ការស្លាប់របស់តារាស្រីជើងចាស់ Kathy Chow នៅតែជារឿងមួយដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនស្ដាយស្រណោះខ្លាំង។ ចំពោះមូលហេតុនៃការស្លាប់ពិតប្រាកដរបស់នាងនៅតែជាចម្ងល់របស់មហាជន។


តារាស្រី Kathy Chow ធ្លាប់បានបញ្ជាក់ខ្លួនមានជំងឺម៉្យាងឈ្មោះ Lupus erythematosus ជាជំងឺអូតូអ៊ីមម៉ូន ប្រភេទសើស្បែករ៉ាំរ៉ៃចាប់តាំងពីឆ្នាំ ១៩៩៩ និងត្រូវផឹកថ្នាំឲ្យបានទៀងទាត់ ដើម្បីកុំឲ្យប៉ះពាល់ដល់អាយុជីវិត។ មូលហេតុនៃការរស្លាប់របស់នាងត្រូវបានគេសង្ស័យថា មកពីជំងឺមួយនេះ។
ទន្ទឹមនេះ បើតាមការបញ្ជាក់របស់បងស្រីរបស់តួរឿង “និស្ស័យស្នេហ៍ទេវតាបីជាតិ” រូបនេះបានឲ្យដឹងថាការស្លាប់របស់តារាស្រីរូបនេះ មិនមែនមកពីជំងឺ Lupus erythematosus ឡើយ។ តែរូបនាងស្លាប់បាត់បង់ជីវិត ដោយសារការគាំងបេះដូងភ្លាមៗ។ ការគាំងបេះដូងភ្លាមៗ ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា គឺវាមានល្បឿនលឿនខ្លាំង មិនធ្វើឲ្យឈឺចាប់ឡើយ គឺស្លាប់ភ្លាមៗ។


ពិធីបុណ្យសពរបស់ Kathy Chow ត្រូវបានធ្វើឡើងជាលក្ខណៈឯកជនដោយមានតែសាច់ញាតិ និងមិត្ដជិតស្និទ្ធចូលរួមប៉ុណ្ណោះ។ ចំណែកធាតុរបស់តារាស្រីរូបនេះត្រូវបានយកត្រឡប់មកហុងកុងវិញ ដែលជាទឹកដីកំណើតរបស់ខ្លួន។
ចំណែកសត្វចិញ្ចឹមជាទីស្រឡាញ់ Kathy Chow ទាំងអស់ត្រូវបានមិត្ដភក្ដិជិតស្និទ្ធរបស់នាងទទួលយកចិញ្ចឹម និងថែរក្សានៅឯទីក្រុងប៉េកាំងប្រទេសចិន។ ចំណែកទ្រព្យសម្បត្ដិរបស់នាងទាំងអស់បូករួមទាំងផ្ទះវីឡាដែលមានសរុបប្រមាណជាង ៥០ លានដុល្លារអាមេរិក នឹងត្រូវប្រគល់ឲ្យម្ដាយរបស់នាងជាអ្នកមើលថែរក្សា។


គួរបញ្ជាក់ថា នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ តារាស្រីហុងកុងជើងចាស់ Kathy Chow ត្រូវបានគេរាយការណ៍ថា បានទទួលមរណៈភាព ខណៈមូលហេតុការស្លាប់មិនត្រូវបានបញ្ជាក់ឡើយ។ ក្រោយមកក៏មានប្រភពជិតស្និទ្ធបង្ហើបថា រូបនាងមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ គ្រាន់តែត្រូវសង្គ្រោះនៅមន្ទីរពេទ្យ។ រហូតដល់ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៣ ភ្នាក់ងារតំណាងរបស់តារាស្រី Kathy Chow ក៏បានចេញប្រកាសពីដំណឹងមរណៈរបស់រូបនាង ដោយនាងបានលាចាកលោកនៅអាយុ ៥៧ ឆ្នាំ៕























Account
Security
Favourite Content