មិនមែនជារឿងប្លែកអ្វីនោះទេ បើគ្រប់គ្នានិយាយថា កញ្ញា សំ ថារ័ត្ន រហ័សនាម «Little Frog» ឬអ្នកខ្លះស្គាល់ថា «កូនតាឡនតន» លេចមុខក្នុងភាពយន្តថ្មីៗ ឬភាពយន្តហូលីវូដណាមួយ ព្រោះកន្លងមកកីឡាការិនីជំនាញក្បាច់គុនល្បុក្កតោរូបនេះ តែងត្រូវអញ្ញើញឱ្យថតរឿងជាហូរហែ ដោយភាគច្រើនជាតួអង្គវាយតប់ចេះប្រើប្រាស់ក្បាច់គុនជាដើម។
តួយ៉ាង កន្លងមកតារាសម្តែងស្រីមានជំនាញខាងក្បាច់គុនល្បុក្កតោខ្មែររូបនេះ ក៏បានចូលរួមសម្ដែងក្នុងខ្សែភាពយន្តខ្នាតធំមួយនៅសាធារណរដ្ឋដូមីនីកែន ចំណងជើង «SHOTGUN WEDDING» ដោយមានការចូលរួមសម្តែងពីតារាល្បីៗជាច្រើនរូប រួមទាំងកំពូលតារាហូលីវូដ JenniferLopez ផងដែរ។


គួរឱ្យភ្ញាក់ផ្អើលជាងនេះទៀតនោះ ថារ័ត្ន មិនត្រឹមមានទេពកោសល្យក្នុងការសម្តែងប៉ុណ្ណោះទេ ថ្មីៗនេះ នាងស្រាប់តែលេចមុខថតហ្វេសសិនឱ្យប្រ៊េន Petro ជាមួយតារាសម្តែងស្រីជួរមុខលំដាប់ប្រទេស ស៊ីន យូប៊ីន ថែមទៀតផង ដែលនេះជារឿងកម្រមិនធ្លាប់ឃើញពីមុនមកនោះឡើយ។ សូម្បី ថារ័ត្ន ក៏ភ្ញាក់ផ្អើល និងបង្ហោះឡើងលើទំព័រហ្វេសប៊ុកផ្លូវការនាងថា «អ្នកគុននិយម >> ហ្វេស្សិនម៉ូដែល
អរគុណសម្រាប់ការចូលចិត្ត និងការផ្ដល់ឱកាស»។
សូមជម្រាបថា នេះជាលើកទី១ ដែលតារាសម្តែងជំនាញគុនល្បុក្កតោខ្មែរចេញមុខថតហ្វេសសិនបែបនេះ។ ថ្វីបើលើកទី១ក៏ពិតមែន តែ ថារ័ត្ន ធ្វើបានយ៉ាងល្អ ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នាសរសើរនាងមិនដាច់ពីមាត់។
ក្រៅពីអាជីពជាកីឡាការិនីគុនល្បុក្កតោ និងទទួលថតភាពយន្តហើយនោះ កូនស្រីបង្កើតរបស់តន្ដ្រីករជើងចាស់ផ្នែកវីយូឡុង អ៊ុំ ដរ៉ា ក៏បង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗជាច្រើនផងដែរ ទាំងកម្មវិធីសិល្បៈ និងកម្មវិធីផ្សេងៗជាច្រើនទៀត។ បច្ចុប្បន្ន កីឡាការិនីរូបនេះ កំពុងជាមុខព្រួញរបស់ផលិតករបរទេស ដែលមានបំណងមកថតរឿងនៅកម្ពុជា និងនៅបរទេស ព្រោះនាងជំនាញក្បាច់គុនល្បុក្កតោខ្មែរច្បាស់លាស់ ស័ក្តិសមសម្តែងក្នុងរឿងប្រភេទ action៕



























Account
Security
Favourite Content