កាលពីខែមីនាកន្លងទៅតួប្រុសក្នុងរឿង “Squid Game” គឺតារាជើងចាស់ Oh Young Soo ត្រូវបានតុលាការក្រុង Suwon កាត់ទោសឱ្យជាប់ពន្ធធនាគារយៈពេលប្រាំបីខែ និងព្យួរទោសរយៈពេល ២ ឆ្នាំពីបទបំពានផ្លូវភេទលើនារីម្នាក់កាលពីឆ្នាំ ២០១៧។ លើសពីនេះ លោកក៏តម្រូវឱ្យសិក្សាចំនួន ៤០ ម៉ោងអំពីអំពើហិង្សាលើផ្លូវភេទផងដែរ។

លុះដល់ថ្ងៃទី២៩ ខែសីហាកំលុងពេលសវនការនៅសាលាឧទ្ធរណ៍ផ្នែកព្រហ្មទណ្ឌរបស់តុលាការក្រុង Suwon មេធាវីរបស់ តារាសម្ដែង Oh Young Soo ក៏បានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ទៅកាន់តុលាការដោយអះអាងថាការកាត់ទោសលើកដំបូងគឺធ្ងន់ធ្ងរពេកសម្រាប់កូនក្ដីរបស់លោក។ មេធាវីចុងចោទបានលើកឡើងថាចុងចោទជាតួប្រុសវ័យ ៧៩ ឆ្នាំរូបនេះបានប្រឈមនឹងការវិនិច្ឆ័យពីសង្គមរួមទាំងត្រូវបានដកចេញពីខ្សែភាពយន្ដជាច្រើនក្រោយមានរឿងអាស្រូវ។
លើសពីនេះមេធាវីរបស់ Oh Young Soo បានបន្ថែមថាពួកគេមិនទាន់សម្រេចនៅឡើយទេថាត្រូវអញ្ជើញជនរងគ្រោះមកជាសាក្សី ខណៈតុលាការបានឆ្លើយតបនឹងដំណើរការសវនការក្នុងពេលក្រោយ និងសម្រេចចិត្តថាត្រូវហៅជនរងគ្រោះមកធ្វើជាសាក្សីដែរ ឬយ៉ាងណា។ ក្នុងនោះក៏មានវត្តមានមេធាវីរបស់ជនរងគ្រោះជាដើមចោទផងដែរ។ ដូច្នេះហើយរឿងក្ដីឧទ្ធរណ៍បំពានផ្លូវភេទនឹងត្រូវបន្ដ ឬសម្រេចបែបណាតុលាការគ្រោងនឹងដំណើរការសវនការនៅថ្ងៃទី២៩ ខែតុលាខាងមុខឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ ២០២២ តារាសម្ដែង Oh Young Soo ត្រូវបាននារីម្នាក់ចេញមុខប្ដឹងថាលោកធ្លាប់បានបំពានផ្លូវភេទទៅលើនារីម្នាក់ដោយមិនមានការយល់ព្រមពីសាមីខ្លួន។ ក្រោយដំណើរការសវនការជំនុំជម្រះនៅសាលាដំបូងរួច លោកត្រូវបានសម្រេចទោសដូចបានលើកឡើងខាងលើ។ អ្វីដែលកាន់តែគួរឱ្យសោកស្ដាយនោះគឺស្នាដៃសមិទ្ធផល និងកេរ្ដិ៍ឈ្មោះរបស់តារាសម្ដែង Oh Young Soo គឺត្រូវបានបំផ្លាញអស់ទាំងស្រុង បន្ទាប់ទទួលបានភាពជោគជ័យក្នុងការសម្ដែងជាតួអង្គ Player 001 ក្នុងរឿង “Squid Game” របស់ Netflix កាលពីឆ្នាំ ២០២១៕























































Account
Security
Favourite Content