តារាសម្តែងរូបស្រស់ ស៊ឹម ស្រីនិច្ច ឆក់បានតំណែងតួឯកស្រីក្នុងភាគខ្មែរធំៗជាបន្តបន្ទាប់ នៅពេលនេះទទួលថតភាពយន្តឡើងវិញនៅអំឡុងឆ្នាំ ២០២២។ តួយ៉ាង រឿង «ឈាមបាប» ទើបចាក់បញ្ចាំងចប់លើកញ្ចក់ទូរទស្សន៍ហង្សមាស ហើយក៏នៅមានរឿង «ដង្កូវក្នុងសាច់» របស់ទូរទស្សន៍ហង្សមាស និងរឿង «សង្រ្គាមស្នេហ៍លោហិត» របស់ប៉ុស្ដិ៍បាយ័ន ដែលនាងសុទ្ធតែគ្រងតំណែងតួឯកស្រី។

មិនតែប៉ុណ្ណោះ នៅដើមឆ្នាំ ២០២៣ នេះ ស្រីនិច្ច ត្រូវលោក ហ្វៃ សំអាង ជ្រើសរើសជាតួអង្គសំខាន់ក្នុងរឿងភាគបុរាណខ្នាតធំ ចំណងជើង «អប្សរាមហាអង្គរ»។ ក្នុងរឿងនេះ ស្រីតូចច្រឡឹងសម្តែងជាតួអង្គធំៗ ៣ រួមមាន៖ ទី១ តួអង្គព្រះជាយាទី២ ព្រះនាមថា ពនិតា ជារាជក្សត្រិយ៍ ទី២ តួអង្គអប្សរាសួគ៌ា និងទី៣ ជាតួអង្គកូនស្រីរបស់ព្រះជាយាទី២ ព្រះនាមថា ព្រះធីតា អប្សរ។
បច្ចុប្បន្ន រឿងភាគខ្នាតធំបែបប្រវត្តិសាស្ត្រ «អប្សរាមហាអង្គរ» ដែលជាស្នាដៃផលិតអ្នកដឹកនាំជើង ហ្វៃ សំអាង ដែលតារាស្រីរូបនេះចូលរួមសម្ដែងកំពុងតែសម្រុកថតយ៉ាងសស្រាក់សស្រាំ ដើម្បីឱ្យបិទកាមេរ៉ាថតតាមពេលវេលាកំណត់។




ខណៈកំពុងមមាញឹកថតរឿងភាគនេះ ស៊ឹម ស្រិនិច្ច ស្រាប់តែបង្ហោះឱ្យដឹងលើគណនីហ្វេសប៊ុកផ្លូវការនាងថា គិតចាប់ពីដើមឆ្នាំ ២០២៣ ដល់ត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៣ នាងខកខានថតអស់ ១៥ រឿងហើយ បើគិតជាប្រាក់វិញប្រហែលខ្ទង់ម៉ឺនដុល្លារឯណោះ។ ស្រីនិច្ច រៀបរាប់ថា «សរុបទាំងថ្ងៃនេះទៀតខកខានថតអស់១៥រឿងរាប់ពីដេីមឆ្នាំមកដល់ខែនេះ សុំទោសបងៗអរគុណច្រេីនដែលតែងតែផ្តល់ឪកាសមកកាន់ប្អូននឹងនឹករលឹកដល់ការរួមការងារជាមួយគ្នាហេីយនឹងបងៗដែលមិនធ្លាប់រួបការងារជាមួយប្អូន ប្អូននឹងថតជូនបងៗវិញនៅពេលដែលប្អូនសម្រាយពេលវេលាបានច្រេីនជាងនេះ»។
តាមការបង្ហោះខាងលើបញ្ជាក់ឱ្យដឹងថា នាងពិតជារវល់ខ្លាំងណាស់ ទើបមិនអាចឆ្លៀតពេលទទួលការងារផ្សេងទៀតបាន សូម្បីកម្មវិធីសិល្បៈក៏គេកម្រឃើញមុខចូលរួមដែរ។ តែយ៉ាងណាឆាប់ៗនេះលោកអ្នកនឹងបានទស្សនាស្នាដៃរឿងថ្មីដែល ស្រីនិច្ច ចូលរួមសម្តែង រួមទាំងរឿង រឿងភាគខ្នាតធំបែបប្រវត្តិសាស្ត្រ «អប្សរាមហាអង្គរ» ផងដែរ៕























Account
Security
Favourite Content