ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើនដូចតារាចម្រៀងក៏ពិតមែន តែលោកជាបុគ្គលម្នាក់ដែលគ្រប់គ្នាគោរពស្រលាញ់រាប់អាន និងផ្តល់តម្លៃយ៉ាងខ្លាំង ដោយសារទេពកោសល្យ និងសមត្ថភាព។
ស្របពេលដែលយុវវ័យនាពេលបច្ចុប្បន្នកំពុងមានទំនោរលើការតាក់តែងនិពន្ធបទភ្លេង និងចម្រៀង រ៉េតធី ដូណា ក្នុងនាមជាសិល្បកររៀមច្បងមានបទពិសោធន៍ច្រើនក្រែល បានទម្លាយគន្លឹះតូចៗដែលអាចជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ និងទាក់ទាញ។

ផ្តល់បទសម្ភាសន៍ក្នុងថ្ងៃធ្វើគណៈកម្មការកម្មវិធី The Music Box 2024 Season 1 តន្រ្តីករជើងចាស់រូបនេះថា ទោះបីយើងជាគ្រូភ្លេង ឬជាតន្ត្រីករ ក៏មិនប្រាកដថា ការតែងនិពន្ធចេញទៅដឹងតែត្រូវចិត្តអ្នកស្តាប់នោះទេ ហើយវាពិបាកកំណត់ណាស់ថា យើងគួរផលិតចម្រៀងបែបណាឱ្យវាទាក់ទាញខ្លាំង ឬស្តាប់ទៅវិសេសវិសាល ព្រោះចម្រៀងខ្លះនិពន្ធលេងៗបែរជាផ្ទុះការចាប់អារម្មណ៍ខ្លាំង រីឯបទខ្លះទៀតខំប្រឹងផ្ចិតផ្ចង់តែមិនទទួលបានជោគជ័យ។

ទោះជាយ៉ាងនេះក្តី លោកបានចែករំលែកឱ្យដឹងថា មានកត្តាធាតុផ្សំតូចៗ ៣ ក្នុងការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ រួមមាន៖
ទី១. សិក្សាយល់អំពីភ្លេង ៖ ចេះណោតភ្លេង យល់ពីតន្ត្រីឱ្យបានច្បាស់លាស់។
ទី២. ចាប់ផ្តើមតែងនិពន្ធ ៖ គឺនិពន្ធទៅតាមកាលៈទេសៈ តាមតម្រូវការទីផ្សារ និងតម្រូវការផ្ទាល់របស់យើងដែលជាអ្នកនិពន្ធ ចង់និពន្ធបទស្រុកស្រែ បទញាក់កន្ទ្រាក់អារម្មណ៍ ឬបទរ៉េប ជាដើម។
ទី៣. ការសហការជាមួយអ្នកនិពន្ធទំនុកច្រៀង និងអ្នកចម្រៀង ៖ យើងត្រូវចូលរួមធ្វើការបន្តជាមួយអ្នកនិពន្ធទំនុកច្រៀង ហើយរើសអ្នកចម្រៀងបានល្អទៀត នោះបទចម្រៀងនឹងអាចផ្ទុះ។ លោកសង្កត់ធ្ងន់ថា បើចង់ផលិតចម្រៀងឱ្យល្អ យើងមិនអាចធ្វើតែឯងនោះទេ គឺត្រូវតែរួបរួមសាមគ្គីភាពគ្នា។




ងាកមកការងារសិល្បៈរបស់លោកវិញ សព្វថ្ងៃ រ៉េតធី ដូណា ជាអ្នកដឹកនាំការប្រគំតន្ត្រីកម្មវិធី The Wall Song Cambodia របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន។ ក្រៅពីនោះ លោកមមាញឹកចុះធ្វើការកម្មវិធី concert តាមបណ្តាខេត្តជុំវិញប្រទេសកម្ពុជា។ ដោយឡែក សម្រាបស្នាដៃចម្រៀងថ្មីវិញនោះ មិនសូវមានច្រើនប៉ុន្មានឡើយ ដោយសារតែជាប់រវល់ការងារដែលបានរៀបរាប់ខាងលើ តែក៏ឆ្លៀតទម្លាក់បទថ្មីមួយៗដើម្បីកម្រអារម្មណ៍ប្រិយមិត្តអ្នកគាំទ្ររូបលោក៕

























Account
Security
Favourite Content