សោភារូបស្រស់កូនកាត់ខ្មែរ-ថៃ កញ្ញា ភឹម ស្រីនោ បានធ្វើឱ្យអ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជា មានការភ្ញាក់ផ្អើលជាខ្លាំង ពេលនាងសម្រេចចិត្តដាក់ពាក្យចូលប្រកួតកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២៣ ឬ Miss Grand Cambodia 2023 ព្រោះនេះជាលើកទី៣ ដែលនាងចូលរួមប្រកួតកម្មវិធីសម្រស់ដ៏ធំនេះ ទោះការប្រកួត ២ លើកមុន មិនបានជោគជ័យក៏ដោយ។
អ្នកតាមដាន និងអ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជា លើកសរសើរទឹកចិត្ត ស្រីនោ ជាខ្លាំងដែលមិនចុះចាញ់ ហើយក្លាហានចូលប្រកួតជាថ្មីម្តងទៀត ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនឯង។


កន្លងទៅថ្មីៗនេះ កូនកាត់ខ្មែរ-ថៃ ស្រីនោ ទើបបញ្ចប់ការសម្ភាសន៍ផ្ទាល់ជាមួយគណៈកម្មការក្នុងវគ្គជម្រុះដំបូង ដោយពេលនេះនាងកំពុងរង់ចាំលទ្ធផលសម្រាប់បន្តដំណើរជាមួយបេក្ខភាពដទៃឆ្ពោះទៅកាន់ប្រកួតប្រជែងនាពេលដ៏ខ្លីខាងមុខនេះ។
ភឹម ស្រីនោ បានបង្ហាញភាពជឿជាក់ និងក្តីសង្ឃឹមថ្មីចំពោះការត្រឡប់មកវិញលើកនេះ ប៉ុន្តែនាងនៅតែមានភាពភ័យខ្លាច និងក្តីបារម្ភមួយចំនួនសម្រាប់ការប្រកួត។ ទោះជាយ៉ាងនេះក្តី នាងប្តេជ្ញាជម្នះភាពភ័យខ្លាចទាំងនោះ ព្រោះបើនាងមិនជម្នះនាងមិនអាចសម្រេចគោលដៅទៅរកភាពជោគជ័យក្នុងកម្មវិធី Miss Grand Cambodia 2023 បានឡើយ។
មិនឱ្យអ្នកគាំទ្រខកបំណង វិលចូលប្រកួត Miss Grand Cambodia លើកទី៣ បវរកញ្ញាកូនកាត់រូបស្រស់នេះ ត្រៀមមកជាស្រេច និងបានពង្រឹងបន្ថែមលើចំណុចខ្វះខាតពីការប្រកួតមុនៗ ឆ្ពោះទៅការដណ្តើមយកជយលាភីឆ្នាំនេះ។ បេក្ខភាពត្រៀមប្រកួត Miss Grand Cambodia 2023 លើកឡើងថា ការត្រឡប់មកវិញលើកនេះគឺខុសប្លែកពីរាល់ដង ដូច្នេះនាងចង់ឱ្យពុកម៉ែបងប្អូនតាមដានថា នាងនឹងមានអ្វីថ្មីប្លែកក្នុងឆ្នាំ២០២៣នេះ។


ដោយមើលឃើញថា ការប្រើប្រាស់ភាសាអង់គ្លេសរបស់ខ្លួនឯងនៅមានកម្រិត ស្រីនោ ក៏បានចូលរៀនភាសាអង់គ្លេសបន្ថែម ទៅលើផ្នែកនិយាយ ដោយសារនាងយល់ថា តុងការនិយាយរបស់នាងនៅមិនទាន់ល្អ ទើបនាងសម្រេចចិត្តចូលរៀនបន្ថែម ដើម្បីបង្កើនជំនឿចិត្តឱ្យខ្លួនឯងអំឡុងពេលប្រកួត។ ទោះបីជាពេលនេះនាងមានការប្តេជ្ញាចិត្តមុតមាំក៏ពិតមែន ក៏ស្រីស្រស់សោភា ភឹម ស្រីនោ នៅតែត្រូវការកម្លាំងចិត្ត ការលើកទឹកចិត្ត និងការគាំទ្រពីសំណាក់ពុកម៉ែបងប្អូន ព្រោះការប្រកួតប្រជែងមួយមិនអាចជោគជ័យដោយគ្មានមនុស្សជុំវិញខ្លួនជួយជ្រោមជ្រែងនោះទេ។
ភឹម ស្រីនោ មានអាយុ ២៤ ឆ្នាំ កម្ពស់ ១.៧០ ម៉ែត្រ ទម្ងន់ ៥២ គីឡូក្រាម។ នាងជាកូនកាត់ខ្មែរ-ថៃ និងអាចនិយាយបាន ៣ ភាសា គឺភាសាខ្មែរ ថៃ និងអង់គ្លេស (មធ្យម)។ ខណៈការប្រកួតកាន់តែខិតជិតមកដល់ ស្រីនោ ចាប់ផ្តើមមមាញឹកប្រូម៉ូតពីខ្លួនឯង និងបានលេចមុខក្នុងកម្មវិធីផ្សេងៗរបស់ស្ថាប័នគ្រប់គ្រង Miss Grand Cambodia 2023៕

























Account
Security
Favourite Content