តារាចម្រៀង សោភា ទេពី ស្ងាត់ៗស្រាប់តែលេចមុខចូលប្រឡងកម្មវិធី The Rapper Cambodia រដូវកាលទី១ ធ្វើឱ្យហ្វេនៗ និងគណៈកម្មការភ្ញាក់ផ្អើលជាខ្លាំង ព្រោះគ្មាននរណាម្នាក់នឹកស្មានដល់ថា ស្រីស្អាតម្នាក់នេះនឹងចូលច្រៀងរ៉េបបែបនេះឡើយ ទោះបីជាកន្លងមកគ្រប់គ្នាដឹងថា រូបនាងចេះច្រៀងរ៉េបក៏ពិតមែន។

ឆ្លើយតបទៅកាន់ Coach khmer 1 Jivit ដែលបានសួរថា បើចេះជំនាញសិល្បៈច្រើនបែបនេះ ហេតុមកប្រឡងរ៉េប? ទេពី ថា ព្រោះសិល្បៈចម្រៀងរ៉េប ជាអ្វីដែលនាងស្រលាញ់តាំងពីក្មេងមក តែមិនធ្លាប់មានឱកាសបានបញ្ចេញសមត្ថភាពនេះម្តងណាឡើយ ដូច្នេះទើបនាងចង់បង្ហាញសមត្ថភាពនេះលើឆាក The Rapper Cambodia។ មួយវិញទៀត ពេលយើងរ៉េបវាមើលទៅអស្ចារ្យណាស់ ថែមទាំងអាចបញ្ចេញការយល់ឃើញ និងបានបញ្ជ្រាបនូវសិល្បៈវប្បធម៌ខ្មែរផ្សេងៗទៅក្នុងនោះថែមទៀតផង។



ក្នុងវគ្គ Audition សប្តាហ៍ទី៣ សោភា ទេពី ដែលមានឈ្មោះពេញថា ញឹមសួន សោភាទេពី បានឡើងបង្ហាញសមត្ថភាពរ៉េបដ៏ប៉ិនប្រសព្វ ជាមួយស្ទីលរាំបែបហ៊ីបហបមើលទៅពិតជាទាក់ទាញខ្លាំងណាស់ សូម្បី producer ទាំងពីរក៏ពោលសរសើរសមត្ថភាពការរ៉េបរបស់នាងផងដែរ។ ក្នុងរាត្រីដ៏ពិសេសនេះ Coach King Chi ក៏បានឱ្យ ទេពី បញ្ចេញសមត្ថភាពច្រៀងយីកេលើឆាក The Rapper ឱ្យគ្រប់គ្នាបានឃើញ ហើយភ្លាមៗ ទេពី ក៏បានច្រៀងយីកេមួយឃ្លាដ៏មានអត្ថន័យ ធ្វើឱ្យគ្រប់គ្នាហ៊ោកងរំពងពេញឆាកតែម្តង។


ចង្វាក់ និងអត្ថន័យនៃការរ៉េបរបស់ សោភា ទេពី ទាក់ចិត្ត Coach ចំនួន ៣ រូបឱ្យជាន់ហ្គាសចុចយកនាង ហើយជាលទ្ធផល producer សម្រេចចិត្តឱ្យ ទេពី ចូលទៅជាកូនក្រុមរបស់ Coach khmer 1 Jivit។ ដូច្នេះ កុំភ្លេចរង់ចាំតាមដានការបញ្ចេញសមត្ថភាពនៅវគ្គបន្ទាប់របស់ ទេពី ក្រោមថ្វីដៃបង្វឹករបស់ ខ្មែរ១ជីវិត នឹងមានការប្រែប្រួលកម្រិតណា៕























Account
Security
Favourite Content