ទំព័រហ្វេសប៊ុកផ្លូវការក្រុម Nevrmind BAND កាលពីពេលថ្មីៗ បានបង្ហោះដំណឹងរីករាយមួយ ដោយក្រុមនេះបានចូលរួមកិច្ចប្រជុំពិភាក្សាក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងការរៀបចំនិងជ្រើសរើសក្រុមតន្ត្រីតំណាងប្រទេស ដើម្បីចូលរួមមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ «ASEAN-ROK MUSIC FESTIVAL» (ROUND FESTIVAL 2023) ដែលនឹងមានការសម្ដែង និងផ្សាយផ្ទាល់តាមរយៈបណ្ដាញទូរទស្សន៍ KBS កូរ៉េ នាខែតុលា ឆ្នាំ២០២៣ ខាងមុខ ពីពហុកីឡដ្ឋាននៃទីក្រុង Bandung ប្រទេសឥណ្ឌូណេស៊ី។





ក្រៅពីក្រុម Nevrmind BAND របស់ ចេន ក៏មានវត្តមាន តារាចម្រៀងស្រីល្បីឈ្មោះ មាស សុខសោភា រួមទាំងបណ្ឌិតព្យ៉ាណូ និងជាអគ្គនាយកសាលា «ស្រណោះតន្ត្រី» លោក សូរ្យ ស្រណោះ ចូលរួមជាមួយគ្នាផងដែរ។

លោក ចេន ម្ចាស់បទ «ពងទា» បានចែករំលែករូបថតក្រុម Nevrmind BAND ដោយភ្ជាប់ជាមួយ Caption ថា «ថ្ងៃដែលរង់ចាំពេញមួយជីវិតនៃការលះបង់ជាមួយតន្រ្តីដែលជាក្តីស្រមៃរបស់ខ្ញុំគឺបានមកដល់ហើយ ដើម្បីប្រទេសជាតិរបស់ខ្ញុំ ក្រុមតន្រ្តីតំណាងប្រទេសកម្ពុជាយើងទៅសម្តែងនៅINDONESIA» ចំណែក លោក សូរ្យ ស្រណោះ ប៉ុន្មានថ្ងៃមុននេះ ក៏បានបង្ហោះរូបភាពជាច្រើនបង្ហាញពីការជួបជុំត្រៀមសម្រាប់ចូលរួមមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ ផងដែរ ដោយលោកបានលើកឡើងថា «Meeting for a new project!»។


ដូច្នេះហ្វេនត្រៀមៗ តារាចម្រៀង មាស សុខសោភា ក្រុម Nevrmind BAND និង សូរ ស្រណោះ អគ្គនាយកសាលា «ស្រណោះតន្ត្រី» បនឹងតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ «ASEAN-ROK MUSIC FESTIVAL» (ROUND FESTIVAL 2023) នៅខែតុលា ឆ្នាំ២០២៣ខាងមុខនេះ នៅប្រទេសឥណ្ឌូណេស៊ី៕























Account
Security
Favourite Content