ARMY ជាក្រុមអ្នកគាំទ្រ BTS ដែលចាប់ផ្ដើមពីក្រុមមនុស្សតែប៉ុន្មាននាក់រហូតដល់ក្លាយក្រុមអ្នកគាំទ្រលំដាប់លេខមួយលើពិភពលោក។ មុននឹងមកដល់ពេលនេះទាំង BTS និង ARMY សុទ្ធតែបានឆ្លងកាត់រឿងជាច្រើនជាមួយគ្នានៅលើផ្លូវមួយនេះច្រើនមិនអស់ទាំងរឿងរីករាយ និងជូរចត់។ ដូច្នេះហើយនៅពេលអ្នកណាម្នាក់ជួបបញ្ហាអ្នកទាំងពីរតែងតែឈរជាមួយគ្នាដើម្បីការពារគ្នាទៅវិញទៅមករហូតដល់បង្កើតបានជាពាក្យថា ARMY ជាក្រុមអ្នកគាំទ្រដែលឆាប់ប្រតិកម្ម ឬ sensitive ជាដើម។ នេះបើយោងតាមការផ្សាយរបស់គេហទំព័រ Medium. ប៉ុន្តែមុននឹងសន្និដ្ឋានបែបនេះ យើងមកដឹងអំពីហេតុផលមួយចំនួននៅពីក្រោយខ្លះៗជាមុនសិន៖

១. អតីតកាលឈឺចាប់

គ្រាដំបូងដែល BTS បង្ហាញខ្លួនជាសិល្បករខេប៉ុប ពួកគេគ្រាន់តែក្រុមដែលមកពីក្រុមហ៊ុនតូចមួយជិតក្ស័យធុនប៉ុណ្ណោះ។ ពួកគេប្រឈមនឹងការមើលងាយសើចចម្អក ការដកកម្មវិធីសម្ដែងចេញ និងការចោទប្រកាន់មិនពិតយ៉ាងច្រើនសន្ធឹក។ ហេតុការណ៍នេះបានធ្វើឱ្យក្រុមអ្នកគាំទ្ររបស់ពួកគេដែលមានចាប់តាំងពីចំណុចផ្ដើមរហូតមកដល់ពេលនេះចងចាំទុកក្នុងចិត្តជានិច្ចទើបព្យាយាមការពារពួកគេតាមដែលអាចធ្វើទៅតាម។ ហេតុនេះហើយអ្នកគាំទ្រនាំគ្នាប្រែក្លាយស្មារតីនៃការការពារឱ្យក្លាយជាបេសកកម្មរួមគ្នា ដើម្បីការពារ BTS កុំឱ្យធ្លាក់ក្នុងស្ថានភាពលំបាកដូចមុនទៀត និងដើម្បីធានាថាគ្មាននរណាម្នាក់អាចមើលរំលងសមត្ថភាពពិតរបស់ពួកគេបានឡើយ។
២. ចំណងអារម្មណ៍ដ៏រឹងមាំ

ទាំង BTS និង ARMY គឺប្រៀបដូចជាកូនភ្លោះដែលមិនអាចខ្វះគ្នាបាន។ ជាក់ស្ដែងរៀងរាល់ពេលដែលBTS មានស្នាដៃជោគជ័យ ជារឿយៗពួកគេតែងតែលើកឈ្មោះរបស់អ្នកគាំទ្រជានិច្ចថាជាអ្នកដែលមានគុណសម្បត្តិក្នុងជំរុញឱ្យពួកគេផលិតស្នាដៃចេញមកយ៉ាងល្អ។ ចំពោះ ARMY ដែលជាអ្នកគាំទ្រវិញក៏តែងតែរំឮកអំពីឈ្មោះរបស់អាយដលខ្លួនដោយសារតែស្នាដៃតន្រ្ដីរបស់ពួកគេតែងតែយកចិត្តទុកដាក់និយាយអំពីសុខភាពផ្លូវចិត្ត និងការស្រឡាញ់ខ្លួនឯងដោយបើកចំហរ។ ការផ្ដល់អារម្មណ៍ល្អដល់គ្នាទៅវិញទៅមកបែបនេះទើបឱ្យអ្នកទាំងពីរក្លាយជាកូនភ្លោះ។
៣. ការប្រឆាំងនឹងភាពអយុត្តិធម៌


ការដើរតួជាខែលការពាររបស់ ARMY គឺជាការរួមកម្លាំងគ្នាការពារ BTS ពីការរើសអើង និងការមើលងាយថាជាក្រុមដែលគ្មានសមត្ថភាពពិត។ អ្នកគាំទ្របានប្រែក្លាយខ្លួនទៅជាអ្នកការពារអាយដលដោយបង្ហាញភស្តុតាងពីការនិពន្ធបទចម្រៀង និងសមិទ្ធផលនានាដើម្បីតបតទៅកាន់អ្នករិះគន់ និងបង្ខំឱ្យពិភពលោកទទួលស្គាល់ BTS ជាសិល្បករពិតប្រាកដជាជាងការនិយាយតបតដោយពាក្យសម្ដី។ ការធ្វើបែបនេះមិនត្រឹមតែដើម្បីការពារកិត្តិយសរបស់ BTS ប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីការពារតម្លៃនៃក្ដីស្រឡាញ់ និងជម្រើសរបស់ពួកគេផ្ទាល់ផងដែរ។
៤. អត្ដសញ្ញាណតែមួយ

នេះគឺជាការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងកិត្តិយសរបស់អាយដល និងមោទនភាពរបស់អ្នកគាំទ្រ។ នៅពេលដែល ARMY និយាយថា «ពួកយើងគឺជាមុខមាត់របស់ BTS» មានន័យថាពួកគេ និង BTS គឺជាធ្លុងមួយ។ ដូច្នេះ រាល់ការរិះគន់ ឬការវាយប្រហារលើ BTS មិនមែនប៉ះពាល់តែលើតារានោះទេ ប៉ុន្តែវាបានចាក់ដោតទៅដល់បេះដូង និងតម្លៃនៃសហគមន៍អ្នកគាំទ្រទាំងមូល។ ការការពារ BTS ក៏ជាការការពារតម្លៃ និងអត្តសញ្ញាណរបស់ខ្លួនឯងផងដែរ។
ដូច្នេះហើយជារឿយៗការការពារនេះមើលទៅហាក់ដូចជាហួសហេតុ ឬបង្កជាការបង្កជម្លោះជាមួយអ្នកដទៃ ប៉ុន្តែមូលហេតុពិតប្រាកដគឺកើតចេញពីក្ដីស្រឡាញ់ និងការបារម្ភ។ អ្នកគាំទ្រមើលឃើញសមាជិក BTS ជាមនុស្សដែលមានចិត្តស្មោះត្រង់ និងធ្លាប់ឆ្លងកាត់ការឈឺចាប់ច្រើនទើបពួកគេចង់ធ្វើជាខែល ដើម្បីធានាថាអាយដលរបស់ពួកគេនឹងទទួលបានការគោរព និងមិនត្រូវបានគេធ្វើបាប ឬមើលងាយទៀតឡើយ៕
























Account
Security
Favourite Content