Raymond Lam និងភរិយាតារាស្រី Carina បានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ប៉ុន្ដែដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ទើបធ្វើឱ្យអ្នកទាំងពីរខកខានរៀបការតាមប្រពៃណីម្ដងហើយម្ដងទៀត។ នៅចុងឆ្នាំ ២០២០ ស្វាមីភរិយាមួយគូនេះក៏បានប្រកាសពីដំណឹងល្អដល់មហាជនដោយទទួលបានចំណងដៃកូនស្រីម្នាក់។ ក្រោយរៀបការរួចតារាស្រី Carina បានលាឈប់ពីសិល្បៈ និងផ្ដោតលើការមើលកូនថែទាំគ្រួសារ។ ជារឿយៗ រូបនាងក៏បានចែករំលែកពីជីវិតដ៏មានសុភមង្គលជាមួយស្វាមី និងកូនតូចផងដែរ។


គិតមកដល់ពេលបច្ចុប្បន្ន កូនស្រីតូចរបស់តារាប្រុស Raymond Lam និងភរិយាតារាស្រី Carina មានអាយុប្រមាណជា ៣ ឆ្នាំហើយ។ ថ្មីៗ នេះ តារាស្រី Carina ក៏បានចែករំលែកពីសកម្មភាពនាង និងក្រុមគ្រួសារដើរលេងយ៉ាងសប្បាយរីករាយ មើលទៅមានក្ដីសុខខ្លាំង។ ក្នុងនោះដែរ ក៏បានបង្ហាញឱ្យឃើញពីកូនស្រីតូចដ៏គួរឱ្យស្រឡាញ់ខ្លាំង។ បើទោះជាមានពាក់ម៉ាសមែនប៉ុន្ដែកូនស្រីតូចរបស់អ្នកទាំងពីរនៅតែមើលទៅគួរឱ្យខ្នាញ់ខ្លាំង។ មហាជនជាច្រើនបានលើកឡើងថា នាងតូចមើលទៅស្រស់ស្អាតដូចម្ដាយរបស់នាងអ៊ីចឹង។ មែនទែនទៅ វាមិនមែនជាលើកទី ១ ទេ ដែលតារាប្រុស Raymond Lam និងភរិយានាំកូនតូចដើរលេងយ៉ាងសប្បាយរីករាយ ជារឿយៗ លោក និងភរិយាតែងកូនតូចដើរកម្សាន្ដទៅកន្លែងនានាជាមួយគ្នា។



គួរបញ្ជាក់ថា តារាប្រុស Raymond Lam ធ្លាប់បានលើកឡើងថា ជីវិតរបស់លោកមានការប្រែប្រួល និងស្រស់បំព្រងច្រើនក្រោយជួបជាមួយភរិយារបស់លោក។ នាងជាមនុស្សគួរឱ្យស្រឡាញ់ និងគោរព ជាពិសេសនាងចេះរៀបចំទុកដាក់ក្នុងគ្រួសារធ្វើឱ្យលោកមានអារម្មណ៍ថា លោកមានសំណាងបានជួបភរិយារបស់ខ្លួន Carina៕






























































Account
Security
Favourite Content