ភាពជោគជ័យនៃរឿងភាគ “រាជិនីសារព័ត៌មាន” បានជួយឱ្យតារាស្រីហុងកុង Charmaine Sheh និង Samantho Ko ឈ្នះបានពានរង្វាន់មាសពីកម្មវិធីពានរង្វាន់មាតិកាអាស៊ី Content Asia ឆ្នាំ២០២៤។
រៀបចំឡើងនៅទីក្រុងតៃប៉ិ កាលពីថ្ងៃទី៥ ខែកញ្ញា កម្មវិធីពានរង្វាន់ ContentAsia មានការចូលរួមបេក្ខភាពពីសិល្បករ ១៣ ប្រទេសទូទាំងទ្វីបអាស៊ីរួមមានចិន ឥណ្ឌា ម៉ាឡេស៊ី ថៃ កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី និងសិង្ហបុរីជាដើម។ ក្នុងកម្មវិធីនោះ តារាសម្ដែងស្រីវ័យ ៤៩ឆ្នាំ Charmaine Sheh បានឈ្នះពានរង្វាន់មាសផ្នែកតួឯកស្រីឆ្នើម តាមរយៈការសម្ដែងជាតួអង្គអ្នកសារព័ត៌មានក្នុងរឿង “Queen of News” ឬ “រាជិនីសារព័ត៌មាន” ដោយអាចយកឈ្នះតារាវ័យ ២៥ ឆ្នាំ Zhao Lusi ដែលបានឈ្នះពានរង្វាន់ប្រាក់ សម្រាប់ការសម្ដែងរឿង “Gen Z”។
លើសពីនេះ តារាស្រីក្នុងរឿង “រាជិនីសារព័ត៌មាន” មួយរូបទៀតគឺ Samantha Ko ក៏បានឈ្នះពានរង្វាន់មាសដូចគ្នាសម្រាប់ផ្នែកតួរងស្រីឆ្នើម ដោយបានឡើងទទួលពានរង្វាន់ក្នុងកម្មវិធីផ្ទាល់ ព្រមទាំងទទួលពានរង្វាន់ជំនួស Charmaine Sheh ផងដែរ។ ជាមួយភាពរីករាយ តារាស្រីវ័យ ៣៧ឆ្នាំរូបនេះសង្ឃឹមថាភាពយន្តភាគ “រាជិនីសារព័ត៌មាន” រដូវកាលទី២ នឹងកាន់តែទទួលជោគជ័យ ហើយនាងនឹងបន្តប្រឹងប្រែងធ្វើការកាន់តែខ្លាំងដើម្បីឆ្ពោះទៅរកពានរង្វាន់តួឯកស្រីឆ្នើម។
ត្បិតតែមិនបានចូលរួមកម្មវិធីផ្ទាល់ ប៉ុន្តែ Charmaine Sheh ក៏បានបង្ហាញអារម្មណ៍ថ្លែងអំណរគុណតាមរយៈបណ្ដាញសង្គមដោយសរសេរថា នាងពិតជារីករាយនិងមានកិត្តិយសខ្លាំងដែលបានទទួលពានរង្វាន់តួឯកស្រីឆ្នើមក្នុងកម្មវិធីពានរង្វាន់ Asia Content ឆ្នាំ២០២៤ និងបានអបអរសាទរដល់ Samantha ផងដែរ។
និយាយពីភាពយន្តភាគ “រាជិនីសារព័ត៌មាន” រដូវកាលទី២ Charmaine Sheh អះអាងថានាងក៏មិនទាន់ដឹងថាមានសាច់រឿងយ៉ាងណាដែរ ដោយនាងកំពុងអន្ទះសាចង់អាន Script ដូចគ្នា ខណៈការថតនឹងចាប់ផ្ដើមនៅឆ្នាំក្រោយ។ បច្ចុប្បន្ន តារាស្រីរូបនេះកំពុងមមាញឹកខ្លាំងក្នុងការថតពាណិជ្ជកម្ម និងកម្មវិធីទូរទស្សន៍ផ្សេងៗ ៕