គ្រាន់តែចំណូលពីការផ្សាយ​ពាណិជ្ជកម្ម Song Joong Ki អាចរកបានមិនតិចលាន​ដុល្លារ

តារាសម្ដែងកូរ៉េ Song Joong Ki អាចទទួលថ្លៃឈ្នួល ១ពាន់លានវ៉ុនសម្រាប់ការផ្សាយពាណិជ្ជកម្មនៅកូរ៉េខាងត្បូង និង ៣,៥ ពាន់លានវ៉ុនសម្រាប់កុងត្រានៅក្នុងប្រទេសចិន។

ថ្មីៗនេះ ប្រាក់ឈ្នួលផ្សាយពាណិជ្ជកម្ម និងទ្រព្យសម្បត្តិរបស់ Song Joong Ki ត្រូវបានបង្ហាញនៅក្នុងកម្មវិធី Entertainment Company Live របស់ប៉ុស្តិ៍ KBS។ តាមនោះដែរ ប្រាក់ឈ្នួលផ្សាយពាណិជ្ជកម្មក្នុងមួយឆ្នាំរបស់ Song Joong Ki នៅកូរ៉េគឺប្រមាណមួយពាន់លានវ៉ុន (៨សែន​ដុល្លារ) ខណៈនៅប្រទេសចិន តារាប្រុសរូបនេះទទួលបានប្រាក់ចំនួន ៣,៥ ពាន់លានវ៉ុន (២,៨លាន​ដុល្លារ) សម្រាប់សកម្មភាពផ្សព្វផ្សាយរយៈពេល ២ឆ្នាំ។

ជាមួយនឹងប្រជាប្រិយភាពកើនឡើងមិនឈប់ឈរ Song Joong Ki ​តែងត្រូវ​បាន​អញ្ជើញ​ឱ្យ​តំណាង​​ផលិតផល​ម៉ូដ គ្រឿងសម្អាង និង​អាហារ​សុខភាពជាហូរហែ។ បន្ទាប់ពីជោគជ័យ ពីភាពយន្តភាគ “Reborn Rich” កិច្ចសន្យាផ្សាយពាណិជ្ជកម្មរបស់គេត្រូវបានរំពឹងថានឹងកើនឡើងបន្តទៀត។

លើសពីនេះ Entertainment Company Live បានឱ្យដឹងថា អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់តារាសម្តែងរូបនេះមានតម្លៃសរុបជាង ៥០ ពាន់លានវ៉ុន (៤០លានដុល្លារ)។ ក្នុងឆ្នាំ ២០២០ សារព័ត៌មាន Koreastardaily បានរាយការណ៍ថា Song Joong Ki បានទិញអាផាតមិនប្រណីតតម្លៃ ២,៧ ពាន់លានវ៉ុននៅហាវ៉ៃធ្វើជាកន្លែងកម្សាន្ត។ មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះមានផ្ទះផ្ទាល់ខ្លួននៅតំបន់ Nine One Hannam (ទីក្រុងសេអ៊ូល) ដែលមានតម្លៃ ៧,២៧ លានដុល្លារអាមេរិក និងអាផាតមិនមួយកន្លែងនៅក្នុងអគារ Eterno Cheongdam មានតម្លៃ ១១,៥ លានដុល្លារ ។

កាលពីខែធ្នូ ឆ្នាំ ២០២២ Song Joong Ki បានប្រកាសថាខ្លួនកំពុងមានស្នេហាជាមួយមិត្តស្រីជនជាតិអង់គ្លេស។ យោងតាមសារព័ត៌មានកូរ៉េ បើទោះបីជាមានការមមាញឹកនឹងការសម្ដែងក៏ដោយ ក៏តារាប្រុសវ័យ ៣៧ឆ្នាំរូបនេះ នៅតែយកចិត្តទុកដាក់ចំពោះមិត្តស្រីរបស់ខ្លួន ៕