បើទោះជាលែងមានវត្ដមានលើលោកនេះទៅហើយក្ដី ប៉ុន្ដែសមាជិកក្រុមចម្រៀងបុរសល្បី SHINee គឺ JongHyun នៅតែត្រូវសមាជិក និងអ្នកគាំទ្រនឹករលឹកជានិច្ច។ ថ្ងៃទី ៨ ខែ មេសា ជាថ្ងៃកំណើតរបស់តារាប្រុស JongHyun បើបច្ចុប្បន្នលោកនៅរស់រានមានជីវិត ឆ្នាំនេះលោកមានវ័យ ៣៥ ឆ្នាំហើយ។



ក្នុងកំណើតរបស់តារាប្រុស JongHyun បណ្ដាញសង្គមផ្លូវការរបស់ក្រុមចម្រៀង SHINee ក៏បានបង្ហោះរូបភាពរបស់លោក ដើម្បីជាការអបអរថ្ងៃកំណើតឈានចូលវ័យ ៣៥ ឆ្នាំ។ ស្របពេលជាមួយគ្នាដែរ សមាជិក Minho ក៏មិនភ្លេចបង្ហោះសារជូនពរដល់ថ្ងៃកំណើតរបស់ JongHyun ដោយលើកឡើងថា៖ “រីករាយថ្ងៃកំណើត ខ្ញុំតែងតែចងចាំ”។ ស្របពេលដែលសមាជិក Key ក៏បានបង្ហោះរូបភាពអមជាមមួយពាក្យពេចន៍៖ “រីករាយថ្ងៃកំណើត Love”។ អមជាមួយគ្នាដែរ អ្នកគាំទ្ររបស់តារាប្រុស JongHyun ក៏បានបង្ហោះសារជូនពរជាច្រើន លើបណ្ដាញសង្គម X, Instagram និងផ្សេងៗទៀត។






មែនទែនទៅ បើទោះលោកបានលាចាកលោកអស់រយៈពេល ៧ ឆ្នាំហើយក្ដី អ្នកគាំទ្រ និងសមាជិក នៅតែស្រឡាញ់នឹករលឹកដល់លោកគ្រប់ពេលវេលា។ តារាសម្ដែងប្រុស JongHyun បានបង្ហាញខ្លួនជាមួយក្រុមចម្រៀង SHINee ក្នុងឆ្នាំ ២០០៨។ បទចម្រៀងល្បីៗ ដូចជា Replay, Love Like Oxygen, Juliette, Ring DingDong និងផ្សេងៗជាច្រើនទៀត បានធ្វើឲ្យរូបលោក និងក្រុម SHINee ទាំងមូលទទួលបានការគាំទ្រ និងល្បីល្បាញខ្លាំង។ ចាប់ពីឆ្នាំ ២០១៥ លោកបានបង្កើនស្នាដៃរបស់ខ្លួន ដោយនិពន្ធបទចម្រៀងខ្លួនឯង និងចេញច្រៀងទោល។
គួរបញ្ជាក់ថា តារាប្រុស JongHyun បានសម្រេចធ្វើអត្ដឃាតខ្លួនឯងនៅចុងឆ្នាំ ២០១៧ ដោយលោកមានជំងឺបាក់ទឹកចិត្ដ។ ការចាកចេញរបស់លោកធ្វើឲ្យវិស័យខេប៉ុបបាត់បង់តារាចម្រៀងដ៏ឆ្នើម សមាជិកក្រុមដ៏ល្អ និងរៀមច្បងដ៏ល្អម្នាក់៕


























































Account
Security
Favourite Content