ខ្ញុំ K1J នៅយប់មិញនេះ shout out to all the Baramey Crew, ក្រុមកម្មវិធី TheRapperCambodia and all the Fans !!!! Especially to ma boy Vanda for show up last night was yooo»។


ឆាប់ៗខាងមុខនេះ លោកអ្នកនឹងបានឃើញវត្តមានកំពូលតារារ៉េបរៀមច្បងដ៏ឆ្នើមមួយរូបក្នុងវិស័យចម្រៀងរ៉េបនៅកម្ពុជា ក្នុងកម្មវិធីប្រលងរ៉េប The Rapper Cambodia ដោយលោកនឹងចូលរួមធ្វើជា Coach ម្នាក់ក្នុងការប្រកួតនេះ។ គេជឿជាក់ថា ខ្មែរមួយជីវិត នឹងមានអ្វីថ្មីប្លែកមកចែកជូនទស្សនិកជនទស្សនានាពេលឆាប់ៗខាងមុខនេះ!























Account
Security
Favourite Content