បន្ទាប់ពីសួរចិត្តខ្លួនឯងច្រើនលើកច្រើនសារួចមក ផលិតករភាពយន្តល្បីល្បាញក្នុងការផលិតភាពយន្តបែបរន្ធត់ព្រឺព្រួចគួរឱ្យខ្លាច លោក ចាន់ណា រ៉ូណាន បានសម្រេចធ្វើតាមបេះដូងខ្លួនឯង ដោយនឹងត្រឡប់មកបន្តការងារក្នុងក្តីស្រមៃលើវិស័យភាពយន្តវិញ។
ទោះបីជាកន្លងមកមានភាពរអាក់រអួលច្រើនលើដំណើរផ្លូវជាផលិតករក៏ពិតមែន តែ រ៉ូណាន មិនបានចាកឆ្ងាយទៅណាឡើយ ដោយលោកនៅក្បែរៗវិស័យនេះជានិច្ច រង់ចាំមើលឱកាសល្អណាមួយក្នុងការត្រឡប់មកផលិតភាពយន្តវិញដូចមុន។

២០២៤ ចាត់ទុកជាឱកាសល្អសម្រាប់ការវិលមកបំពេញការងារក្នុងក្តីស្រមៃ ដោយអ្នកនិពន្ធ និងដឹកនាំរឿងល្បីឈ្មោះ ចាន់ណា រ៉ូណាន បានប្រកាសផលិតខ្សែភាពយន្តឡើងវិញហើយ។ នេះបើតាមការបង្ហោះជាសាធារណៈលើគណនីហ្វេសប៊ុកផ្លូវការ Ronan Channa នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។
ភ្ជាប់ជាមួយអនុស្សាវរីយ៍ស្នាដៃភាពយន្តចាស់ៗ ផលិតកររឿង «កំណត់ហេតុនាងនាថ» រៀបរាប់ឱ្យដឹងថា «បេះដូងអ្នកសិល្បៈ ទោះអោយប្តូរមុខរបរថ្មី ក៏នៅមិនសុខ សម្រាកមួយរយៈ សួរបេះដូងខ្លួនឯង ចុះឡើងៗក៏ជ្រើសវិលមកផលិតខ្សែភាពយន្តដដែល ត្រៀមផលិតខ្សែភាពយន្តខ្នាតធំថ្មីៗ ចំនួន4រឿង ជូនបងប្អូនទស្សនា»។

ឮការប្រកាសខាងលើនេះភ្លាម សិល្បករ-សិល្បការនី រួមទាំងអ្នកគាំទ្រស្នាដៃភាពយន្តរបស់ ចាន់ណា រ៉ូណាន សម្តែងការត្រេកអរគ្រប់ៗគ្នាពេលដឹងថា លោកត្រៀមផលិតខ្សែភាពយន្តខ្នាតធំថ្មីឡើងវិញ ព្រោះកន្លងមកស្នាដៃផលិតរបស់ រ៉ូណាន ទាក់ទាញចិត្តអ្នកទស្សនាមិនតិចឡើយ ពិសេសប្រភេទរឿងខ្មោចបែបរន្ធត់ព្រឺព្រួចតែម្តង។
គួររំឭកផងដែរថា រយៈពេលជាង ១ ទសវត្សមកនេះ អ្នកនិពន្ធ និងដឹកនាំរឿង លោក ចាន់ណា រ៉ូណាន ផលិតបានស្នាដៃខ្សែភាពយន្តខ្នាតធំជាច្រើន រួមមាន៖ «រឿង ខ្លាចអី? សើចតើ!» ( ផលិត2012 ), «បេសកកម្មស៊ីម2» ( ផលិត2013 ), «7ថ្ងៃ» (ផលិត2015), «ក្រមុំ31 កំលោះ52» ( ផលិត2016 ), «កំណត់ហេតុនាងនាថ» ( ផលិត2016 ), «សសរកន្លោង» ( ផលិត2017 ), «ឯណាខ្មោច?» ( ផលិត2019 ), «កុំងាកក្រោយ» ( ផលិតឆ្នាំ2019 ), «សំណើច652km» ( ផលិតឆ្នាំ2019 ) និង «ព្រាយកូនភ្លោះ» ( ផលិតឆ្នាំ2023 ) តែនៅមិនទាន់បានចាក់បញ្ចាំងនៅឡើយទេ។
គេសង្ឃឹមថា នឹងបានឃើញស្នាដៃភាពយន្តថ្មីបន្តបន្ទាប់របស់ ចាន់ណា រ៉ូណាន នាពេលឆាប់ៗនេះបន្ទាប់ពីលោកប្រកាសត្រៀមផលិតខ្សែភាពយន្តខ្នាតធំថ្មីដល់ទៅ ៤ រឿងឯណោះ៕

























































Account
Security
Favourite Content