តារាម៉ូដែលសម្បុរស្រអែមស្រស់ ប្រាសាទ ដាវីន កំពុងតំណាងកម្ពុជា ក្នុងកម្មវិធីប្រកួត Universal Woman International នៅក្រុងឌូបៃ ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៣។ ខណៈការប្រកួតកំពុងដំណើរការ ហើយការប្រកួតឈុតតំណាងជាតិកំពុងខិតជិតមកដល់ ក្នុងនោះឈុតតំណាងជាតិដែល ស្ដ្រីឯកចក្រវាលកម្ពុជា ២០២៣ ត្រៀមយកទៅបង្ហាញលើឆាកអន្តរជាតិ ក៏ត្រូវបានបើកបង្ហាញដូចគ្នាដែរ។
«អប្សរមេរា» ជាឈ្មោះឈុតតំណាងជាតិដែល ប្រាសាទ ដាវីន ត្រៀមនឹងបង្ហាញលើឆាកប្រកួត Universal Woman International នៅឌូបៃ ឆាប់ៗខាងមុខនេះ។ មេរា ជានាងទេពអប្សរាដែលមានរូបសម្រស់ស្រស់ស្អាត កេីតចេញពីការកូរសមុទ្រទឹកដោះរវាង អាសូរៈ និងទេវៈ ជាភាវៈអរូបី ជាព្រលឹងដួងវិញ្ញាណរបស់ស្ត្រីដែលផ្សំ រួមបញ្ចូលគ្នារវាងពពក និងទឹក។
តួឈុតធ្វេីឡេីងដោយការប្រេីប្រាស់ភាពស្រមេីលស្រមៃនៃនាងទេពអប្សរ ដោយយកលំនាំតាមចម្លាក់នាងអប្សរាអង្គរ ហើយការជ្រើសរេីសយកពណ៌ស គឺដើម្បីតំណាងឱ្យភាពបរិសុទ្ធ ស្មោះសរ សេរីភាព ថ្វាយអាទិទេព។ នេះបើយោងតាមការបង្ហោះរបស់ លោក ជួប វិចិត្រ ហៅ Skor Krob ជាអ្នកច្នៃម៉ូដឈុតតំណាងជាតិដ៏ចំណាន និងជាអ្នកច្នៃឈុត «អប្សរមេរា»។ អ្នកច្នៃម៉ូដឈុតតំណាងជាតិរៀបរាប់បន្តថា ឈុតនេះបានកែប្រែសម្រួលខ្លះឱ្យសមទៅតាមរូបរាងហ្នឹងភាពស្រស់ស្អាត សមល្មមតាមរូបរាងកាយ។



ក្រឡេកទៅមើល ប្រាសាទ ដាវីន វិញនោះ ពេលនេះអ្នកនាងកំពុងមានវត្តមានក្នុងការប្រកួតប្រជែងកម្មវិធីប្រកួត Universal Woman International ជាមួយបេក្ខភាពផ្សេងៗមកពីបណ្តាប្រទេសជុំវិញពិភពលោក។
មុនចេញទៅប្រកួតអតីត Freshie Girl ចំណាត់ថ្នាក់លេខ៣ ជំនាន់ទី៤ ឆ្នាំ ២០០៥ បានប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថា នាងជឿជាក់ថាខ្លួនឯងនឹងធ្វើបានល្អក្នុងការប្រកួតនេះ បើទោះបីជានាងមិនសូវមានពេលត្រៀមខ្លួនច្រើនយ៉ាងណាក្តី។ ជាក់ស្តែង ប្រាសាទ ដាវីន ពិតជាធ្វើបានល្អមែនក្នុងការប្រកួត ទាំងអាកប្បកិរិយា និងការរៀបចំខ្លួន គឺសមសួនគ្រប់កាលៈទេសៈការប្រកួតតែម្តង៕
























Account
Security
Favourite Content